រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយ មានសិទ្ធិដាក់ភ្នាក់ងារចូលរួមសង្កេតមើលពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣បាន ។
ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប បានលើកឡើងក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប បានអោយដឹងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួន តាមការចាំបាច់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារត្រូវធ្វើឡើងតាមនីតិវិធី របស់ គ.ជ.ប ដោយប្រើគំរូពាក្យសុំទម្រង់បែបបទ ១០០៧ ។
ឯកឧត្តម បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានរយៈពេល១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួន ក្នុងឃុំ សង្កាត់។ ការងារនេះ ធ្វើរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។
ឯកឧត្ដម បានបន្តទៀតថា ក្នុងរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១ (មួយ) លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។ ក្នុងករណីមានការប្រែប្រួល ប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះ ឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពល រដ្ឋផងដែរ។ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះ នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ ។
ឯកឧត្តម បន្ថែមទៀតថា យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយ ពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត មាន៣ថ្នាក់ គឺថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេច ស្ថាពរបិទផ្លូវតវ៉ា ។
ពាក់ព័ន្ធនឹងការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ឯកឧត្ដម មាន សទិ បានជម្រាបជូនថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត បានចំនួន ៨.៧០២.៣៨២ (ប្រាំបីលាន ប្រាំពីររយពីរពាន់ បីរយប៉ែតសិបពីរ) ស្មើនឹង ៨៩.៦២% ។
ការចែកលិខិតអញ្ជើញតាមភូមិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលលិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ ។
តាំងនាម គ.ជ.ប ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានធ្វើការអំពាវនាវអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការ ទទួលខុសត្រូវខ្ពស់ នឹងទទួលបានលទ្ធផលជោគជ័យ ៕




ចែករំលែកព័តមាននេះ