ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ឡានដឹក​ទំនិញ​ធំ​ៗ​មិន​ឱ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​៣១៣ (ទំនប់​បង្ហៀរ​បឹង​ស្នេហ៍) ​ខណៈ​ផ្លូវ​នេះ​ត្រូវ​ទឹក​ជន់​លិច

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ព្រៃវែង ៖ ស្រប​ពេល​ដែល​ទឹកជំនន់​កំពុង​ចាប់ផ្តើម​កើនឡើង​បន្តិច​ម្តង​ៗ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​

ខេត្ត​ព្រៃវែង ៖ ស្រប​ពេល​ដែល​ទឹកជំនន់​កំពុង​ចាប់ផ្តើម​កើនឡើង​បន្តិច​ម្តង​ៗ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែរ​ថែម​ទៀត ទើប​ធ្វើ​អោយ​កំពស់​ទឹក​ហក់​ឡើង​លឿន រហូត​ជន់​លិច​តាម​វាល​បឹង និង​វាលទំនាប​នានា ជាមួយ​គ្នា​នោះ​ដែរ កំណាត់​ផ្លូវ​ខេត្ត​លេខ​៣១៣ ត្រង់​ចំណុច​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ផង​ដែរ ដែល​បញ្ហា​នេះ វា​មិន​ត្រឹមតែ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ក៏​ប្រឈម​នូវ​គ្រោះថ្នាក់​ផង​ដែរ​។

លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ដើម្បី​ការពារ​កុំអោយ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ទៅ​លើ​បងប្អូន​អ្នកដំណើរ​ពេល​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​នេះ នៅ​ថ្ងៃ​ទី​៤ ​តុលា មន្ទីរ​សាធារណៈការ​ខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ ដោយ​ហាមឃាត់​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ មិន​អោយ​ចរាចរណ៍​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​លេខ​៣១៣​នេះ​ទៀត​ទេ ដោយ​បាន​ដាក់​ផែនទី​បង្ហាញ តម្រូវ​អោយ​រថយន្ត​ធំ​ៗ​ទាំងអស់ ត្រូវ​បើក​វៀង​តាម​ទីប្រជុំជន​អ្នក​លឿង​ជា​បណ្តោះអាសន្ន​សិន រហូត​ដល់​មានការ​ជូនដំណឹង​សា​ជា​ថ្មី​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ការ​ហាមឃាត់​នេះ ផ្តោត​ទៅ​លើ​តែ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​រថយន្ត​តូច​ៗ​លក្ខណៈ​គ្រួសារ គឺ​នៅ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា​។

ដោយឡែក​សំរាប់​បងប្អូន​​ប្រជា​ពលរដ្ឋ ជា​អ្នក​លក់ដូរ​ចំណីអាហារ នៅ​តំបន់​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍​នេះ​វិញ បែរជា​និយាយ​ទាំង​អារម្មណ៍​សប្បាយ​រីករាយ​ថា ពួក​គាត់​ចង់អោយ​មានទឹក​លិច​ផ្លូវ​បែប​នេះ ព្រោះ​ពេល​ទឹក​លិច មាន​មនុស្ស​ម្នា​មក​លេង​ទី​នេះ​ច្រើន ហើយ​ក៏​ធ្វើ​អោយ​ពួក​គាត់​លក់ដាច់​ខ្លាំង​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ