ទីក្រុងហាណូយ៖ ថ្មីៗនេះ បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងប្រធានរដ្ឋសភាថ្មីហើយដើម្បីជំនួសលោកវ៉ូវ៉ាន់ធឿង និងលោកវឿងឌិញវេដែលត្រូវបក្សបង្ខំឱ្យចុះចេញពីតំណែង។ នេះជាផ្នែកមួយនៃការរុះរើក្បាលម៉ាស៊ីនដឹកនាំរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល។ វៀតណាមធ្លាប់មានស្ថិរភាពនយោបាយជាយូរមកហើយ ហើយបែរជាផ្លាស់ប្ដូរប្រធានាធិបតី២នាក់ និងប្រធានរដ្ឋសភាម្នាក់នៅក្នុងរយៈពេលមិនដល់១ឆ្នាំកន្លះផង។ អ្នកទាំងបីនេះត្រូវបក្សកុម្មុយនិស្តស្ដីបន្ទោសពីបទប្រព្រឹត្តកំហុស។

បក្សបានបោះឆ្នោតតែងតាំងលោកតូឡាម (To Lam) ជាប្រធានាធិបតីថ្មី។ បច្ចុប្បន្នលោកជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ។ លោកត្រូវរង់ចាំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីសភានាសប្ដាហ៍ក្រោយដើម្បីក្លាយជាប្រធានាធិបតីពេញសិទ្ធិ។ លោកឡាមសព្វថ្ងៃនេះមានអាយុ៦៦ឆ្នាំ។ លោកជាមនុស្សដ៏មានអំណាចនៅវៀតណាម។ លោកត្រូវគណៈមជ្ឈិមបក្សបោះឆ្នោតជ្រើសរើសតាំងពីប៉ុន្មានថ្ងៃមុននេះទៅទៀត។ ប៉ុន្តែអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទើបតែប្រកាសឱ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍។

ជាទូទៅនៅវៀតណាម មុខតំណែងប្រធានាធិបតីមិនសូវមានអំណាចខ្លាំងដូចប្រធានាធិបតីប្រទេសផ្សេងទេ។ ប្រធានាធិបតីវៀតណាមច្រើនមានតួនាទីជានិមិត្តរូបតែប៉ុណ្ណោះ។ ប៉ុន្តែតំណែងនេះក៏មិនអន់ពេកដែរ។ តំណែងនេះស្ថិតនៅក្នុងចំណោមមុខតំណែងកំពូលទាំង៤របស់ជាតិដែលមានអគ្គលេខាបក្សកុម្មុយនិស្ត, ប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។

ក្រុមអ្នកសង្កេតការណ៍នយោបាយយល់ថាឃើញថាការតែងតាំងលោកតូឡាមជាប្រធានាធិបតីនេះទៅថ្ងៃមុខលោកអាចនឹងក្លាយជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជំនួសលោកង្វៀនហ្វ៊ូជុងដែលត្រូវផុតអាណត្តិត្រឹមឆ្នាំ២០២៦ ឬអាចនឹងឆាប់ជាងនេះផងក៏ថាបាន។ បក្សកុម្មុយនិស្តក៏បានបោះឆ្នោតតែងតាំងលោកត្រាន់ថាញ់ម៉ាន (Tran Thanh Man) ជាប្រធានរដ្ឋសភាជំនួសលោកវឿងឌិញវេផងដែរដែលទើបតែត្រូវបក្សបង្ខំឱ្យចុះពីតំណែងកាលពីខែមេសាពីបទប្រព្រឹត្តកំហុស និងអសមត្ថភាព។ លោកម៉ានសព្វថ្ងៃនេះមានអាយុ៦១ឆ្នាំ។ លោកបានបម្រើការជាអនុប្រធានរដ្ឋសភាតាំងពីឆ្នាំ២០២១។

ការតែងតាំងលោកតូឡាម និងលោកម៉ានលើកនេះទទួលបានការគាំទ្រយ៉ាងកងរំពងពីសំណាក់សមាជិកគណៈមជ្ឈិមបក្សភាគច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលវៀតណាម។ ម៉្យាងទៀត ការតែងតាំងនេះក៏ធ្វើឡើងនៅពេលការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមទើបតែទទួលសមាជិកថ្មីចំនួន៤នាក់ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ និងដកតំណែងលោកជឿងធីម៉ៃ (Truong Thi Mai) ដែលជាមន្ត្រីលំដាប់ទី៥ចេញពីការិយាល័យនេះ។

លោកតូឡាមកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចាប់តាំងពីឆ្នាំ២០១៦ និងចូលជាសមាជិកការិយាល័យនយោបាយកាលពីឆ្នាំ២០២១។ លោកក៏ជាអនុប្រធានគណៈកម្មការនាយកនៃបក្សកុម្មុយនិស្តវៀតណាមទទួលបន្ទុកខាងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។ គណៈកម្មការនេះបើកយុទ្ធនាការដុសក្អែលមន្ត្រីបក្ស, មន្ត្រីរដ្ឋាភិបាល និងមន្ត្រីកំពូលៗរាប់ពាន់នាក់។ អ្នកខ្លះត្រឹមដកហូតតំណែងតែប៉ុណ្ណោះ។ អ្នកខ្លះទៀតអស់តំណែង និងជាប់ពន្ធនាគារថែមទៀត៕
ចែករំលែកព័តមាននេះ