ខេត្តស្ទឹងត្រែង ៖ ផ្លូវលំអភិវឌ្ឍន៍ក្រាលក្រួសក្រហមមួយខ្សែដែលកសាងដោយកងវិស្វកម្មចាប់ពីស្រុកថាឡាបរិវ៉ាត់ ទៅដល់ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានរងការខូចខាតជាច្រើនកន្លែងដោយសារទឹកភ្លៀងហូរច្រោះដាច់ ។
តាមព័ត៌មានបានឱ្យដឹងថា ផ្លូវលំមួយខ្សែនេះទើបតែកសាងរួចបានរយៈពេលជាង៧ខែប៉ុណ្ណោះ តែដោយសារតំបន់នេះជាតំបន់ភ្នំម្ខាងខ្ពស់ ម្ខាងទាប ម្យ៉ាងវិញទៀតពុំមានប្រឡាយ ឬដាក់លូបង្ហូរទឹក ទើបបណ្តាលឱ្យភ្លៀងដក់ទឹករួចហូរច្រោះកាត់ទទឹងថ្នល់មកកន្លែងទាបធ្វើឱ្យបាក់ដីដាច់ ។
ផ្លូវមួយខ្សែនេះមានសារសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះជាផ្លូវឆ្លងកាត់ខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារដែលបានជួយកាត់បន្ថយពេលវេលា និងថវិកាជាច្រើន។ ពិសេសជាងនេះទៀត ផ្លូវមួយខ្សែនេះជាផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាជនក្នុងខេត្តស្ទឹងត្រែង ដែលអាចឱ្យពួកគាត់រកចំណូលបានតាមរយៈភ្ញៀវទេសចរទៅលេងកម្សាន្តនៅរមណីយដ្ឋានអន្លង់ផ្សោត អូរឈើទាល និងទឹកធ្លាក់សុភមិត្រជាដើម ដោយមិនពិបាកឆ្លងកាត់ទៅដល់ព្រំដែនកម្ពុជា-ឡាវ រួចជិះទូកបន្តទៅទៀតឡើយ។
គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះធ្លាប់រងនូវការខូចខាតម្តងរួចមកហើយ ដោយសារការដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត មុនពេលកងវិស្វកម្មបានកសាងកាលពី៦-៧ខែមុននេះ ៕
ចែករំលែកព័តមាននេះ