រាជធានីភ្នំពេញ ៖ ស្ត្រីកំពុងពរពោះជិះគ្រប់ខែម្នាក់ ត្រូវបានបុរសជាប្ដីយកកាំបិតចុងស្រួចចាក់ត្រូវប្រអប់ដៃ បណ្ដាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ សិ្ថតតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បុរសជាប្ដីមានឈ្មោះ ហួត រដ្ឋា អាយុ៥០ឆ្នាំ មានជំងឺប្រចាំកាយ ក្រពះ និងសរសៃប្រសាទ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងប្តីប្រពន្ធទាំង២នាក់និយាយគ្នាក្នុងផ្ទះ ។ មួយសន្ទុះក្រោយមក បុរសជាប្ដីបានយកកាំបិតចាក់ទៅលើប្រពន្ធបណ្ដាលឲ្យរងរបួសត្រូវដៃ រួចបុរសជាប្ដីបានព្យាយាមចាប់កូនម្នាក់ទៀតបំរុងអាលអណ្ដាត តែសំណាងល្អ នាងរើបំរះរួចបណ្ដាលឲ្យរងរបួសត្រូវមាត់បន្តិត រួចក៏រត់ចេញពីខាងក្នុងផ្ទះកើតហេតុជាមួយនឹងម្ដាយពោះធំជិតគ្រប់ខែបានស្រែកយំ និងហៅឲ្យគេជួយ ។

ដោយដៃស្រី្តខាងលើ មានរងរបួស ភ្លាមៗត្រូវបងប្អូនប្រជាពលរដ្ឋបានរត់ទៅជួយដោយមើលឃើញថា ស្ត្រីខាងលើឈាមហូរច្រើនពេកក៏សម្រេចចិត្តដឹកជនរងគ្រោះតាមកង់បីទៅកាន់មន្ទើរភ្លាមៗ ចំណែកបុរសជាប្ដីមានបានរត់ឡើងទៅក្នុងបន្ទប់ដេកលើពូក ។

ករណីខាងលើនេះ កោះសន្តិភាព បានទាក់ទងទៅកាន់ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានប្រាប់អោយដឹងថា ក្រោយពេលទទួលបានដំណឹងពីប្រជាពលរដ្ឋ លោកបានដាក់បញ្ជាកម្លាំងអោយចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរា
គមន៍ ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់បានឃាត់ខ្លួនបុរសជាប្ដីយកទៅសួរនាំនៅអធិការនរគបាលខណ្ឌច្បារអំពៅ ចំណែកស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ដោយ ៖ រដ្ឋា

ចែករំលែកព័តមាននេះ