ខេត្តកោះកុង ៖ អ្នករកស៊ីដឹកឈើគ្រញូងម្នាក់ក្នុងចំណោម២នាក់ត្រូវបានមន្ត្រីអង្គការអភិរក្សសត្វព្រៃ និងការពារព្រៃឈើ មានកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត (វាយអេត) បាញ់បណ្តាលឱ្យរងរបួសធ្ងន់ ខណៈអ្នករកស៊ីដឹកឈើគ្រញូងនេះ ចេះតែព្យាយាមបើករថយន្តឡង់គ្រីស្ស័រ រត់រហូតមកដល់ភូមិសិលាម្នាង ឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ឧសភា ២០១១ ។
ព័ត៌មានជំហានដំបូងបានឱ្យដឹងថា ភ្លាមៗគេមិនទាន់ស្គាល់ឈ្មោះអ្នករងរបួសធ្ងន់នោះនៅឡើយទេ គេគ្រាន់តែដឹងថា មុនពេលបាញ់ បណ្តាលឱ្យមនុស្សរងរបួសនោះ គឺរថយន្តឡង់គ្រីស្ស័រមួយគ្រឿងមានដឹកឈើគ្រញូងពេញចេញពីម្តុំចំការអំពៅ ភូមិជី.ខ ហើយពេលនោះមន្ត្រីអង្គការវាយអេត បានឃាត់ឱ្យឈប់ ដើម្បីត្រួតពិនិត្យ (ចាប់ឈើ) ប៉ុន្តែរថយន្តឡង់គ្រីស្ស័រមិនព្រមឈប់ទេ រហូតមកដល់ភូមិសិលាម្នាង ឃុំស្រែអំបិល ទើបមន្ត្រីអង្គការវាយអេតបាញ់សំដៅរថយន្ត បណ្តាលឱ្យត្រូវអ្នកបើកបររងរបួសធ្ងន់ និងបន្តិចម្តងៗរថយន្តបានឈប់ស្ងៀម ចំណែកបុរសម្នាក់ទៀតអង្គុយក្បែរនោះបានបើកទ្វាររថយន្តលោតចុះរត់គេចខ្លួនបាត់ ហើយភ្លាមៗនោះ គេបានចាត់បញ្ជូនអ្នករបួសធ្ងន់ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ។
មកដល់ព្រឹកថ្ងៃទី១៧ ឧសភា ២០១១ អ្នករងរបួសត្រូវបានគេស្គាល់ថា ឈ្មោះហ៊ឹម ម៉ា អាយុ៣២ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាពខេត្តកំពង់ឆ្នាំង ឥឡូវកំពុងសម្រាកព្យាបាលនៅលើគ្រែកាល់ម៉ែត ដោយមានអាការធ្ងន់ធ្ងរ។ ប្រភពព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងមិនផ្លូវការថា មន្ត្រីយោធារងគ្រោះខាងលើត្រូវបានគេដឹកមកតាមរថយន្តដែលមានស្លាកលេខអង្គការ និងរថយន្តស្លាកលេខ ខ.ម ពីរគ្រឿងអមដំណើរចូលមន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង១១យប់ក្រោយផ្ទុះហេតុការណ៍។
គ្រូពេទ្យបានបង្ហើបឱ្យដឹងថា មន្ត្រីយោធារងគ្រោះរកស៊ីដឹកឈើគ្រញូងត្រូវគ្រាប់ចំក្រោមស្លាបប្រចៀវខាងឆ្វេង បណ្តាលឱ្យរបួសសួតធ្ងន់ធ្ងរមិនទាន់ធ្វើការវះកាត់ភ្លាមៗបានឡើយ និងរង់ចាំតាមដានស្ថានភាពអ្នកជំងឺបន្តិចទៀតសិន ។ មន្ត្រីប៉េអឹមមួយរូប ទំនងស្ថិតក្នុងសមត្ថកិច្ចចម្រុះដែលមានភារកិច្ចបង្ក្រាបក្រុមដឹកឈើអនាធិបតេយ្យបានឱ្យកងការពារមន្ទីរពេទ្យដឹងថា សមត្ថកិច្ចមិនមានចេតនាបាញ់បុរសខាងលើនោះទេ គឺបាញ់ចុះក្រោមដើម្បីគំរាមរថយន្តឱ្យឈប់ ព្រោះរថយន្តនោះជាប់បទល្មើសដឹកឈើគ្រញូងតែបែរជាប្លាតទៅត្រូវបុរសនោះទៅវិញ ។ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ