ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀន នៅថ្ងៃទី៥តុលាស្អែកនេះ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព»។ ពិធីជួបជុំនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទិវាគ្រូបង្រៀន ថ្ងៃ៥តុលា នៅឆ្នាំនេះ នឹងប្រារព្ធឡើង ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព”។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះ ក្រសួង នឹងរៀបចំកម្មវិធី ដូចខាងក្រោម៖ ១-ពិធីប្រគល់ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ «ផ្នែកស្មូតកំណាព្យ» និងពានរង្វាន់សម្តេចសង្ឃរាជ ជួន ណាត «ផ្នែកតែងនិពន្ធ» ដល់ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣។ ២-បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ នៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២២។ ៣-បឋកថា ស្តីពី «បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សា ឆ្ពោះទៅរកឧត្តមភាព» និង៤-វេទិកាតុមូល លើប្រធានបទ «ទស្សនៈរួម ស្តីពី សាលារៀនគំរូ»។
សូមបញ្ជាក់ថា ទិវាគ្រូបង្រៀន ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីបំផុសនូវគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស អោយរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មាន អោយសិស្សានុសិស្ស ធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕

ចែករំលែកព័តមាននេះ