រាជធានីភ្នំពេញ ៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ ។
ការទទួលប្រគល់ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ដែលមជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើង ក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះ នៅក្រុងប៉ោយប៉ែត ត្រូវបានសាងសង់ឡើង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។
ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេស ជួយដល់ពលរដ្ឋរងគ្រោះ ពីការជួញដូរនេះ។
បន្ទាប់ពីចប់ជំនួបទ្វេភាគីហើយនោះ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ។
សូមជម្រាបថា លោក សេដ្ឋា ថាវីស៊ីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង បន្ទាប់ពីលោក បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ថៃ ។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃរូបនេះ មានកម្មវិធីមួយចំនួន ដូចជា ការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ, អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ», ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាដើម ។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា ជាពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតី នៃ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុល ភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕
















ចែករំលែកព័តមាននេះ