ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ឲ្យ​ស្មៀន​សង្កាត់​ចោម​ចៅ​ទី​១ បំភ្លឺ​ករណី​ទារ​លុយ​ពី​ពលរដ្ឋ​ធ្វើ​ឯកសារ និង​មិន​បើកប្រាក់​រង្វាន់​សម្រាប់​មន្ត្រី​ជាង២០០​លាន​រៀល

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​លោក សួរ ភ័​ក្រ​លំ​ពង្ស ស្មៀន​សង្កាត់​ចោម​ចៅ​ទី​១ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បំភ្លឺ​ករណី​ទារប្រាក់​ថ្លៃ​សេវា​លើ​គ្រប់​ឯកសារ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​លោក សួរ ភ័​ក្រ​លំ​ពង្ស ស្មៀន​សង្កាត់​ចោម​ចៅ​ទី​១ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បំភ្លឺ​ករណី​ទារប្រាក់​ថ្លៃ​សេវា​លើ​គ្រប់​ឯកសារ ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ចុះហត្ថលេខា និង​បោះត្រា និង​ករណី​មិន​បាន​បើកប្រាក់​លើកទឹកចិត្ត​សម្រាប់​មន្ត្រី​ជាង ២០០​លាន​រៀល ។

យោង​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា ACU បាន​ទទួល និង​ពិនិត្យ​លើ​ពាក្យ​ប្ដឹង ដែល​បាន​លើក​ឡើង​ថា លោក សួរ ភ័​ក្រ​លំ​ពង្ស ស្មៀន​​សង្កាត់​​ចោម​ចៅ​ទី​១ និង​លោក កង វង ចៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ទារប្រាក់​ថ្លៃ​សេវា​តាមតែ​អំពើ​ចិត្ត លើ​គ្រប់​ឯកសារ នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​ស្នើ​សុំ​ចុះហត្ថលេខា និង​បោះត្រា ដោយ​មិន​អនុវត្ត​តាម​តារាង​តម្លៃ​សេវា​ច្រក​ចេញចូល​តែ​មួយ ហើយ​ចំពោះ​ការ​ស្នើ​សុំ ជួសជុល ឬ​សាងសង់ បើសិន​គ្មាន​ប្រាក់​បង់​ជូន​ទេ លោក និង​លោក កង វង តែងតែ​គំរាម​ដកហូត​សម្ភារៈ​សាងសង់ របស់​ប្រជាពលរដ្ឋ​។ ជាង​នេះ​ទៀត រូប​លោក សួរ ភ័​ក្រ​សំពង្ស និង​លោក កង វង មិន​បាន​បើកប្រាក់​រង្វាន់​លើកទឹកចិត្ត ជាង ២០០​លាន​រៀល ចាប់តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ជូន​ដល់​មន្ត្រី​ឡើយ ។

ACU បានអោយ​លោក​ស្មៀន​សង្កាត់​ចោម​ចៅ​ទី​១ បំភ្លឺ​ករណី​នេះ​ឲ្យ​បាន​ឆាប់ ហើយ​ការ​បំភ្លឺ​របស់​លោក សួរ ភ័​ក្រ​លំ​ពង្ស គឺជា​មូលដ្ឋាន​សម្រាប់ ACU ពិចារណា​ថា ត្រូវ​សម្រេច​បញ្ចប់​នីតិវិធី ឬ​ត្រូវ​បន្ត​លើ​ពាក្យ​ប្ដឹង​នេះ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ យោង​តាម​សារព័ត៌មាន​ក្នុងស្រុកបានផ្សព្វ​ផ្សាយថា ប្រាក់​រង្វាន់​សម្រាប់​ផ្ដល់​ជូន​ដល់​បុគ្គលិក មន្ត្រីរាជការ សាលាសង្កាត់​ចោម​ចៅ​ទី​១ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​មក​ពី​វិស័យ​ពន្ធដារ និង​សូ​រិ​យោ​ដី នៅ​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ
បាន​បាត់​អស់​ជាង​២០០​លាន​រៀល ។

សម្រាប់​ប្រាក់​រង្វាន់ ដែល​បាន​មក​ពី​ផ្នែក​ពន្ធដារ​នៅ​ក្នុង​ឆ្នាំ​២០១៩ ប្រាក់​នោះ​ដែល​បាន​ដក​ចេញពី​ធនាគារ​មក​ចែក​ជូន​ដល់​បុគ្គលិក មន្ត្រីរាជការ​សាលាសង្កាត់​ចោម​ចៅ​ទី​១ មាន​ចំនួន ១៦២,៧៥៨,០០០​រៀល​។ ប៉ុន្តែ​លោក​ចៅសង្កាត់ បាន​យក​មក​ចែក​ដល់​បុគ្គលិក មន្ត្រីរាជការ​តែ ចំនួន​៧៨,៦៣៩,០០០​រៀល តែ​ប៉ុណ្ណោះ រីឯ​ប្រាក់​នៅ​សល់​ចំនួន​៨៤,១១៩,០០០​រៀល​ទៀត បាត់​គ្មាន​មូលហេតុ ។

ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០២០ ប្រាក់​ដែល​ដក​ចេញពី​ធនាគារ​ចំនួន ១៥១,១៣៧,៨០០​រៀល ប៉ុន្តែ​ចែក​ដល់​បុគ្គលិក មន្ត្រីរាជការ​តែ​ចំនួន ១១០,០៨៧,៨០០​រៀល​ប៉ុណ្ណោះ​។ ចំណែក​ប្រាក់​នៅ​សល់​ចំនួន ៤៩,៤៥៨,០៥៤​រៀល​ទៀត ពុំ​ដឹង​យក​ទៅ​ណា​ឡើយ ហើយ​សរុប​ឆ្នាំ​២០១៩-២០២០ ប្រាក់​ដែល​បាត់​អត់​ឃើញ​ចែក​ដល់​បុគ្គលិក​មន្ត្រីរាជការ​ចំនួន ១៣៣,៥៧៧,០៥៤​រៀល ។

ប្រាក់​រង្វាន់​ដែល​បាន​មក​ពី​ផ្នែក​សូ​រិ​យោ​ដី នៅ​ក្នុង​ឆ្នាំ​២០១៩ ចំនួន​១៤៧,៥០៦,០០០​រៀល ចែក​ជូន​បុគ្គលិក​មន្ត្រីរាជការ​អស់​តែ​ចំនួន​៨៦,៧៥៦៥០០​រៀល​ប៉ុណ្ណោះ នៅ​សល់​ចំនួន​៦០,៧៤៩,៥០០​រៀល​ទៀត​អត់​ចែក​។ នៅ​ក្នុង​ឆ្នាំ​២០២០ ប្រាក់​រង្វាន់​សរុប ចំនួន​៥២,៣៨៤,៩០០​រៀល ប៉ុន្តែ​ចែក​ជូន​បុគ្គលិក​មន្ត្រីរាជការ​អស់​តែ​ចំនួន​៤០,៨១៤,៧០០​រៀល​តែ​ប៉ុណ្ណោះ ចំណែក​ប្រាក់​នៅ​សល់​ចំនួន​១១,៥៧០,២០០​រៀល​ទៀត​អត់​ចែក ហើយ​បាត់​សូន្យឈឹង​សរុប​ទាំង​ឆ្នាំ​២០១៩ និង​២០២០ ប្រាក់​ដែល​បាត់​ចំនួន​៩៦,២៥៨,៦៦០​រៀល​។ ដូច្នេះ​ប្រាក់​រង្វាន់​ដែល​បាត់​ទាំង​ផ្នែក​ពន្ធដារ និង​សូ​រិ​យោ​ដី ក្នុង​ឆ្នាំ​២០១៩ និង​២០២០ សរុប​ចំនួន​២២៩,៨៣៥,៧១៤​រៀល ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាសង្កាត់​អះអាង​ថា ប្រាក់​ទាំងនោះ​ទាល់តែ​មានការ​ចុះហត្ថលេខា​ពី​លោក​ចៅសង្កាត់ ទើប​បើក​ពី​ធនាគារ​បាន ហើយ​ស្មៀន​ជា​អ្នក​ទៅ​បើក ប៉ុន្តែ​ពុំ​ដឹង​ថា មូលហេតុ​អី ទើប​បាត់​ដល់​ទៅ​ជាង ២០០​លាន​រៀល បែប​នេះ​ទេ ។

លោក កង វង ចៅសង្កាត់​ចោម​ចៅ​ទី​១ ក៏​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា លោក​អត់​បានដឹង​ព័ត៌មាន​ទាំង​អស់នេះ​ឡើយ ព្រោះ​ស្មៀន​ជា​អ្នក​ទៅ​បើក​យក​មក​បែងចែក​ជូន​ដល់​មន្ត្រី ហើយ​បាត់ ឬ​យ៉ាងណា​នោះ លោក​អត់​បានដឹង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ