ថ្មីៗនេះ សមត្ថកិច្ចថៃចាប់បានគ្រឿងញៀនប្រភេទម៉ាទឹកកក និងសារធាតុញៀនដទៃទៀតជាង១៥លានគ្រាប់ គិតជាទឹកប្រាក់ជាង៨លានដុល្លារ។ នេះជាការបំបែកសម្បុកគ្រឿងញៀនដ៏ធំមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៣។ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនេះ និងដកហូតម៉ាទឹកកក៤២០គីឡូក្រាម និងហេរ៉ូអ៊ិនមួយចំនួន។
ប្រតិបត្តិបង្ក្រាបគ្រឿងញៀនដ៏ធំនេះកើតឡើងនៅក្នុងផ្ទះ១កន្លែងនៃខេត្តនគរបឋម (Nokhon Pathom) ស្ថិតនៅភាគខាងជើងទីក្រុងបាងកក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងថានេះជាការបង្ក្រាបកន្លែងស្តុកទុកគ្រឿងញៀនដ៏ធំបំផុតនៅកណ្ដាលប្រទេសថៃតែម្ដង។ អគ្គស្នងការនគរបាលថៃថ្លែងថាគ្រឿងញៀនទាំងនេះមានតម្លៃនៅលើទីផ្សារងងឹត៣រយលានបាត។ លោកមិនបញ្ចេញឈ្មោះប្រទេសណាទេ។ លោកគ្រាន់តែបង្ហើបឱ្យដឹងថាថ្នាំញៀនទាំងនេះផលិតនៅប្រទេសជិតខាងថៃ។
សកម្មភាពផលិត និងជួញដូរគ្រឿងញៀនកំពុងកក្រើកឡើងវិញ
អង្គការសហប្រជាជាតិសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំនេះថាសកម្មភាពរត់ពន្ធគ្រឿងញៀនសំយោគ (synthetic drugs) នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍កំពុងកក្រើកឡើងវិញ។ របាយការណ៍នេះរៀបរាប់ថាថ្នាំញៀនប្រភេទម៉ាទឹកកកនៅតែផលិត និងដឹកជញ្ជូនចេញពីតំបន់ត្រីកោណមាសដែលជាចំណុចប្រសព្វរវាងប្រទេសថៃ ឡាវ និងភូមា។
តំបន់នេះមានប្រវត្តិល្បីជាយូរមកហើយខាងផលិតគ្រឿងញៀន។ ថ្មីៗនេះទៀត តំបន់នេះក្លាយជាទីតាំងធំខាងផលិតម៉ាទឹកកក និងថ្នាំញៀនជាច្រើនប្រភេទសម្រាប់ភ្ញោចអារម្មណ៍មនុស្សឱ្យសប្បាយ។ ក្រុមសង្គមងងឹតនៅទ្វីបអាស៊ីប្រើប្រាស់ទីនេះសម្រាប់ផលិត និងចែកចាយជាមួយបណ្ដាញរបស់គេដែលមានគ្រប់ទីកន្លែងតាំងពីប្រទេសជប៉ុនរហូតដល់នូវែលហ្សេឡង់។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែក១ទៀតនៅប្រទេសភូមា អាជ្ញាធរប្រាប់ថាពួកគេទើបតែចាប់បានគ្រឿងញៀនម៉ាទឹកកកជិតកន្លះតោនដែលមានតម្លៃជាង៤លានដុល្លារ។ កងសន្តិសុខជាតិភូមាឃើញអ្នកបើកម៉ូតូ និងឡានចេញពីក្នុងព្រៃក៏មានការសង្ស័យ ហើយហៅឱ្យឈប់។ ហេតុការណ៍នេះកើតឡើងនៅតំបន់ម៉ាន់ដាឡេ (Mandalay) តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ។
អាជ្ញាធរថ្លែងថាក្រោយពេលឆែកឆេរ គេរកឃើញម៉ាទឹកកកទម្ងន់៤៣៥គីឡូក្រាមដែលត្រូវគេដឹកជញ្ជូនចេញពីរដ្ឋសាន (Shan) នៃប្រទេសភូមា។ ទីនេះជាទីតាំងផលិត និងចែកចាយម៉ាទឹកកកធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ សមត្ថកិច្ចភូមាកំពុងស៊ើបអង្កេតសំណុំរឿងនេះជាបន្តទៀត។
ក្រុមអ្នកវិភាគយល់ថាពួកយោធាភូមាមិនប្រាកដជាចាត់វិធានការក្ដៅទៅលើគ្រឿងញៀនទេ ខណៈដែលការជួញដូរទំនិញប្រភេទនេះកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង។ កាលពីដើមឆ្នាំ២០២៣, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិយាយសារភាពតាមត្រង់ថាយុទ្ធនារបស់ខ្លួននៅក្នុងការបង្ក្រាបគ្រឿងញៀនដែលគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារនោះគ្មានប្រសិទ្ធភាពទេ៕
ប្រភព៖ Al Jazeera
https://www.aljazeera.com/news/2023/9/28/thai-police-seizes-8-15-million-worth-methamphetamine-pills-and-other-drug#:~:text=Thai%20police%20seized%20more%20than,hauls%20so%20far%20this%20year












ចែករំលែកព័តមាននេះ