ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានព្យាយាមតោងខ្សែចុះដងទឹកក្នុងប្រឡាយ ដែលកំពុងជន់ តែអកុសល្យខ្សែបានដាច់ ធ្វើឱ្យគាត់រអិលធ្លាក់ចូលក្នុងទឹកហូរកួចគាត់បាត់ខ្លួន នៅវេលាម៉ោង៣រសៀលថ្ងៃទី០១ តុលា ស្ថិតនៅចំណុចស្ពានមួយកន្លែង ឆ្លងប្រឡាយអូរដូនពៅ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល តែប៉ុន្មានម៉ោងក្រោយមក ទើបរកឃើញសាកសពគាត់ដែលរសាត់រហូតមកដល់ទឹកដីស្រុកបាណន់ ឆ្ងាយពីចំណុចកើតហេតុប្រហែល៣គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដឿម ដៀម ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ។ ប្រភពបានឲ្យដឹងថា ដំបូងជនរងគ្រោះ បានចុះដងទឹកក្នុងប្រឡាយ «អូរដូនពៅ» ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបរវេល ។ គាត់បានតោងខ្សែ តែពេលគាត់ព្យាយាមដងទឹក ស្រាប់តែដាច់ខ្សែ ធ្វើឲ្យគាត់រអិលជើងធ្លាក់ចូលក្នុងប្រឡាយ ហើយត្រូវទឹកហូរកួចគាត់បាត់ខ្លួនឈឹង ។
អ្នកភូមិនិងក្រុមគ្រួសារបានប្រឹងប្រែងរាវរកគាត់នៅក្នុងទឹកដែលកំពុងជន់ហូរខ្លាំង តែមិនប្រទះឡើយ ។ លុះនៅម៉ោងប្រហែល៩យប់ថ្ងៃដដែល ទើបប្រទះឃើញសាកសពគាត់ ដែលរសាត់ទៅប៉ែកខាងក្រោមប្រឡាយ ចូលដល់ទឹកដីស្រុកបាណន់ ។ សមត្ថកិច្ចបាននិយាយថា សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិ និងអ្នកភូមិរកឃើញនៅម៉ោង៩យប់ នៅប៉ែកខាងក្រោម នៃប្រឡាយ
«អូរដូនពៅ» ស្ថិតក្នុងភូមិអូរស្លាប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ឆ្ងាយពីចំណុចកើតហេតុប្រហែល០៣គីឡូម៉ែត្រ ។
ក្រុមគ្រួសារបានដឹកសពជនរងគ្រោះទៅកាន់លំនៅឋាន លុះនៅព្រឹកថ្ងៃទី០២ តុលា ទើបសមត្ថកិច្ចជំនាញចុះទៅពិនិត្យសាកសពនិងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ