ថ្មីៗនេះ តុលាការសាលាដំបូងខេត្តប៊ីញភឿកសម្រេចផ្ដន្ទាទោសប្រហារជីវិតបុរសបីនាក់។ ក្នុងនោះ ២នាក់ជាជនជាតិវៀតណាមឈ្មោះង្វៀនង៉ុកហៃ អាយុ២៩ឆ្នាំ និងដាងង៉ុកកួយ អាយុ២៤ឆ្នាំ។ បុរសទី៣ជាជនជាតិខ្មែរឈ្មោះស្បូវព្រឿន អាយុ៣៦ឆ្នាំរស់នៅខេត្តត្បូងឃ្មុំ។ ជនជាប់ចោទឈ្មោះហៃត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ថែមទៀត។
តុលាការរកឃើញថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បុរសជនជាតិខ្មែរម្នាក់ដែលគេស្គាល់ត្រឹមរហស្សនាមរបស់គាត់ថា «លោកបងធំ» បាននិយាយទូរស័ព្ទទៅបុរសឈ្មោះស្បូវព្រឿនដើម្បីជួលគាត់ដឹកគ្រឿងញៀនពីកម្ពុជាទៅទីក្រុងហូជីមិញដោយគិតថ្លៃឈ្នួលដឹក២០០ដុល្លារក្នុងមួយគីឡូក្រាម។ ក្រោយមក ស្បូវព្រឿនក៏ជួលហៃដើម្បីដឹកគ្រឿងញៀនទាំងនោះបន្តពីព្រំដែនកម្ពុជា-វៀតណាមទៅហូជីមិញដោយគិតថ្លៃឈ្នួលដឹក១៥០ដុល្លារក្នុងមួយគីឡូក្រាម។ ហៃក៏ជួលបុរសឈ្មោះកួយដើម្បីដឹកគ្រឿងញៀនទាំងនេះពីរជើងទៅហូជីមិញដោយគិតថ្លៃឈ្នួលដឹកសរុប១៥លានដុង ស្មើនឹងជាង៦រយដុល្លារ។
ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្បូវព្រឿន និងហៃដឹកគ្រឿងញៀនចេញពីកម្ពុជាទៅវៀតណាមចំនួន៣ដង និងជួលហៃឱ្យដឹកចំនួន២ដង។ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោងប្រហែល៩ព្រឹក ស្បូវព្រឿនជិះម៉ូតូពីទីតាំងមួយនៅក្បែរផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទៅទទួលគ្រឿងញៀនដែលលាក់ទុកនៅក្នុងប៊ីដុងចំណុះម្ភៃលីត្រចំនួន២ និងថង់ផ្លាស្ទិចពណ៌ក្រហមមួយពីបុរសខ្មែរដែលគេស្គាល់រហស្សនាមថា «លោកបងធំ»។
បន្ទាប់មក ស្បូវព្រឿនក៏ដឹកបន្តទៅឃុំឡុកនិញ ខេត្តប៊ីញភឿក និងលាក់ទុកនៅទីនោះជាបណ្ដោះអាសន្ន។ ហៃ និងកួយណាត់ជួបគ្នាដើម្បីទទួលគ្រឿងញៀនយកទៅចែកចាយបន្ត។ ហៃក៏ទាក់ទងតាមលេខទូរស័ព្ទដែលគេសរសេរនៅលើប៊ីដុង និងដឹកបន្តទៅឱ្យមនុស្ស៣នាក់ដែលរង់ចាំទទួលនៅហូជីមិញ។ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ស្បូវព្រឿនទៅក្បែរផ្សារស្រុកមេមត់ម្ដងទៀតដើម្បីទទួលគ្រឿងញៀនថ្មីដែលទើបតែមកដល់។ ពួកគេអនុវត្តវិធីដឹកជញ្ជូនទៅហូជីមិញដូចលើកមុនទៀត។
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្បូវជ្រឿនដឹកគ្រឿងញៀនដែលបង្កប់នៅក្នុងប៊ីដុងជ័រចំនួន៣ដែលទទួលពីបុរសខ្មែររហស្សនាមលោកបងធំ និងដឹកបន្តទៅព្រំដែន។ បន្ទាប់មក គាត់ជួបហៃនៅភោជនីយដ្ឋាននៃទីក្រុងប៊ិញដុង ខេត្តប៊ិញភឿក។ កួយក៏ធ្វើដំណើរទៅព្រំដែនដើម្បីដឹកជញ្ជូនគ្រឿងញៀនទាំងនោះទៅលាក់ទុកនៅក្នុងផ្ទះប្អូនស្រីបុរសឈ្មោះហៃ។ រួចហើយគាត់បន្តដំណើរទៅទទួលលុយពីឈ្មោះហៃចំនួន៥លានដុង ស្មើនឹង២រយដុល្លារ ជាថ្លៃឈ្នួលដឹកជញ្ជូនបន្តទៅទីក្រុងហូជីមិញ។
នៅពេលកួយជិះម៉ូតូនៅលើផ្លូវជាតិលេខ១៣ សមត្ថកិច្ចក៏ស្ទាក់ចាប់ខ្លួនគាត់ព្រឹបតែម្ដង និងរឹបអូសបានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន និងម៉ាទឹកកកសរុប៣១គីឡូក្រាម។ ក្រោយពេលសមត្ថកិច្ចសួរនាំកួយ និងស៊ើបអង្កេតបន្ថែមក៏ឈានដល់ការចាប់ខ្លួនស្បូវព្រឿន និងហៃ។ ពេលនោះ សមត្ថកិច្ចរកឃើញកាំភ្លើងខ្លី២ដើម, គ្រាប់កាំភ្លើង៦គ្រាប់ និងថ្នាំញៀនជិត១គីឡូក្រាម៕
ប្រភព៖ Vietnam Express និងប្រភពដទៃទៀត
https://e.vnexpress.net/news/news/cambodian-man-gets-death-for-trafficking-31-kg-of-drugs-4658859.html
https://vietnamnet.vn/en/death-sentences-given-to-three-men-trafficking-drug-from-cambodia-to-vietnam-2195843.html


ជនជាតិខ្មែររស់នៅខេត្តត្បូងឃ្មុំឈ្មោះស្បូវជ្រឿន ដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិត (តុលាការប្រកាសសាលក្រមកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនទាន់ប្រហារជីវិតនៅឡើយទេ)
ជនជាប់ចោទទាំង៣ ដែលមានឈ្មោះស្បូវជ្រឿន (ជនជាតិខ្មែរ), ឈ្មោះហៃ និងឈ្មោះកួយ (ជនជាតិវៀតណាម) 
ចែករំលែកព័តមាននេះ