មនុស្សពេញវ័យម្នាក់ក្នុងចំណោមពីរនាក់ដែលមានបំណុលមានបញ្ហាសុខភាពផ្លូវចិត្ត ។ ទន្ទឹម នឹងនោះមនុស្សម្នាក់ក្នុងចំណោមបួននាក់ ដែលមានបញ្ហាសុខភាពផ្លូវចិត្តក៏ធ្លាក់ក្នុងបំណុលផងដែរ ។
នេះបើតាមការផ្សាយរបស់មហាវិទ្យាល័យ Royal Colleagues of Psychiatrists នៅចក្រភពអង់គ្លេស។ មហាវិទ្យាល័យយល់ថា បំណុលធ្វើអោយមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត ហើយទន្ទឹមនោះ បញ្ហាផ្លូវចិត្តក៏អាចធ្វើអោយមនុស្សធ្លាក់ក្នុងបំណុលវិញផងដែរ ។ បំណុលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មានកំហុស ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹម ។ ប៉ុន្តែការដោះស្រាយបញ្ហាលុយកាក់អាចជួយអ្នកឱ្យមានអារម្មណ៍ល្អប្រសើរឡើង ហើយនៅមានសុខភាពល្អ ។

លោកវី សា ជាពលរដ្ឋម្នាក់រស់នៅភ្នំពេញបានសារភាពលោកកំពុងមានបញ្ហារឿងបំណុល គឺលោកគ្មានលទ្ធភាពសងប្រាក់ទៅធនាគារ ។ ដូច្នេះ វាបានធ្វើអោយលោកពិបាកចិត្តជាខ្លាំង ។
លោកថា លោកបានខ្ចីប្រាក់ពីធនាគារចំនួន៦ម៉ឺននាក់ ដើម្បីទិញផ្ទះមួយកន្លែងទុកយកចំណេញ ដោយត្រូវបង់ធនាគារប្រមាណ៦០០ដុល្លារក្នុងមួយខែ ។
កាលពេលពីទិញផ្ទះដំបូង លោកគិតថា នៅក្នុងរយៈពេល១ឆ្នាំនឹងលក់ផ្ទះនោះទៅវិញ ដែលអាចចំណេញប្រាក់បន្តិចបន្តូច ។ វាជាទម្លាប់ការរកទទួលទានរបស់លោកច្រើនឆ្នាំមកហើយ។ ជាអកុសល ឆ្នាំ២០១៩ មានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩ លោកមិនអាចបង្វិលថវិកា សងធនាគារវិញបាន ដោយសារផ្ទះលក់មិនចេញ។ ផ្ទះលោកវី សា លក់មិនចេញរហូតមក ដល់សព្វថ្ងៃនេះ ធ្វើឱ្យមានអារម្មណ៍ស្មុគស្មាញ ខ្វាយខ្វល់ពីបញ្ហាបំណុលនេះ ។

បុរសវ័យ៥២ឆ្នាំរូបនេះនិយាយថា «រៀងរាល់ខែខ្ញុំមានបញ្ហាសេដ្ឋកិច្ច ខ្ញុំបានយឺតយ៉ាវសងទៅធនាគាររាល់ខែដោយសារខ្វះថវិកា ។ ខ្ញុំនិងភរិយាត្រូវបូកបញ្ចូលប្រាក់ខែគ្នា ទើបបង់ធនាគារបានពីព្រោះប្រាក់ខែយើងទទួលបានត្រូវបែងចែកជាច្រើនចំណែក សម្រាប់ចំណាយប្រចាំថ្ងៃផង សម្រាប់កូនរៀនផង ហើយត្រូវបង់ធនាគារទៀត» ។
បុរសដែលជាមន្ត្រីរាជការរូបនេះបានបញ្ជាក់ថា ទោះលោកគ្មានលទ្ធភាពសងទៅធនាគារយ៉ាងណា ក៏ខាងធនាគារគ្មានការយោគយល់ឡើយ ។ លោកថា នៅពេលលោកគ្មានប្រាក់បង់ខាងធនាគារ បានទូរស័ព្ទមកដាស់តឿនជានិច្ចហើយ ខែខ្លះលោកត្រូវធ្វើកិច្ចសន្យា ដើម្បីកំណត់ពេលជាក់លាក់មួយ ក្នុងការបង់ប្រាក់ ។ ប៉ុន្តែអ្វីដែលសំខាន់ គឺយឺតរហូតដល់ពេលណាក៏ដោយ ធនាគារបានបូកការប្រាក់បញ្ចូល ជាដរាប គ្មានការលើកលែងនោះទេ ។

បំណុលឯកជននៅក្នុងប្រព័ន្ធនាគារ ត្រូវគេដឹងថា មានកំណើនខ្ពង់គួរឱ្យព្រួយបារម្ភ ។ ជាពិសេស ពលរដ្ឋមួយចំនួនបានសារភាពថា ពិបាកនៅក្នុងការរកប្រាក់សងធនាគារវិញ នៅពេលមានវិបត្តិសេដ្ឋកិច្ចនោះ ។
ថ្មីៗនេះ មានការរកឃើញថា ពលរដ្ឋជាច្រើនបានចំណាយលើសពី៧០%នៃចំណូលរបស់ខ្លួនដើម្បីសងបំណុលធនាគារ ដែលតាមគោលការណ៍សេដ្ឋកិច្ច គេមិនអនុញ្ញាតឱ្យមានការចំណាយលើសពី៥០%ទៅលើបំណុលនោះឡើយ ។
អ្នកខ្លះបានមើលឃើញថា បញ្ហាហិរញ្ញជាកង្វល់របស់មនុស្សគ្រប់រូបជាប្រចាំថ្ងៃ ហើយនៅពេលការរកចំណូលលំបាក ការចំណាយច្រើន ពិសេស មានជាប់បំណុលគេទៀតនោះ វានឹងធ្វើឱ្យមនុស្សមានអារម្មណ៍តានតឹងខ្វល់ខ្វាយ អាចទៅជាការបាក់ទឹកចិត្ត ។

បញ្ហាបំណុលមិនខុសពីបញ្ហាសង្គមផ្សេងៗទៀតនោះទេ ដូចជាការស្ទះចរាចរណ៍ លើដងផ្លូវជាដើម ដែលកើតញឹកញាប់រាល់ថ្ងៃទៅនោះ វានិងប៉ះពាល់ដល់ សុខភាព ផ្លូវចិត្តពលរដ្ឋ។ លោកវីសា ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ បានទទួលស្គាល់រាល់ថ្ងៃលោកមានអារម្មណ៍ ខ្វាយខ្វល់រឿងបំណុលនេះរាល់ថ្ងៃ។
លោកនិយាយថា «ខ្ញុំជឿថា វាអាចមានសម្ពាធកាន់តែធ្ងន់ នៅពេលដែលយើងអស់លទ្ធភាពរកចំណូលនោះហើយចុងក្រោយយើងប្រាកដជាមានជំងឺផ្លូវចិត្ត» ។
ការគិតច្រើន បារម្ភ បញ្ហាស្មុគស្មាញនៅក្នុងសង្គម បញ្ហាគ្រួសារដែលនៅក្នុងនោះមាន បញ្ហាហិរញ្ញវត្ថុដែលនោះ សុទ្ធសឹងជាដើមហេតុដែលអាចនាំឱ្យមនុស្សបាក់ទឹកចិត្ត និងអាចកើតជំងឺផ្លូវចិត្ត។ នេះបើតាមអ្នកជំនាញ ៕
សរសេរ ដោយ សារ៉ាន់
កែសម្រួលដោយ ប្រេ វីន

ចែករំលែកព័តមាននេះ