ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​ជិះ​ម៉ូតូ​វ៉ា ទូរស័ព្ទ​ហៅ​គ្នីគ្នា​មក​ដេញ​កា​.​ប់​ផ្អើល​ផ្លូវជាតិ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​៤​នាក់

7 ខែ មុន
  • ព្រៃវែង

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ សហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​មួយ​ក្រុម មាន​គ្នា​៤​នាក់ កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ក្រោយ​ពេល​ពួក​គេ​ធ្វើ​សកម្មភាព​

ខេត្តព្រៃវែង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ សហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​មួយ​ក្រុម មាន​គ្នា​៤​នាក់ កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ក្រោយ​ពេល​ពួក​គេ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​យុវជន​២​នាក់​បណ្ដាល​ឲ្យ​រង​របួសស្រាល​។

សកម្មភាព​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ឧត្តម ស្ថិត​ក្នុង​ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដោយ​កម្លាំង​នគរ​បាល​ចំនួន​២​ស្រុក គឺ​ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់​។ ហើយពី​ដំបូង គឺ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​យុវជន​បាន​ចំនួន​៣​នាក់ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ដដែល ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ថែម​ទៀត​។

ក្រុម​យុវជន​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ខាងលើ​នេះ ទី​១- ឈ្មោះ សាន់ ចេ​ង ហៅ ពៅ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​។ ទី​២- ឈ្មោះ ហួរ រ៉​នវ​ឌ្ឍ​នា អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​។ ទី​៣- ឈ្មោះ ទាវ ឧត្តម អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និង​ទី​៤- ឈ្មោះ ជុំ អេ​ង អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ​។ អ្នក​ទាំង​៤​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកញ្ញា យុវជន​ម្នាក់​ឈ្មោះ ទាវ ឧត្តម បាន​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៣១០ ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ក្របៅ​ស្រុក​ពាម​ជរ​។ ខណៈ​ពេល​នោះ ក៏​មាន​យុវជន​ពីរ​នាក់​ផ្សេង​ទៀត ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពីក្រោយ ហើយ​បាន​បើក​​វ៉ា​ម៉ូតូ​របស់​ឈ្មោះ ទាវ ឧត្តម ធ្វើ​ឱ្យឈ្មោះ ឧត្តម ខឹង ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​ទៅ​ទាន់ រួច​សម្លឹង​មើល​មុខ​យុវជន​ទាំង​២​នាក់​នោះ​តែ​ម្ដង​។ បន្ទាប់​មក រូបគេ (​ទាវ ឧត្តម​) ក៏​បាន​ទូរស័ព្ទ​ហៅ​បក្សពួក​របស់​គេ គឺ​ឈ្មោះ ហ៊ួ​រ រ៉​នវ​ឌ្ឍ​នា ដោយ​ប្រាប់​ថា «​មាន​គេ​ជិះ​ម៉ូតូ​វ៉ា​ខ្លួន ហើយ​រក​វា​.​យ​ខ្លួន​ទៀត»​។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ឮ​ដូច្នេះ​ភ្លាម ធ្វើ​ឲ្យ​ឈ្មោះ ហួរ រ៉​នវ​ឌ្ឍ​នា ជា​មិត្តភក្តិ​ខឹង ហើយ​ក៏​នាំ​ឈ្មោះ សាន់​ចេ​ង ហៅ ពៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម ដេញ​តាម​ពីក្រោយ​ភ្លាម​ៗ​តែ​ម្ដង​។ លុះ​ពេល​ទៅ​ទាន់​ម៉ូតូ​យុវជន​រង​គ្រោះ​ទាំង​២​នាក់ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ធំ ក៏​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ម៉ូតូ​យុវជន​រង​គ្រោះ​មួយ​ដាវ​ត្រូវ​កែបម៉ូតូ និង​មួយ​ដាវ​ទៀត​ត្រូវ​យុវជន​រង​គ្រោះ​ឈ្មោះ សេង សេដ្ឋា​ន បណ្ដាល​ឲ្យ​របួសស្រាល​។ ភ្លាម​ៗ​នោះ យុវជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​រត់​មក​ដល់​មុខ​វត្ត​អ្នក​លឿង​ក្រោម រួច​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​ក្រុម​យុវជន​បង្ក​ខ្លាច ក៏​នាំ​គ្នា​បក​ម៉ូតូ​ត្រឡប់​ត្រឡប់​ក្រោយ​វិញ រួច​រត់គេច​ខ្លួន​បាត់​អស់​ទៅ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា លុះ​ស្អែក​ឡើង គឺ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ទើប​យុវជន​រង​គ្រោះ​នាំ​គ្នា​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អ្នក​លឿង ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ចុះ​តាម​ស្វែងរក​ក្រុម​យុវជន​បង្ក​ទាំងនោះ រហូត​រក​ឃើញ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​។

បច្ចុប្បន្ន ក្រុម​យុវជន​បង្ក​ទាំង​៤​នាក់​នេះ កំពុង​តែ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ ដោយ​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចាត់ការ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ