ខេត្តកណ្តាល ៖ យុវជនម្នាក់ជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនាត្រូវប៉ូលិសស្រុកស្អាងចាប់ខ្លួនកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១៥ ឧសភា នៅលើទូកដក្បាលកោះ នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។ មន្ត្រីប៉ូលិសឱ្យដឹងថា ជននោះឈ្មោះសុក បូឡា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ។
យុវជនរូបនោះចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនចុះថ្ងៃទី១៣ មករា ឆ្នាំ ២០១១ ចុះហត្ថលេខាដោយលោកហួត ហ៊ាង ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្តាល ពីបទបង្ករបួសស្នាមដោយចេតនា កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០០៩ នៅភូមិព្រែកត្រែង ឃុំសិត្បូ ។ ជននោះបានយកដាវកាប់ឈ្មោះចន សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នាចំខ្នង បណ្តាលឱ្យរងរបួស រួចជនសង្ស័យគេចខ្លួន។
តុលាការបានចេញសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះសុក បូឡា ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយគ្មានការព្យួរទោសទេ ។ ជនសង្ស័យឈ្មោះសុក បូឡា សារភាពថា គេពិតជាបានយកដាវទៅកាប់ឈ្មោះចន សុជាតិ មែន ដោយសារតែខឹងជននោះមានចរិតឈ្លើយ ហើយមានទំនាស់ពាក្យសម្តីជាមួយរូបគេ ។ ក្រោយហេតុការណ៍នោះគេបានគេចខ្លួនទៅនៅស្រុកផ្សេងជាងមួយឆ្នាំលុះពេលត្រឡប់ចូលស្រុកវិញត្រូវប៉ូលិសចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ