ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ធនាគារពិភពលោក ជំរុញ​កិច្ចសហការ​គម្រោង “​ជំនាញ​កម្ពុជា ដើម្បី​ការងារ​ប្រសើរ​” ឲ្យ​ជោគជ័យ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​ធនាគារពិភពលោក បាន​សន្យា​រួម​គ្នា ជំរុញ​កិច្ចសហការ​គម្រោង “​ជំនាញ​កម្ពុជា ដើម្បី​ការងារ​ប្រសើរ​” ឲ្យ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​ធនាគារពិភពលោក បាន​សន្យា​រួម​គ្នា ជំរុញ​កិច្ចសហការ​គម្រោង “​ជំនាញ​កម្ពុជា ដើម្បី​ការងារ​ប្រសើរ​” ឲ្យ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ម៉ា​រៀម ស្ហឺ​រ​មែន (Mariam Sherman) នាយក​ធនាគារពិភពលោក ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ក្នុង​កិច្ច​ពិភាក្សា ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ធនាគារពិភពលោក ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ជំនាញ​ពលកម្ម​កម្ពុជា តាំងពី​ដើម​កន្លង​មក​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្រសួង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​បំផុត ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​ធនាគារពិភពលោក ដើម្បី​បញ្ចប់​គម្រោង “​ជំនាញ​កម្ពុជា ដើម្បី​ការងារ​ប្រសើរ​” (Cambodia Skills for Better Jobs) ឲ្យ​ទាន់​ពេលវេលា​កំណត់ ដើម្បី​ជា​ត្រីវិស័យ​យ៉ាង​សំខាន់​សម្រាប់​ពង្រឹងគុណភាព​ជំនាញ ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​ផ្តល់​ព័ត៌មាន រួម​ទាំង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ ដើម្បី​ការងារ​ប្រសើរ ។

គម្រោង “​ជំនាញ​កម្ពុជា ដើម្បី​ការងារ​ប្រសើរ​” គឺជា​គម្រោង​គន្លឹះ ដែល​នឹង​មាន​ជា​និយាម​ជាក់លាក់​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​យុវជន​១.៥​លាន​នាក់ មក​ពី​គ្រួសារ​ក្រ​១ ក្រ​២ និង​គ្រួសារ​ងាយ​រង​គ្រោះ ដែល​ជា​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​មក​ពី​ក្រុម​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដើម្បី​អាច​ទទួល​បាន​ជំនាញ​ជាក់លាក់​យ៉ាង​ឆាប់រហ័ស ហើយ​ងាយ​ទទួល​បាន​ឱកាស​ការងារ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​កំពុង​តម្រូវការ​ជំនាញ​បច្ចេកទេស ដើម្បី​បំពេញតម្រូវការ​សកម្មភាព​សេដ្ឋកិច្ច ។

ក្នុង​នោះ​លោកស្រី ម៉ា​រៀម ស្ហឺ​រ​មែន បាន​អះអាង​ថា ធនាគារពិភពលោក បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹងគុណភាព​ជំនាញ​ដល់​យុវជន​កម្ពុជា ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ