រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទាក់ទងករណីរថយន្តពាក់ផ្លាកលេខ នគរបាល បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម រួចមក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
មន្ត្រីជំនាញ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤និង៣៥នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 4365 បើកបរដោយលោកវរសេនីយ៍ទោ គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ ។
បន្ទាប់មក លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម នូវទឹកប្រាក់ចំនួន ១៥០,០០០រៀល និងដក៣ពិន្ទុ ។
ខណៈនោះ ក៏បានសុំគោលការណ៍ពី លោកស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឱ្យលោកវរសេនីយ៍ទោ គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណា ដែលជាអំពើខុសច្បាប់ បង្កឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ៕



ចែករំលែកព័តមាននេះ