ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូបានធ្វើឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវកៅស៊ូប្របមាត់ស្ទឹងត្រង់ចំណុចភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៥ ឧសភា ២០១១ ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអាត់ គីនណារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិចំការតាពោរ ឃុំស្រែស្តុក ស្រុកកណ្តៀង ។ ចំណែកពីរនាក់ទៀតដែលរងរបួសធ្ងន់ធ្ងរនោះម្នាក់ឈ្មោះង៉ែត ហូវ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិចំការតាពោរ និងម្នាក់ទៀតឈ្មោះសូនី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ។
សាក្សីដែលឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេឃើញឈ្មោះង៉ែត ហូវ ជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1H 5672 ឌុបឈ្មោះអាត់ គីនណារ៉ូ ពីជើងទៅត្បូង ។ ទាំងពីរនាក់ទំនងជាស្រវឹងស្រាបើកម៉ូតូយ៉ាងលឿនរេចង្កូតតាមថ្នល់ ។ លុះទៅដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកឈ្មោះសូ នី ដែលកំពុងជិះម៉ូតូគុប៩០បញ្ច្រាសទិសគ្នា លាន់ដូចរន្ទះបណ្តាលឱ្យដួលស្លាប់ និងរងរបួសទាំងអស់គ្នារដូករណែលលើថ្នល់តែម្តង ។
មន្ត្រីប៉ូលិសបញ្ជាក់ថា ឈ្មោះអាត់ គីនណារ៉ូ អ្នកជិះពីក្រោយបានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកពីរនាក់ទៀតបែកក្បាលបាក់ជើងសន្លប់បាត់ស្មារតីរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ៕
ចែករំលែកព័តមាននេះ