ខេត្តសៀមរាប ៖ ក្រោយគម្រោង «គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប» បញ្ចប់ជាស្ថាពរ និងបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ ប្រជាជន និងអ្នកទេសចរនឹងទទួលបានទឹកស្អាតប្រើប្រាស់ និងមានសុវត្ថិភាព ។

នៅក្នុងកម្មវិធីទស្សនៈកិច្ចអ្នកសារព័ត៌មាន ស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ ក្នុងខេត្តសៀមរាប នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្ដម ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងថា ៖ «រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលរោងចក្រនេះសម្អាតទឹកយកមកពីទឹកបឹងទន្លេសាប ដែលមានចំងាយប្រមាណ ១២ គីឡូម៉ែត្រ នៅមាត់បឹងទន្លេសាប យើងមានស្ថានីយ៍បូមមួយហៅថា ស្ថានីយ៍បូមទឹកឆៅ ក្រោមកម្ចីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានសមត្ថភាពអាចផលិតទឹកស្អាត ក្នុងមួយថ្ងៃបាន ៦ មុឺនម៉ែត្រគូប» ។

ឯកឧត្ដម ចាន់ សេងឡា បានបញ្ជាក់ថា កាលពីមុនយើងយកទឹកចេញពី ២ ប្រភព គឺទី ១ ប្រភពទឹកនៅក្រោមដី និងមួយទៀតនៅបារាយខាងលិច និងបច្ចុប្បន្នយើងមាន ១៥ អណ្តូង ។ យោងតាមផែនការគម្រោង ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍ទាំងពី (នៅឃុំពាក់ស្នែង និងឃុំរុនតាឯ) នៅជាយក្រុង ចំនួន ២ មុឺនគ្រួសារនឹងទទួលបានទឹកស្អាតប្រើប្រាស់ ប៉ុន្តែបច្ចុប្បន្នបានទទួលត្រឹមតែជាង ២ ពាន់គ្រួសារទេ ដូចនេះយើងនឹងបន្តពង្រីកជាបន្តបន្ទាប់ ខណៈដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុង គឺប្រមាណជាជាង ២៧ ពាន់គ្រួសារកំពុងប្រើប្រាស់ទឹកស្អាតនេះផងដែរ ។

សម្រាប់ទឹកស្អាតយើងបានធ្វើការបែងចែកជាពីរ ប្រភេទ រួមមានប្រភេទអាជីវកម្ម មានដូចជា ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន គឺតម្លៃមួយផ្សេង និងបងប្អូនប្រជាពលរដ្ឋមានតម្លៃផ្សេង ។ យ៉ាងណាមិញ ឯកឧត្ដម បានបញ្ជាក់យ៉ាងច្បាស់ថា ទឹកចេញពីក្បាលរ៉ូមីណេ នៅក្នុងក្រុង ឬតំបន់ដែលផ្គង់ផ្គង់ គឺជាទឹកស្អាតដែលអាចឱ្យប្រជាជនគ្រប់រូបបរិភោគបាន ប៉ុន្តែឯកឧត្ដមសង្កេតឃើញថា សម្រាប់ប្រជាជនខ្មែរយើងគាត់នៅមានទំលាប់ដាំទឹកបរិភោគ ឬដាំទឹកឆុងតែកាហ្វេអីជាដើម ។

សូមជម្រាបផងដែរថា គម្រោងកម្ចីសម្បទានពីអង្គការចែការ មាន ៣ ដំណាក់កាលធំៗ ទី ១ សាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាព ៦៦ ០០០ មគ/ថ្ងៃ ប្រឡាយ ២.៥ គម ភ្ជាប់ទៅទន្លេសាប បំពង់មេនាំទឹកឆៅប្រវែង ១៩ គម បំពង់មេបញ្ជូនទឹកស្អាតប្រវែង ២៩ គម ។ ទី ២ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាព ៦០ ០០០ មគ/ថ្ងៃ ដោយប្រើទឹកពីបឹងទន្លេសាប និងបំពាក់ប្រព័ន្ធគ្រប់គ្រង និងបញ្ជារួបទាំងប្រព័ន្ធ SCADA ។ និងទី ៣ បណ្តាញចែកចាយទឹកប្រវែង ២៥៩ គម ដោយគម្រោងទាំង ៣ នេះ ប្រើប្រាស់ថវិការប្រមាណជាជាង ១,៥៥៧៨ លានយេន (15,578 million Japanese yen) ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដម ចាន់ សេងឡា គូសបញ្ជាក់ ថា ៖ «ប្រសិនជាគ្មានជំនួយកម្ចីសម្បទានពីអង្គការចែការនោះទេ យើងនឹងពិបាកក្នុងការអនុវត្តអោយបានតាមអ្វីដែលរាជរដ្ឋភិបាលដាក់ផែនការអោយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ក្នុងឆ្នាំ ២០៣០ ដូចនេះហើយទើបយើងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអោយគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញមក គឺប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ នៅឆ្នាំ ២០៣០» ៕





ចែករំលែកព័តមាននេះ