ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង បង្កឱ្យប្រឈមការប៉ះពាល់ដល់ស្រូវកំពុងប្រមូលផលរបស់ប្រជាពលរដ្ឋក្នុងឃុំរហាត់ទឹក ដោយបើកទ្វារទឹកសំណង់ពោធិ៍២ដើមមិនបាន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

ប្រជាពលរដ្ឋបានប្រាប់ថា ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង ធ្វើឱ្យលិចស្រូវដែលកំពុងប្រមូលផលហើយប្រជាកសិករមានការព្រួយបារម្មនាំគ្នាសុំបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម ដើម្បីរំដោះទឹក ។ជាការយល់ព្រមពីមន្ត្រីជំនាញ ប្រជាពលរដ្ឋបានយកកៅឡាក់ ឬរ៉តទាញទ្វារទឹកឡើងបណ្តាលដាច់កៅឡាក់ធ្លាក់ តែសំណាងគ្មានរងគ្រោះដល់មនុស្ស ។ ដោយការបើកមិនបាននោះ ពួកគាត់អស់សង្ឃឹមក៏ត្រឡប់ទៅវិញទាំងទឹកមុខស្រពាប់ស្រពោន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បើកទ្វារសំណង់ពោធិ៍ពីរដើមមិនបាន ហើយសុំអោយមន្ត្រីជំនាញនិងអភិបាលស្រុក.ខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋឃុំរហាត់ទឹកដែលកំពុងប្រឈមទឹកលិចស្រូវដែលត្រូវប្រមូលផល គាត់សង្ឃឹមថា នឹងជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។

លោក ឡាយ សុធី អនុប្រធានធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលទឹកជំនន់ផ្នែកខាងលើ បានហក់ឡើងខ្លាំងប្រជាពលរដ្ឋនៅឃុំរហាត់ទឹកសុំបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម ដើម្បីរំដោះទឹក ។ នៅពេលបើកដោយសំណង់ពោធិ៍ពីរដើមទ្វារទឹកមិនទាន់បានធ្វើរួចរាល់ទើបប្រជាពលរដ្ឋរួមជាមួយក្រុមការងារបានយកកៅឡាក់ ឬរ៉តដាក់ម្ខាង និងរថយន្តស្ទូចម្ខាង បណ្តាលឱ្យដាច់ខ្សែ ទើបសម្រាកសិន ហើយសុំអោយអាជ្ញាធរឃុំរហាត់ទឹកទំនាក់ទំនងនិងក្រុមការងាររកដំណោះស្រាយបើកជូនប្រជាពលរដ្ឋ ។

អ្នកគ្រប់គ្រងបច្ចេកទេស បានធ្វើទ្វារទឹកបានប្រាប់ថា ក្រោយសំណង់ពោធិ៍ពីរដើមបានកសាងរួចរាល់ហើយ ក្រុមការងារបច្ចេកទេសកសាងទ្វារទឹកបានកំពុងដាក់ប្រព័ន្ធបិទបើកទ្វារទឹកសំណង់ពោធិ៍ពីរដើមដែលនិងរួចរាល់នៅអំឡុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដែលប្រព័ន្ធទ្វារទឹកសំណង់ពោធិ៍ពីរដើមបិទបើកដោយប្រើប្រព័ន្ធចុចបញ្ជាស្វ័យប្រវត្តិ ៕




ចែករំលែកព័តមាននេះ