ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នាំ​នារី​ខ្មែរ​៧​នាក់​ទៅ​ឡាវ ក្រោយ​នាង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ស្វែងរក​ការ​ជួយ​សង្គ្រោះ

7 ខែ មុន
  • ភ្នំពេញ

ប្តី​ប្រពន្ធ​២​នាក់​ជា​មេខ្យល់​រៀបចំ​នាំ​នារី​ខ្មែរ​ចំនួន​៧​នាក់ ឲ្យ​ទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ឡាវ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ជា​មេខ្យល់​រៀបចំ​នាំ​នារី​ខ្មែរ​ចំនួន​៧​នាក់ ឲ្យ​ទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ឡាវ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធាន​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ នេះ ពាក់ព័ន្ធ​ករណី «​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន ដោយ​មិន​ស្របច្បាប់​»​។

ប្តី​ប្រពន្ធ​ទាំង​២​នាក់​ជា​មេខ្យល់​ខាងលើ​នេះ រួម​មាន ៖ ១- បុរស​ជា​ប្តី​ឈ្មោះ ហង្ស វិ​ចេ​ន ហៅ ចេ​ម អាយុ​២១​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ឌុ​ច ទូច អាយុ​៣០​ឆ្នាំ ទីលំនៅ​មិន​ពិ​ប្រាកដ​។

បើ​តាម​មន្ត្រី​នគរបាល បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ គឺជា​មេខ្យល់​អ្នក​រៀបចំ​នាំ​យក​មនុស្ស​ចេញ​ទៅ​ប្រទេស​ឡាវ តាម​ច្រក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួច​បន្ត​ទៅ​បាងកក និង​ឆ្លងកាត់​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ហើយ​ក៏​បាន​បន្ត​ចូល​ទៅ​ប្រទេស​ឡាវ​ទៀត​។ រីឯ​ថៅកែ ដែល​រង់ចាំ​ទទួល​នៅ​ប្រទេស​ឡាវ ក្នុង​តំបន់ត្រីកោណ​នោះ គឺជា​ជនជាតិ​ចិន​ទៀត​ផង​។

បើ​តាម​មន្ត្រី​នគរបាល ប្រាប់​បន្ត​ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ជាប់​ពាក់ព័ន្ធ​ពី​បទ «​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​» ខាងលើ​នេះ ជន​ណា​ដែល​លក់ដូរ​ជន​ដទៃ ក្នុង​គោលដៅ​ប្រគល់ ឬ​នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​៧​ឆ្នាំ រហូត​ទៅ​១៥​ឆ្នាំ ។ ជន​ណា​ដែល​លក់ដូរ​ជន​ដទៃ ក្នុង​ប្រទេស​ណាមួយ ក្រៅពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​ប្រគល់ ឬ​នាំ​ជន​រង​គ្រោះ​នោះ​ទៅ​ប្រទេស​ផ្សេង​ទៀត ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​និង​កថាខណ្ឌ​ទី​១ ខាង​លើ។ ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​១៥​ឆ្នាំ ដល់​២០​ឆ្នាំ ក្នុង​ករណី​ដែល ៖ ១- ជន​រង​គ្រោះជា​អ​និ​តិ​ជ​ន៊​។ ២- អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង ដោយ​មន្ត្រី​សាធារណៈ ដែល​បំពា​.​ន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រង​គ្រោះ​។ ៣- អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង ដោយ​ក្រុម​មានការ​ចាត់តាំង ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន បាន​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា «​ដោយ​មាន​នារី​ខ្មែរ​ចំនួន​៧​នាក់​នៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ឡាវ កំពុងដ​ង្ហើ​យ​រក​សមត្ថកិច្ច​ឲ្យ​ជួយ​សង្គ្រោះ​»​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម កម្លាំង​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹ​ម ផា​ណុំ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដោយ​សហការ​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ អន្តរាគមន៍​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​៦​នាក់ ក្នុង​នោះ​អនីតិជន​ចំនួន​៤​នាក់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើស​ចំនួន​២​នាក់​ប្តី​ប្រពន្ធ នៅ​ខេត្តបន្ទាយមានជ័យ​។ ហើយ​ជន​រង​គ្រោះ ពេល​នេះ​កំពុង​ស្ថិត​នៅ​ប្រទេស​ឡាវ​នៅឡើយ​ទេ ដោយ​អគ្គ​កុងស៊ុល​នឹង​សម្របសម្រួល​ត្រៀម​បញ្ជូន​មក​កម្ពុជា​វិញ ក្នុង​រយៈពេល​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ខាងលើ​នេះ​ដែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ ក៏​បាន​ទទួល​ព័ត៌​មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ ដែល​បាន​បង្ហោះ​សារ​អំពាវ​នាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្វែងរក​ការ​ជួយ​សង្គ្រោះ​ពួក​គេ​។ ស្ត្រី​ទាំង​៧​នាក់​នេះ ត្រូវ​បាន​ជន​ខិ​.​ល​ខូ​.​ច​បោ​.​ក​ប្រាស់​ឲ្យ​ទៅ​ធ្វើការ​នៅ​ខេត្ត​បរ​កែវ នៃ​ប្រទេស​ឡាវ ហើយ​បាន​រត់​ចេញពី​កន្លែងធ្វើការ បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​ថៅកែ ដែល​គ្រោង​នឹង​លក់​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​ទី​៣ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ បាន​សុំ​ការ​សហ​ការ​ភ្លាម​ៗ​ពី​អាជ្ញាធរ​ឡាវ ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ទាំង​៧​រូប​នោះ ។

ជាមួយ​គ្នា​នោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ឱ្យ​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំរុញ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ ឱ្យ​ផ្តល់​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​នេះ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ ។

លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ មាន​នារី​ខ្មែរ​៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរ​ដ្ឋា​បាល នៃ​ប្រទេស​ទាំង​ពីរ ។ ចំណែក​ស្ថានទូត ក៏​បាន​និង​កំពុង​បន្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឡាវ ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នារី​ខ្មែរ​ម្នាក់​ទៀត​ផង​ដែរ​។

ការ​ជួយ​សង្គ្រោះ​នារី​ខ្មែរ​ទាំង​៧​រូប​នេះ​ខាងលើ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណាត់ការ​ដ៏​រហ័សរហួន និង​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជា​ពិសេស​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឡាវ និង​អាជ្ញា​ធរ​ពាក់ព័ន្ធ ដែល​បាន​គិតគូរ​ខ្ពស់​អំពី​សុវត្ថិភាព ទុក្ខ​លំបាក និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង មិន​ថា​បញ្ហា​ធំ​ប៉ុណ្ណា លំបាក​យ៉ាងណា ឬ​ឆ្ងាយ​ដល់​ទីណា​នោះ​ឡើយ ឱ្យ​តែ​រាជរដ្ឋាភិបាល​បានដឹង គឺ​មិន​ព្រងើយកន្តើយ​ទុក​ប្រជាពលរដ្ឋ​ចោល​នោះ​ទេ គឺ​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​ជួយ​ពួក​គេ។

ចំណែក​នារី​រង​គ្រោះ​ទាំង​៦​រូប​ដែល​បាន​ជួយ​សង្គ្រោះ​រួច​នោះ បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ជា​ពន់ពេក ដែល​រួច​ផុត​ពី​ការ​ជួញដូរ ជា​ពិសេស​ទទួល​បាន​កិច្ច​អន្តរាគមន៍​យ៉ាង​រហ័ស​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​អាជ្ញាធរ​កម្ពុជា ។ ពួក​គេ​បាន​គោរព និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិ​បតី ហ៊ុន ម៉ា ណែ​ត ក៏​ដូច​ជា អាជ្ញាធរ​របស់​កម្ពុជា ក្នុង​នោះ​រួម​មាន ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឡាវ ដែល​បាន​ខ្នះខ្នែង​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​អាច​បាន​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ