ខេត្តកណ្តាល ៖ ខិត្តប័ណ្ណរាប់ពាន់សន្លឹក ត្រូវជនអនាមិកយកមកបាចចោលនៅក្រុងតាខ្មៅ ហើយត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃទី១៣ ឧសភា ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ខិត្តប័ណ្ណទាំងនោះត្រូវបានគេឃើញនៅខាងមុខទីស្នាក់ការគណបក្សសម រង្ស៊ី ខេត្តកណ្តាល ស្ថិតក្នុងសង្កាត់ដើមមៀន និងនៅសួនច្បារមាត់ទន្លេ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
នៅក្នុងខិត្តប័ណ្ណនោះបានសរសេរដោយមានខ្លឹមសារវាយប្រហារថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី ថា បានធ្វើឱ្យបក្សប្រឆាំងនេះចុះខ្សោយប្រជាប្រិយភាព និងថា បក្សនេះនឹងរលាយដោយសារការបំផ្លិចបំផ្លាញរបស់ក្រុមថ្នាក់ដឹកនាំរបស់ខ្លួន ។ ទោះបីជាមានការដើរបាចតាំងពីថ្ងៃទី១៣ ឧសភា ក៏ពិតមែន តែខិត្តប័ណ្ណនេះទើបតែធ្លាក់ដល់ដៃ អាជ្ញាធរកាលពីថ្ងៃទី១៥ ឧសភា និងបានដល់ដៃអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ ឧសភា ។ ខិត្តប័ណ្ណដែលបាចមានរាប់ពាន់សន្លឹក ប៉ុន្តែត្រូវទឹកភ្លៀងទទឹកខូចអស់ភាគច្រើន ហើយអ្នកដែលបានប្រទះឃើញមានតិចតួចប៉ុណ្ណោះ ។
អត្ថន័យនៅក្នុងខិត្តប័ណ្ណនេះគឺមានការតាំង ខ្លួនថា ជាសមាជិកគណបក្សសម រង្ស៊ី និងអះអាងថា ស្រឡាញ់គណបក្សនេះយ៉ាងពិតប្រាកដ និងដោយអស់ពីដួងចិត្ត ហើយបានធ្វើការសម្រេចចិត្តចូលរួមជាសមាជិកនៃគណបក្សសម រង្ស៊ី បន្ទាប់ពីបានធ្វើការជ្រើសរើសដោយពិចារណាទៅលើកម្មវិធីនយោបាយរបស់គណបក្ស និងលក្ខណសម្បត្តិរបស់ថ្នាក់ដឹកនាំនៃគណបក្សនេះដោយនឹកស្មានថា ពួកគាត់សុទ្ធសឹងតែជាអ្នកចេះដឹង ហើយភាគច្រើនសុទ្ធតែជាអ្នកមកពីបរទេសដែលគួរទុកចិត្តបាន ។ ទោះបីជាបែបណា ខ្លឹមសារខិត្តប័ណ្ណបានប្រកាសថា ខ្លួនមានការភ័ន្តច្រឡំ ហើយក៏ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីមូលហេតុនៃការចុះខ្សោយរបស់គណបក្សនេះ និងការឈានទៅរកការរលំរលាយដោយសារអ្នកដឹកនាំសំខាន់ៗរបស់ខ្លួនជាអ្នកបំផ្លាញ ។
ខិត្តប័ណ្ណបានចោទប្រកាន់ ១-លោកយឹម សុវណ្ណ ថា បានទៅសហាយជាមួយលោកស្រីលី ស្រីរីណា (តំណាងរាស្ត្រ) ដែលត្រូវជាប្រពន្ធរបស់លោកឱម គឹមស៊ា ធ្វើឱ្យលោកឱម គឹមស៊ា ឈឺចិត្តរត់ទៅចូលគណបក្សប្រជាជន ។ ឯលោកស្រី កែវសុវណ្ណរ័ត្ន ដែលជាប្រពន្ធរបស់លោកយឹម សុវណ្ណ បានទៅសហាយជាមួយលោកគី វណ្ណដារ៉ា ប្រធានគណបក្សសម រង្ស៊ី នៅខេត្តសៀមរាប ។ ២-លោកអេង ឆៃ អ៊ាង និងលោកគួយ ប៊ុនរឿន គិតតែលេងល្បែងស៊ីសង ។ ៣-សំខាន់ជាងនេះទៀត គឺលោកប្រធានគណបក្សសម រង្ស៊ី ខ្លួនឯង មិនហ៊ានមាត់ ឬធ្វើអ្វីចំពោះគ្រួសារទាំង៣ខាងលើ នេះទេ ដោយសារខ្លួនឯងមានចំណុចខ្សោយ ព្រោះអីខ្លួនឯងសម រង្ស៊ី មានស្រីច្រើន មានទាំងនាំយកស្រី និងកូនលួចលាក់យកទៅលាក់ទុកនៅឯរដ្ឋតិចសាស់ សហរដ្ឋអាមេរិកទៀតផង។ បើមេៗនៃគណបក្សសម រង្ស៊ី ធ្វើបែបនេះទៅហើយ តើឱ្យគណបក្សឈររឹងមាំយ៉ាងណាកើត?
(បាសាក់)
ចែករំលែកព័តមាននេះ