ថ្មីៗនេះ តុលាការនៅខេត្តដុងណាយ ប្រទេសវៀតណាម សម្រេចផ្ដន្ទាទោសជនជាប់ចោទ១១នាក់ពីបទជួញដូរមនុស្ស និងដឹកជញ្ជូនមនុស្សឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា។ ចំនួនមនុស្សដែលពួកគេធ្លាប់បានដឹកជញ្ជូនកាលពីពេលកន្លងមកមានរហូតដល់រាប់រយនាក់។ មានន័យថាពួកនេះមានបណ្ដាញដើរឃោសនា និងជួញដូរជាក្រុមសង្គមងងឹតដែលមានការចាត់តាំងច្បាស់លាស់។
ជនជាប់ចោទឈ្មោះវឿងវ៉ាន់ថាញ់ អាយុ៣៦ឆ្នាំ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំកន្លះពីបទជួញដូរមនុស្ស។ ជនជាប់ចោទដប់នាក់ទៀតត្រូវជាប់ពន្ធនាគារពី៣ឆ្នាំកន្លះទៅ៨ឆ្នាំពីបទសមគំនិតជាមួយវឿងវ៉ាន់ថាញ់នៅក្នុងបណ្ដាញជួញដូរមនុស្ស។ តុលាការរកឃើញថាចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២២ វឿងវ៉ាន់ថាញ់ និងបក្សពួក៣នាក់ទៀតបានប្រកាសជ្រើសរើសពលករទៅធ្វើការនៅប្រទេសកម្ពុជា។ ពួកគេសន្យាថានឹងទទួលបានប្រាក់ខែច្រើន។
វឿងវ៉ាន់ថាញ់ទទួលបានប្រាក់៦រយដុល្លារពីពលករម្នាក់ៗ។ ក្រោយពេលចេញដំណើរពីវៀតណាម, ពួកគេបញ្ជូនពលករទាំងនោះទៅធ្វើការនៅតាមក្រុមហ៊ុនឯកជនដែលគ្រប់គ្រងដោយជនជាតិចិន។ ពួកគេត្រូវធ្វើការថែមម៉ោង, ត្រូវទាក់ទងអតិថិជនតាមអនឡាញជាលក្ខណៈបោកបញ្ឆោតឱ្យចូលអន្ទាក់របស់ក្រុមហ៊ុនចិន និងនិយាយអូសទាញអ្នកដទៃឱ្យលេងល្បែងអនឡាញ។ ពួកគេត្រូវធ្វើការងារជាច្រើនទៀតដោយមានមេការបស់ក្រុមហ៊ុនចាំត្រួតពិនិត្យយ៉ាងដិតដល់។
បើនរណាចង់វិលត្រឡប់ទៅវៀតណាមវិញ គ្រួសារពួកគេត្រូវបង់ប្រាក់ជំពាក់ទៅឱ្យក្រុមហ៊ុនចាប់ពី២៥០០ទៅ៥៣០០ដុល្លារក្នុងម្នាក់ៗ។ បណ្ដាញក្រុមសង្គមងងឹតដែលជួញដូរមនុស្សធ្វើការខុសច្បាប់នេះត្រូវបែកធ្លាយ និងឈានដល់ការចាប់ខ្លួនបន្ទាប់ពីជនរងគ្រោះម្នាក់អាចរត់ចេញពីក្រុមហ៊ុន និងស្នើសុំឱ្យគេជួយកាលពីខែកក្កដា ឆ្នាំ២០២២។
នៅក្នុងបន្ទប់សវនាការ, ក្រុមរបស់វឿងវ៉ាន់ថាញ់ឆ្លើយសារភាពទទួលកំហុសគ្រប់យ៉ាង។ អាជ្ញាធរវៀតណាមប្រាប់ថាប្រទេសនេះមានព្រំដែនវែងអន្លាយ និងមានច្រកចេញចូលច្រើន។ ម៉្លោះហើយមិនមែនងាយស្រួលទប់ស្កាត់ការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ប៉ុន្មានទេ។ វៀតណាមត្រូវការការចូលរួមសហការពីកម្លាំងខាងក្នុងប្រទេសផង និងកម្លាំងពីខាងក្រៅប្រទេសផងដើម្បីធ្វើកិច្ចការនេះ។
រយៈពេល៤ឆ្នាំចុងក្រោយនេះ អាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេជួញដូរជាង៣៥០នាក់ និងទទួលបានជនរងគ្រោះដែលអាចរត់គេចខ្លួនត្រឡប់ទៅវៀតណាមវិញ៥៤៥នាក់។ នេះបើយោងតាមគណៈកម្មការយុត្តិកម្មនៃរដ្ឋសភាវៀតណាម៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/11-people-jailed-for-trafficking-hundreds-of-jobseekers-to-cambodia-4657645.html
ល្បែងអនឡាញ
ជនរងគ្រោះវៀតណាមដែលចាញ់បោកគេ
ជនរងគ្រោះវៀតណាមដែលចាញ់បោកគេ

ចែករំលែកព័តមាននេះ