ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ ដាក់​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០២៧

6 ខែ មុន

ថៃ ៖ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) នាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​

ថៃ ៖ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) នាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា រដ្ឋាភិបាល​លោក​នឹង​ប្រែក្លាយ​ប្រទេស​ថៃ ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០២៧​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​គោលនយោបាយ​មួយ​ទៅ​កាន់​ប្រមុខ​ទីភ្នាក់ងារ​រដ្ឋាភិបាល ទាក់ទង​នឹង​ថវិកា​សារពើពន្ធ​ឆ្នាំ ២០២៤ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ថា សេដ្ឋកិច្ច​ថៃ នឹង​កើន​ឡើងជា​មធ្យម ៥% ក្នុង​១​ឆ្នាំ ហើយ​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​អប្បបរមា​នឹង​មាន​ចំនួន ៦០០​បាត ឬ​ស្មើនឹង ១៦.១២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ នៅ​ឆ្នាំ​២០២៧​។

នៅ​ក្នុង​ជំហាន​ដំបូង ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ត្រូវ​បាន​ដំឡើង​ដល់ ៤០០​បាត ស្មើនឹង ១០.៧៥​ដុល្លារ​ក្នុង​១​ថ្ងៃ ហើយ​ប្រាក់ខែ​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នឹង​មាន​ចំនួន ២៥,០០០​បាត ស្មើនឹង ៦៧២​ដុល្លារ​ក្នុង​១​ខែ ដែល​នេះ​ជា​ផ្នែក នៃ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ខណៈ​ដែល​រដ្ឋាភិបាល​ថៃ នឹង​អាច​ប្រមូល​ពន្ធ​បាន​ច្រើន សម្រាប់​ការ​វិនិយោគ​បន្ថែម​ទៀត​។ នាយក​រដ្ឋមន្ត្រី​ថៃ បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​នឹង​ផ្តល់​អាទិភាព​ដល់​ការ​បង្កើន​ប្រាក់​ចំណូល ការ​កាត់​បន្ថយ​ការ​ចំណាយ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេល​ខ្លី​។

វិធានការ​ជំរុញ​សេដ្ឋកិច្ច​ដ៏​លេចធ្លោ​របស់​រដ្ឋាភិបាល​ថៃ ផ្តោត​ពិសេស​លើ​គម្រោង​ផ្តល់​ប្រាក់​១​ម៉ឺន​បាត ស្មើនឹង ២៦៩​ដុល្លារ​ដល់​ជនជាតិ​ថៃ​គ្រប់​រូប ដែល​មាន​អាយុ​១៦​ឆ្នាំ​ឡើង នឹង​ជំរុញ​ទាំង​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ដែល​នឹង​នាំ​ឱ្យប្រាក់​ចរាចរ​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ដល់​កំណើន GDP ។

ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ថ្លៃដើម​លើ​ការ​រស់នៅ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​រួច​ហើយ ដើម្បី​កាត់​បន្ថយថ្លៃ​ថាមពល ជា​ពិសេស​តម្លៃ​ប្រេងម៉ាស៊ូត មក​ត្រឹម ៣០​បាត ស្មើនឹង ៣,៤៥០​វៀល​ក្នុង​១​លី​ត្រ និង​តម្លៃ​អគ្គិសនី​មក​ត្រឹម ៣.៩៩​បាត ស្មើនឹង ៤៤៣​រៀល​ក្នុង​១​គីឡូវ៉ាត់ រួម​នឹង​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ហ្គា​ស និង​ឧស្ម័ន​បង់​ហ្សែ​ន (Benzene) ។

លើស​ពី​នេះ​ទៅ​ទៀត គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​គម្រោងការ​ផ្អាក​បំណុល​សម្រាប់​កសិករ​ខ្នាត​តូច​ចំនួន ២.៧​លាន​នាក់​ផង​ដែរ​។ ក្រៅពី​ការ​ព្យួរ​បំណុល រដ្ឋាភិបាល​នឹង​លើកកម្ពស់​ការ​ច្នៃប្រឌិត​កសិកម្ម ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ ដូច​ជា ការ​កាត់​បន្ថយ​ថ្លៃដើម​ជី តាម​រយៈ​ការ​កែសម្រួល​រូបមន្ត​ជាដើម​។

រដ្ឋាភិបាល​ថៃ ក៏​នឹង​ជំរុញ ក៏​ដូច​ជា​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ការ​សាងសង់​ព្រ​លាន​យន្តហោះ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ទីក្រុង​បន្ទាប់បន្សំ និង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​លើ​រថភ្លើង​អគ្គិសនី​ថ្មី នឹង​ត្រូវ​ចំណាយ​អស់​ត្រឹម ២០​បាត ស្មើនឹង ២,២០០​រៀល សម្រាប់​ខ្សែ​រត់​ទាំងមូល​៕ (​ដកស្រង់​ចេញពី​បាងកក​ប៉ុ​ស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ