មនុស្សយ៉ាងតិច៣៥០នាក់បានត្រូវរបួសកាលពីថ្ងៃទី១៦ ឧសភា ក្រោយផ្ទុះអំពើហិង្សា ខណៈមានបាតុកម្មមួយនៅមុខស្ថានទូតអីុស្រាអែលប្រចាំទីក្រុងគែរ ដើម្បីកំណត់ខួបលើកទី៦៣ នៃទិវាប៉ាឡេស្ទីន NAKBA ជាទិវានៃការបង្កើតរដ្ឋអ៊ីស្រាអែល និងការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនច្រើនម៉ឺននាក់ ។ ពលរដ្ឋអេហ្ស៊ីបជាច្រើនពាន់នាក់បាន ប្រមូលផ្តុំគ្នានៅមុខអគារស្ថានទូតអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី១៥ ឧសភា មក ដើម្បីសម្តែងពីការចងកំហឹងចំពោះទិវា NAKBA (គ្រោះមហន្តរាយ) ។ អាជ្ញាធរអេហ្ស៊ីបដំបូងបានហាមឃាត់ការប្រារព្ធទិវានេះតាមរយៈការធ្វើបាតុកម្ម ដ៏ធំមួយនៅចំណុចឆ្លងកាត់រ៉ាហ្វាដែលភ្ជាប់ប្រទេសអេហ្ស៊ីបទៅជ្រោយហ្គាហ្សា ។ អំពើហិង្សាបានផ្ទុះឡើងនាថ្ងៃទី១៦ ឧសភា ពេលតម្រួតយោធាអេហ្ស៊ីបដាក់ពង្រាយនៅទីនោះបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គំរាមដើម្បីបំបែកពួកបាតុករដែលប៉ុនប៉ងលុកចូលក្នុងស្ថានទូតដោយទាមទារឱ្យបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចេញ ។ អនុរដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីបលោកអាប់ដែល ហាមីដ អាបាហ្សាគូសបញ្ជាក់ថា មនុស្សប្រមាណជា៣៥៣នាក់ ត្រូវរបួសក្នុងនោះ៤៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ កងទ័ពបានចាប់ខ្លួនបាតុករ១៨៦នាក់ដែលនឹងត្រូវបញ្ជូនទៅតុលាការយោធា ដើម្បីស៊ើបអង្កេតលើបទចោទប្រកាន់ពីការរំលោភលើបណ្តាមន្ត្រីដែលកំពុងបម្រើការងារនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕
ចែករំលែកព័តមាននេះ