ខេត្តកណ្តាល ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំណុចភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទ ១ករណី ក្នុងនោះបានរុះរើ លូស្បៃមុង ចំនួន២១មាត់ របាំងស្បៃមុង៥,៥១០ម៉ែត្រ បង្គាល ចំនួ៥២៥ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ នៅនឹងកន្លែង ។
លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវរដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះ មិនត្រូវអត់អោនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងកៅ្ត ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ ។
លោកនាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផលធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុងបឹង ក្នុងទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូន នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាមួយគ្នានោះដែរ លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ ទន្ទឹមនឹងនោះ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណា ដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ៕
ចែករំលែកព័តមាននេះ