រាជធានីភ្នំពេញ ៖ មហាវីថីសហព័ន្ធរុស្ស៊ីតែងតែជួបបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ព្រឹក-ល្ងាច ខណៈពេលដែលប្រជាពលរដ្ឋ, មន្ត្រីរាជការជាដើម បានចាកចេញពីលំនៅឋានទៅធ្វើការប្រកបមុខរបរកស៊ី និងវិលត្រឡប់ចូលលំនៅឋានវិញ ។

ការកកស្ទះនេះ ជាការកត់សម្គាល់តែងតែកើតមាននៅចំណុចមុខស្រាបៀរអង្គរ និងមុខសាលាសង្កាត់ កាកាប១ក្នុងមូលដ្ឋាន ខណ្ឌពោធិសែនជ័យ និងចំណុចស្ពានអាកាសផ្សារដីហុយ រហូតដល់ស្តុបក្រុមហ៊ុនតូយ៉ូតាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយការកកស្ទះទៀតសោតទៅតាមគន្លងផ្លូវ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចលើស្ពានអាកាសផ្សារដីហុយបានកកស្ទះយ៉ាងខ្លាំងចាប់តាំងពីគល់ស្ពានខាងលិចមុខក្រសួងពាណិជ្ជកម្ម រហូតដល់ស្តុបក្រុមហ៊ុនតូយ៉ូតា ។ ការកកស្ទះនេះ តែចំណែកគន្លងម្ខាងចូលរាជធានីភ្នំពេញ គឺចាប់ពីវេលាម៉ោងប្រមាណ៧ព្រឹក រហូតដល់ម៉ោងប្រមាណ៨និង៣០ព្រឹក ។

តាមប្រជាពលរដ្ឋម្នាក់បានអោយកោះសន្តិភាពដឹងថា លោកបានធ្វើដំណើរតាមម៉ូតូចេញពីម្តុំអាកាសដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៧ និង៣០នាទីចូលរាជធានីភ្នំពេញទៅម្តុំសន្ធរម៉ុក តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានកកស្ទះចរាចរណ៍យ៉ាងខ្លាំង គឺចំណាយពេលប្រមាណជិត១ម៉ោងឯណោះ ។

លោកក៏បានបញ្ជាក់ថា ជារៀងរាល់ព្រឹកនិងល្ងាច មហាវិថីសហព័ន្ធរុស្ស៊ីបានកកស្ទះយ៉ាងខ្លាំងដោយសារតែពេលព្រឹកប្រជាពលរដ្ឋក៏បានធ្វើដំណើរចូលរាជធានីភ្នំពេញទៅធ្វើការប្រកបមុខរបររកស៊ី ហើយនៅពេលល្ងាចក៏បានត្រឡប់ទៅផ្ទះវិញ ។ លោកមានការធុញទ្រាន់នឹងការធ្វើចរាចរណ៍តាមដងផ្លូវនេះខ្លាំងណាស់ ព្រោះតែងតែស្ទះចរាចរណ៍រាល់ថ្ងៃ ។ បញ្ហានេះ ត្រូវបានគេដឹងថា បណ្តាលមកពីកំណើនយានយន្ត និងមនុស្ស រួមជាមួយប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរមិនបានគោរពច្បាប់ចរាចរណ៍ និងការលក់ដូរ ឈប់ចតគ្មានសណ្តាប់ធ្នាប់ជាដើម។

ទន្ទឹមនឹងនោះ មហាជនក៏បានរិះគន់ដល់រដ្ឋាបាលរាជធានីភ្នំពេញ មិនបានយកចិត្តទុកដាក់ និងគិតគូរពន្លឿននៅក្នុងការស្ថាបនាផ្លូវបេតុងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ចៀសការកកស្ទះ និងសម្រួលចរាចរណ៍តាមមហាវិថីសហព័ន្ធរុស្ស៊ី ដោយទុកផ្លូវដ៏មានអាទិភាពនេះ ចាប់ពីតំបន់ត្រឡោកបែក រហូតដល់មុខវត្តតាំងកសាងអោយ នៅជាផ្លូវដីមិនអាចធ្វើដំណើរបាន ។

ប្រជាពលរដ្ឋក៏បានអោយដឹងថា បើសិនជាស្ថាបនាផ្លូវ២ខ្សែអមតាមផ្លួវរថភ្លើង អាចកាត់បន្ថយការកកស្ទះចរចរណ៍តាមមហាវិថីសហព័ន្ធរុស្ស៊ី ព្រោះទិសដៅចរាចរណ៍បច្ចុប្បន្នគីប្រជាពលរដ្ឋដែលរស់នៅភាគខាងលិច បានជ្រើសយកមហាវិថីសហព័ន្ធរុស្ស៊ីជាអាទិភាព ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញមានគម្រោងស្ថាបនាផ្លូវបេតុងតាមផ្លូវរថភ្លើងនេះ តែបានពន្យារពេលរហូតមិនដឹងថា ឆ្នាំណានោះទេ ខណៈពេលដែលផ្លូវមួយចំនួនទៀត បានរុះរើវាយរបងពង្រីកផ្លូវហើយទុកចោលរាប់ឆ្នាំមកហើយមិនធ្វើ នៅពេលប្រជាពលរដ្ឋសួរនាំអាជ្ញាធរថា អត់លុយ?







ចែករំលែកព័តមាននេះ