ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេច​នំអន្សម​តាម​ប្រពៃណី​ខ្មែរ​​ ដើម្បី​អភិរក្ស​បន្ត​កុំ​ឱ្យ​​បាត់​បង់ឱ្យសោះ​

1 ឆ្នាំ មុន

ខេត្តកំពត ៖ ដើម្បី​ថែរក្សា​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ ព្រមទាំង​បង្ហាញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​យល់​ដឹង និង​ចេះ​វេច​នំ​ប្រពៃណី​ខ្មែរ​ដែល​មាន​តាំងពី​ដូនតា​មក រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​វេច​នំ​ប្រពៃណី​ខ្មែរ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​មានការ​ចូលរួម​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ យុវជន យុវតី…

ខេត្តកំពត ៖ ដើម្បី​ថែរក្សា​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ ព្រមទាំង​បង្ហាញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​យល់​ដឹង និង​ចេះ​វេច​នំ​ប្រពៃណី​ខ្មែរ​ដែល​មាន​តាំងពី​ដូនតា​មក រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​វេច​នំ​ប្រពៃណី​ខ្មែរ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​មានការ​ចូលរួម​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ យុវជន យុវតី ប្រមាណ​ជាង​៦០០​នាក់ ។

ក្នុង​ន័យ​ចូលរួម​អបអរសាទរ ក៏​ដូច​ជា​ចូលរួម​ថែរក្សា​នូវ​នំ​ប្រពៃណី​ខ្មែរ ដែល​មាន​តាំងពី​ដូនតា​មក រដ្ឋបាល​ខេត្តកំពត ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​លោក​ជំទាវ ហ៊ុន ចាន់​ធី ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពត បាន​រៀបចំ​កម្មវិធី​វេច​នំ​ប្រពៃណី​ខ្មែរ ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៣ ក្នុង​បរិវេណ​សាលាខេត្ត​កំពត​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត​បានឱ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​វេច​នំ​ប្រពៃណី​ខ្មែរ​នេះ​ឡើង គឺ​មាន​គោលបំណង​ដើម្បី​ចូលរួម​អភិរក្ស​នូវ​នំ​ប្រពៃណី​ខ្មែរ ព្រមទាំង​បង្ហាត់បង្ហាញ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់​ដឹង និង​ចេះ​ចាំ​អំពី​របៀប​នៃ​ការ​វេច​នំ​ប្រពៃណី​ខ្មែរ​របស់​ដូនតា​យើង ដែល​នំ​ទាំងនេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ជា​រៀង​រាល់​ឆ្នាំ ។

ហើយ​ការ​វេច​នំ​នេះ ក៏​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ចេះ​ជួយ​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្សេង​ៗ​ពី​ចាស់ព្រឹទ្ធាចារ្យ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​ចេះ​ចាំ​អំពី​របៀប​នៃ​ការ​វេច​នំ និង​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បន្ត​ប្រពៃណី​វេច​នំ​នេះ​ទៅ​មុខ​ទៀត​កុំឱ្យ​មានការ​បាត់បង់ ។

លោកនាយក​រដ្ឋបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ពិធី​នេះ រដ្ឋបាល​ខេត្ត​បាន​ផ្តល់​នូវ​អង្ករដំណើប​ចំនួន ៥០០​គីឡូក្រាម សាច់​ជ្រូក ១៥០​គីឡូក្រាម សណ្តែកបាយ ១០០​គីឡូក្រាម ផ្លែ​ចេក ៧០​ស្និត ដោយ​មានការ​ចូលរួម​វេច​នំ​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ សមាជិក សមាជិកា សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពត សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ខេត្តកំពត កងកម្លាំង​ទាំង​បី​ប្រភេទ មន្ត្រីរាជការ​សាលាខេត្ត​កំពត​សរុប​ប្រមាណ​៦០០​នាក់ ។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​រដ្ឋបាល​ខេត្តកំពត​បាន​ធ្វើ​ពិធី​វេច​នំ​ប្រពៃណី​ខ្មែរ​នេះ​ឡើង ហើយ​ពិធី​នេះ​នឹង​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ