ខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទបែនដឹកដី ដែលលួ.ចដឹកឈើប្រភេទម្រេញ ពេញប្រៀប ត្រូវបានកម្លាំងអង្គការ ដើម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ ហៅកាត់ថា (NRPDO) ធ្វើការឆ្មក់បង្ក្រាបបាន ខណៈពេលដែលមេឈ្មួញចាស់វស្សាប្រចាំស្រុកឱរ៉ាល់ដ៏ល្បីឈ្មោះមួយរូប បានដឹកជញ្ជូនទាំងថ្ងៃចេញពីតំបន់ជាំ មកស្តុកនៅក្នុងផ្ទះរបស់មេឈ្មួញព្រៃឈើរូបនោះ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចដឹកជញ្ជូនបន្តទៅលក់នៅរាជធានីភ្នំពេញ និងចេញទៅលក់នៅឯប្រទេសវៀតណាមជាបន្តទៀត។

ការបង្ក្រាបរថយន្តបែនដឹកឈើខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ល់ ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ការបង្ក្រាបរថយន្តបែនដឹកឈើរបស់មេឈ្មួញព្រៃឈើនេះ ដោយមានការតាមដានអស់រយៈពេលជាច្រើនខែមកហើយ ទើបឈានទៅដល់ការបង្ក្រាបបានបែបនេះ ដែលជាប្រភេទរថយន្តបែន ក្បាលពណ៌.សលាយសំបកឪឡឹក ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-3231។ ហើយការបង្ក្រាបរថយន្តដឹកបទល្មើសនេះ ក៏មានការសហការជាមួយបណ្តាញសម្ងាត់ក្នុងការរាយការណ៍ មកអង្គការផងដែរ។

ប្រភពដដែលបានបន្តថា រថយន្តបែនដឹកឈើម្រេញខាងលើនេះ ជារបស់មេឈ្មួញចាស់វស្សាដែលមានឈ្មោះ ណុប ឌី ហៅឆើត អាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ហើយការដឹកជញ្ជូនឈើម្រេញនេះ កឺចេញពីតំបន់ជាំ ដែលជាកន្លែងស្តុបឈើដ៏ធំប្រចាំតំបន់ស្រុកឱរ៉ាល់តែម្តង។
ប្រភពដដែលបន្តទៀតថា ម្យ៉ាងទៀត ការដឹកជញ្ជូនឈើតាមរថយន្តគ្រប់រូបភាពរបស់មេឈ្មួញចាស់វស្សារូបនោះ ឆ្លងកាត់ស្នាក់ការបរិស្ថាន សមត្ថកិច្ចតាមដងផ្លូវមាន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ព្រមទាំងស្នាក់ការមេព្រៃជាច្រើនកន្លែងថែមទៀតផង។ ប៉ុន្តែអស់លោកសមត្ថកិច្ច និងជំនាញទាំងអស់នោះ មិនដែលចាប់ ឬបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាឈ្មោះណុប ឌី ហៅឆើត បានម្តងណាឡើយ ទាល់តែអង្គការ ដើម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ ចុះបង្ក្រាបទើបលេចមុខអស់លោកសមត្ថកិច្ចជំនាញមកសហការ ដើម្បីកុំឱ្យថ្នាក់លើស្តីបន្ទោសតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបន្តបន្ថែមទៀតថា រថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាឈ្មោះ ណុប ឌី ហៅឆើត ដែលខាងអង្គការបង្ក្រាបបាននេះ មានចំនួន១៥កំណាត់ ជាង៧ម៉ែត្រគូប មុខកាត់ធំៗ៥០ជុំ។
ក្រោយពីធ្វើការបង្ក្រាប ក៏បានប្រគល់ឱ្យទៅជំនាញបរិស្ថានខេត្តកំពង់ស្ពឺ និងយករថយន្តដឹកបទល្មើសព្រៃឈើនោះ ទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

ចែករំលែកព័តមាននេះ