ខេត្តកណ្តាល ៖ បុរសចិត្តខ្លាំងដោយសារសុរា ព្រោះតែហៅគេឱ្យផឹកស្រាជាមួយមិនព្រមក៏កើតកំហឹងយកអង្កត់អុសវាយគេឱ្យបែកក្បាលហូរឈាមដួលសន្លប់ស្តូកស្តឹងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង។ បន្ទាប់ពីកើតហេតុបុរសនោះត្រូវប៉ូលិសចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ។
មន្ត្រីប៉ូលិសឱ្យដឹងថា បុរសនោះឈ្មោះលាស់ វណ្ណៈ ហៅប៉ិ អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៥ ឃុំស្វាយរលំ ។ ចំណែកជនរងគ្រោះឈ្មោះឡោ ខ្នា ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំខ្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅភូមិកើតហេតុធ្វើជាកម្មកររោងចក្រ។
មន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា នៅល្ងាចកើតហេតុឈ្មោះឡោ ខ្នា បានដើរតាមផ្លូវជាមួយមិត្តភក្តិស្រីៗ៣នាក់ទៀតទៅវត្តពោធិ៍ព្រឹក្សដើម្បីស្រោចទឹក ហើយត្រូវឈ្មោះលាស់ វណ្ណៈ និងបក្សពួកពីរនាក់ទៀតនៅអង្គុយផឹកស្រាលើគ្រែក្បែរផ្លូវស្រែកហៅឱ្យចូលមកផឹកស្រាជាមួយ។ ដោយឡោ ខ្នា មិនព្រមចូលផឹកជាមួយឈ្មោះលាស់ វណ្ណៈ ខឹង និងនិយាយថា មើលងាយរូបគេ។ ពេលឈ្មោះឡោ ខ្នា ដើរផុតបានបន្តិចស្រាប់តែឈ្មោះលាស់ វណ្ណៈ ទាញយកអង្កត់អុសប៉ុនកំភួនជើងវាយក្បាលពីក្រោយបណ្តាលឱ្យដួលប្រកាច់សន្លប់លែងដឹងខ្លួន ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។ ចំណែកឈ្មោះលាស់ វណ្ណៈ ត្រូវប៉ូលិសប៉ុស្តិ៍តាមចាប់ខ្លួនបានភ្លាមៗ។
ឈ្មោះលាស់ វណ្ណៈ សារភាពថា គេពិតជាវាយឈ្មោះឡោ ខ្នា មែនដោយសារតគេស្រវឹងស្រា និងខឹងឈ្មោះឡោ ខ្នា បណ្តើរស្រីឌឺដងឱ្យគេ ព្រមទាំងហៅផឹកស្រាមិនព្រមផឹកជាមួយទៀត៕
ចែករំលែកព័តមាននេះ