ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពហើយ លោកបានចាត់ទុកជំនួបនោះថា គឺជាការពិភាក្សាប្រកប ដោយផ្លែផ្កាលើបញ្ហាមួយចំនួន ។

យោងតាមហ្វេស ប៊ុក ផេក របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអោយដឹងថា លោក ផែតទ្រីក ម៉ឺកហ្វី ( Patrick Murphy) បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អាមេរិកនៅក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរបស់កម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងសម្រាប់តាមរយៈជំនួយ៣០០០លានដុល្លារ ដែលផ្តល់អោយកម្ពុជាក្នុងរយៈពេល៣០ ឆ្នាំកន្លងមក ។
លោកទូតក៏បានធ្វើការកត់សម្គាល់ផងដែរថា ការសម្រេចចិត្ត ដើម្បីបន្តឡើងវិញកម្មវិធីជំនួយបរទេសអាមេរិកជាច្រើន គឺជាផ្នែកនៃជំនួយដ៏ទូលំទូលាយ ដែលមានសារសំខាន់ចំពោះសុខភាពប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍ប្រកដោយចីរភាព។ លោក ទូតក៏បាន គូសបញ្ជាក់ពីសារសំខាន់នៃសិទ្ធមនុស្ស និងការការពារសេរីភាពជាសារវ័ន្តជាផ្នែក៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ។

ចំណែក ហ្វេសប៊ុកផេក របស់សម្តេច ធិបតី បានអោយដឹងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិកតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗដូចជា ៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចីរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៣) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម ។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោល គឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់ អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជា (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្មសម្រាប់ឱ្យពលរដ្ឋខ្មែរអាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញសំដៅកសាងជីវិតថ្មីមួយឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា ។ ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជន ជាតិអាមេរិក បាត់ខ្លួនឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត ។ ជាកិច្ចបញ្ចប់សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ ៕ ដោយ ប្រេវីន
ចែករំលែកព័តមាននេះ