រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីនៅថ្ងៃទី១៨ ឧសភា នេះ បានបញ្ជូនជនសង្ស័យ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមាន២នាក់ជាប់ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន និងមនុស្ស៤នាក់ទៀតពាក់ព័ន្ធក្នុងការបិទបាំងបទល្មើស ។
ជនសង្ស័យជួញដូរគ្រឿងញៀនទាំង២នាក់ ម្នាក់ឈ្មោះលី ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានដើមកំណើតនៅស្រុកចាំង ខេត្តយិនយ៉ូវ ប្រទេសវៀតណាម មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះជា ខូយ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ២AEo ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរបើកហាងលក់កាហ្វេ យីហោកាសា និងមានមុខរបរមួយទៀតសម្រាប់ការបិទបាំងជំនួញគ្រឿងញៀន គឺបើករថយន្តតាក់ស៊ីដឹកស្ត្រីបាពេលយប់ មិនខុសពីឈ្មោះលី ធឿន ដែរ រត់ម៉ូតូឌុប លាក់បាំងការនាំគ្រឿងញៀនចែកចាយតាមរង្គសាល និងហាងកាហ្វេទេ ។
រីឯ៤នាក់ ១-ឈ្មោះចាន់ រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះប្រាក់ កុសល ភេទប្រុស អាយុ២៨ឆ្នាំ ៣-ឈ្មោះប៊ុត រតនា ភេទប្រុស អាយុ៣១ឆ្នាំ និង៤-ឈ្មោះឌិន វ៉ាន់អា ភេទប្រុស អាយុ៦០ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅហាងលក់កាហ្វេកាសា ឈ្មោះជា ខូយ ពាក់ព័ន្ធលាក់បាំងបទល្មើស ។ ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជូនទាំងវត្ថុតាងរួួមមានរថយន្តម៉ាកកូរ៉ូឡា ១គ្រឿង ម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១០ មួយគ្រឿង ថ្នាំញៀនប្រភេទអេរ៉ូអុីន១២កញ្ចប់ និងប្រាក់មួយចំនួន ។
ទាក់ទិនករណីខាងលើនេះ លោកវរសេនីយ៍ត្រីទៀង ច័ន្ទសារ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឱ្យដឹងថា នេះជាការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏សកម្មមួយដែលជនសង្ស័យយកមុខរបររត់តាក់ស៊ីធ្វើជារូបភាពបិទបាំងបទល្មើស ។ លោកទៀង ច័ន្ទសារ បានបន្តថា ករណីនេះត្រូវកម្លាំងជំនាញរបស់លោកតាមប្រមាញ់យូរខែមកហើយ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទូច ណារ៉ុថ ស្នងការ និងលោកឧត្តមសេនីយ៍បែន រ័ត្ន ស្នងការទទួលបន្ទុកជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយការបង្ក្រាបនេះក៏មានការចូលរួមពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
សកម្មភាពដែលគួរឱ្យកត់សម្គាល់នោះឃើញថា ឈ្មោះលី ធឿន មុខរបររត់ម៉ូតូឌុប គឺឌុបស្រីបាពេលយប់ បានដាក់ថ្នាំញៀនតាមខ្លួននៅពេលណាក្រុមស្រីបាទាំងនោះត្រូវការទិញគេលក់ឱ្យភ្លាម ។ មិនខុសពីឈ្មោះជា ខូយ ទេ មានមុខរបរបើកហាងលក់កាហ្វេ ប៉ុន្តែគេក៏ចាប់យកមុខរបរមួយទៀតគឺរត់តាក់ស៊ីដឹកស្រីតាមរង្គសាល ពេលយប់ដែរ ។ ជា ខូយ បានដាក់ថ្នាំញៀននៅក្នុងរថយន្តជាប្រចាំនៅពេលម៉ូយទាក់ទងតាមទូរស័ព្ទមកទិញ គេចេញទៅលក់ឱ្យតាមការណាត់ ដែលរូបភាពនេះសមត្ថកិច្ចមិនបានចាប់អារម្មណ៍ គិតថា គេដឹកជញ្ជូនមនុស្សធម្មតា ។ រូបភាពទាំង២ខាងលើនេះជារឿងគ្រោះថ្នាក់ណាស់ បើយើងមិនបង្ក្រាបឱ្យទាន់ពេលវេលានោះទេ។ បានជាហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះជនសង្ស័យបានប្រើល្បិចខ្ពស់ នាំយកគ្រឿងញៀនទៅលក់តាមក្លឹបកម្សាន្តធំៗ ឬហាងកាហ្វេ បង្កការគ្រោះថ្នាក់ដល់ស្រទាប់យុវវ័យបំផុត ខុសពីជនប្រព្រឹត្តធម្មតាដែលមានមធ្យោបាយជិះម៉ូតូឌុបយកគ្រឿងញៀនទៅលក់ ។
លោកទៀង ច័ន្ទសារ បានឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនដែលគេបាននាំទៅលក់តាមក្លឹបកម្សាន្តនោះគឺបានបន្តទិញពីឈ្មោះតាយ ជាជនជាតិចិន និងស្ត្រីវៀតណាមម្នាក់ទៀត ដែលពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ