ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធិប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស ជា​មូលដ្ឋាន​គ្រឹះ​ នៃ​សណ្តាប់​ធ្នាប់​នយោបាយ​ទំនើប​ នៃ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម​និ​ត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​គូស​បញ្ជាក់ថា​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ជា​មូលដ្ឋាន​គ្រឹះ​ នៃ​សណ្តាប់​ធ្នាប់​នយោបាយ​ទំនើប ​នៃ​កម្ពុជា ​។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​ថ្លែង​ក្នុង​ព្រះរាជ​ពិធី​អបអរសាទរ​ ទិវា​រំលឹក​ខួប​៣០​ឆ្នាំ ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា នា​ព្រឹក​ថ្ងៃ​ទី​៦ ​ខែតុលា​ ឆ្នាំ​២០២៣​ នៅ​សា​លាម​ហោ​ស្រប​កោះ​ពេជ្រ​ ថា ​ប្រទេស​កម្ពុជា ​ប្រកាន់​របប​ប្រជាធិបតេយ្យ ​សេរី ពហុបក្ស​ ហើយ​កម្ពុជា​ សម្រេច​បានជំហាន​វឌ្ឍនភាព​ថ្មី​ៗ​ តាម​រយៈ​ការ​អនុវត្ត​និ​យាម​គោលការណ៍​ធម្មនុញ្ញ​សំខាន់ ​ដូច​ជា ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា ​នៃ​ប្រទេស​ជាតិ អំណាច​ទាំងអស់​ ជា​របស់​ប្រជាពលរដ្ឋ ប្រើ​តាមរយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលា​ជម្រះក្ដី​។
អំណាច​ទាំង​បី​ មាន​សមត្ថកិច្ច​ដាច់​ពី​គ្នា អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ​ មានគោលការណ៍រក្សា​តុល្យភាព​ទៅ​វិញ​ទៅ​មក គឺ​រដ្ឋសភា ​ផ្តល់​សេចក្តី​ទុកចិត្ត​ បង្កើត​រាជរដ្ឋាភិបាល រដ្ឋសភា​មិនអាច ​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ករណី​រាជ រដ្ឋាភិបាល ​ត្រូវ​បាន​ទម្លា​ក់​ពីរ​ដង ​ក្នុង១២​ខែ ​។

ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​ បាន​លើក​ឡើង​ថា​ កម្ពុជា​ប្រតិបត្តិ​របប​បោះ​ឆ្នោត​ពហុបក្ស ដោយ​រក្សា​បាន​ នូវ​ភាព​ចម្រុះ​ជា​ពហុបក្ស ជា​លំហ​សេរីភាព នយោបាយ និង​ធានា​រក្សា បាន​នូវ​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ ។

ឯកឧត្តម​បណ្ឌិត​ បាន​បន្ថែម​នយោបាយ​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស​ បាន​និងកំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​នយោបាយ​កម្ពុជា និង​កំពុង​វិ​វត្ត​ឈាន​ឡើងជា​ជំហាន​ៗ ដូច​តទៅ​ ៖ ជំហាន​វឌ្ឍនភាព​ទី​១ ៖ អំណាច​ថ្នាក់​ជាតិ​ ត្រូវ​បាន​បែងចែក​ទៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ជំរុញ ​និង​លើកកម្ពស់​ការ​អភិវឌ្ឍ​តាម បែប​ប្រជាធិបតេយ្យ​ ថ្នាក់​ក្រោម​ជាតិ ផ្អែក​តាម​គោល​ការណ៍​ជា​មូលដ្ឋាន ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ។

ជំហាន​វឌ្ឍនភាព​ទី​២ ៖ របប​ប្រជាធិបតេយ្យ​សភា ផ្អែក​លើ​ស្មារតី​សម្ព័ន្ធ​ភាព​នយោបាយ​ទូលាយ​ជា​នីតិវិធី​កំណត់​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា កូរ៉ុម​សម័យប្រជុំ​រដ្ឋសភា និង​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ក្នុង​គោលបំណង​បង្កើត​វប្បធម៌​សន្ទនា​រវាង​ដៃគូ​នយោបាយ​ ។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​សម្ព័ន្ធភាព​ជា​ដៃគូ​ល្អ និង​វប្បធម៌​សន្ទនា ពុំ​ជាប់លាប់ អាស្រ័យ​ចរិត​នយោបាយ ជ្រុលនិយម នាំ​ឲ្យ​មានការ​ជាប់​គាំងដំណើរ​ការ​រៀបចំ​រាជរដ្ឋាភិបាល និង​អ​ស្ថិរភាព​សង្គម ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​នីមួយ​ៗ»​ ។

ឯកឧត្តម​កិត្ត​នីតិ​បណ្ឌិត​ បាន​លើក​ឡើង​ទៀត​ថា ​ជំហាន​វឌ្ឍនភាព​ទី​៣ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​កែទម្រង់​ឱ្យ​មាន​កម្រិត​ជា​ស្ថាប័ន​ធម្មនុញ្ញ​។ ដើម្បី​ធានា​ជំនឿ​ទុកចិត្ត​លើស មាស​ភាព​ចម្រុះ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំណត់​ឱ្យ​គណបក្ស​មាន​អាសនៈ ក្នុង​រដ្ឋសភា ជា​អ្នក​រៀបចំ​ផ្ទាល់​នូវ​សមា​សភាព នៃ​គណៈកម្មាធិការ​នេះ និង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ​។

ជំហាន​វឌ្ឍនភាព​ទី​៤ ៖ នេះ​ជា​ជំហាន​ពង្រឹង​សណ្ដាប់ធ្នាប់​គណបក្ស​នយោបាយ តាម​រយៈ​ការ​កំណត់​ដែន​បន្ទាត់ក្រហម ទាក់ទង​នឹង​កាតព្វកិច្ច​តម្រូវ ចំពោះ​គណបក្ស​នយោ​បាយ​នីមួយ​ៗ ដែល​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​ ។

ជំហាន​វឌ្ឍនភាព​ទី​៥ ៖ ជា​ការ​រៀបចំ​ពង្រឹងស្មារតី​ស្នេហា​ជាតិ​មាតុភូមិ តាម​រយៈ​ការ​កំណត់​លក្ខណសម្បត្តិ ត្រូវ​មានសញ្ជាតិ​ខ្មែរ​ពី​កំណើត​តែ​មួយ​គត់ សម្រាប់​មុខ​តំណែង​មេ​ដឹក​នាំ​កំពូល​នៃ​ស្ថាប័ន​ធម្មនុញ្ញ​របស់​ជាតិ ​។

ជំហាន​វឌ្ឍនភាព​ទី​៦ ៖ ជា​ការ​បំពេញ​ចន្លោះ​ខ្វះខាត​ នៃ​នីតិវិធី​ធម្មនុញ្ញ ដើម្បី​ធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ជាពិសេស​អំណាចនីតិប្រតិបត្តិ មានដំណើរ​ការ​ប្រ​ព្រឹត្តទៅ​ដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព​ ៕