ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​មិន​ផ្តល់​ទិដ្ឋាការ​ចាក់​បញ្ចាំង​រឿង​ចិន «No more bets» ជា​ភាពយន្ត​រុញ​ទេសចរណ៍​ខ្មែរ​ក្នុង​រណ្តៅ​ភ្លើង

7 ខែ មុន
  • ភ្នំពេញ

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​​ឃើញ​ថា ភាពយន្ត​ចិន ដែល​មាន​ចំណងជើង​ថា «No more bets» បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ​នោះ កម្ពុជា​បាន​សម្រេច​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​មួយ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​​ឃើញ​ថា ភាពយន្ត​ចិន ដែល​មាន​ចំណងជើង​ថា «No more bets» បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ​នោះ កម្ពុជា​បាន​សម្រេច​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​មួយ ដោយ​បាន​ដាក់​លិខិត​ទៅ​ប្រទេស​ចិន តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​សុំ​ឱ្យ​ផ្អាកការ​ចាក់​បញ្ចាំងភាពយន្ត​ចិន​មួយ​នេះ​។

ឯកឧត្តម ស៊ុំ ម៉ា​ប់ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា «​ភ្លាម​ៗ ក្រោយ​ពី​ក្រសួង​បានឃើញ​តាម​បណ្តាញ​សង្គម​នៅ Trailer ពាណិជ្ជកម្ម​របស់​កុន​មួយ​នេះ កម្ពុជា​បាន​ចាត់វិធានការ​ភ្លាម​ៗ​តែ​ម្តង​»​។ ឯកឧត្តម​បាន​ថ្លែង​ថា «​ជំហរ​របស់​យើង គឺ​មិន​ឯកភាព​ទេ (​ចំពោះ​ភាពយន្ត​នេះ​)»​។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ មាន​ប្រសាសន៍​ថា «​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​មតិ​សាធារណៈ ដែល​បាន​បង្ហាញ​កង្វល់​ថា ភាពយន្ត​ចិន​នេះ ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺជា​រឿង​ត្រឹមត្រូវ​។ «​ព្រោះ​ចេញ​ភាពយន្ត​របៀប​អ៊ីចឹង វា​ប៉ះពាល់​ដល់​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព​ពេញលេញ​»​។ នេះ​ជា​ការ​ថ្លែង​របស់​ឯកឧត្តម ស៊ុំ ម៉ា​ប់ ដោយ​ឯកឧត្តម​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា «​ខ្ញុំ​សូម​ជម្រាប​ថា ទី​១ ជា​ប្រភេទ​ខ្សែភាពយន្ត​ដែល​គេ​ផលិត​នៅ​ប្រទេស​គេ ដែល​វា​ផុត​អំពី​ការ​ដឹង​របស់​យើង​។ ពេល (​ភាពយន្ត​) ចេញ​ហើយ បាន​យើង​ដឹង​។ អ៊ីចឹង​ឱ្យ​មាន​វិធាន​ការណ៍​ណា​ទប់ស្កាត់​ជា​មុន ក៏​យើង​អត់​មាន​ដែរ ព្រោះ​នៅ​ប្រទេស​គេ​។ យើង​បញ្ជាក់​ឱ្យ​ច្បាស់​»​។

ឯកឧត្តម ស៊ុំ ម៉ា​ប់ បាន​ថ្លែង​បន្ត​ថា «​ទី​២ ភ្លាម​ៗ នៅ​ពេល​យើង​បានឃើញ​ឃ្លី​ប​នៅ​លើ​យូ​ធូប មុន​នឹង​មាន​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ទៅ​ទៀត យើង​បាន​ទំនាក់ទំនង​ធ្វើការ​ជាមួយ​ក្រសួងការបរទេស ហើយ​បាន​ចេញ​លិខិត​មួយ​ទៅ​តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ឱ្យ​ទប់ស្កាត់​រឿង​ហ្នឹង​។ រឿង​នេះ យើង​បាន​ធ្វើ​រួច​ហើយ ទៅ​ដល់​ស្ថានទូត​ចិន​រួច​ហើយ​»​។ ដោយឡែក​វិធានការ​របស់​រដ្ឋា​ភិបាល​​គេ​យ៉ាងម៉េច យើង​ក៏​អត់​ទាន់​ដឹង​ដែរ ព្រោះ​នេះ​គឺជា​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​របស់​គេ»​។

ឯកឧត្តម ស៊ុំ ម៉ា​ប់ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ភ្លាម​ៗ ក្រោយ​ពី​បានឃើញ Trailer ភាពយន្ត​ចិន​មួយ​នេះ ខាង​ភាគី​កម្ពុជា ក៏​បាន​ស្នើ​សុំ​ភាពយន្ត​ពេញ​យក​មក​ពិនិត្យ​ផង​ដែរ​។ «​យើង​បាន​ស្នើ​សុំ​ខាង​ភាគី​ចិន ដើម្បី​បញ្ជូន​វី​ដេ​អូ​ពេញ ហើយ​យើង​ក៏​បាន​អង្គុយ​មើល​ដែរ អ្នកជំនាញ​យើង​ពិនិត្យ​ឃើញ​ថា តាម​កម្មវត្ថុ​នៃ​ការ​ផលិត​របស់​ចិន​នេះ គឺ​ដើម្បី​អប់រំ​ចិន​គ្នា​គាត់​នៅ​ក្នុងស្រុក​។ ប៉ុន្តែ​បំណង​របស់​គាត់​ដែល​អប់រំ​ហ្នឹង វា​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន​។ អ៊ីចឹង នៅ​ពេល​យើង​មើលរូប​ភាព​ពេញ​ទៅ យើង​ឃើញ​ថា មិនមែន​តែ​កម្ពុ​ជាមួយ​ទេ បណ្តា​ប្រទេស​សមាជិក​ប្រ​ទស​អាស៊ាន​ត្រូវ (​ប៉ះពាល់​) ទាំងអស់ ប៉ះ​ទាំងអស់ ប៉ះ​ភាគច្រើន​តែ​ម្តង​។ រឿង​នេះ បើ​តាម​អ្នកជំនាញ​គាត់​មើល គឺ​បន្ទាប់​ពី​កើត​មានរឿង​នៅ​សាំង​ហ្គា​ពួរ បាន​មាន​ផលិតកម្ម​នេះ​ចេញ​មក ដើម្បី​អប់រំ​គ្នា​គាត់​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ស៊ុំ ម៉ា​ប់​។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ត​ថា «​ទិស​ដៅ​អប់រំ​គ្នា​គាត់ មក​ប៉ះ​ប្រទេស​ដទៃ ក្នុង​នោះ​យើង​ឃើញ​មាន​ទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា ទាំង​ថៃ មិនមែន​តែ​កម្ពុ​ជាមួយ​ទេ តាម​ពិត​ទៅ​។ ហើយ​ប្រទេស​ផ្សេង ក៏​គេ​ប្រតិកម្ម​ដូច​គ្នា ដូចដែល​ប្រជាជន​កម្ពុជា​យើង​ប្រតិកម្ម​អ៊ីចឹង គឺ​ដូច​គ្នា​»​។ «​អ៊ីចឹង វិធាន​ការណ៍​របស់​យើង​ដូច​ខ្ញុំ​បាន​ជម្រាប ទី​១- យើង​គាំទ្រ ដូច​ស្មារតី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង ទឹកដី​ប្រទេស​កម្ពុជា មិនមែន​ទឹកដី មិនមែន​រឿង​អាក្រក់​ៗ​បែប​ហ្នឹង​ទេ​។ ហើយ​កាលដែល​គាត់​ផលិត​ហ្នឹង គឺជា​ផ្ទៃក្នុង​របស់​គាត់ ហួស​ពី​ការ​ដឹង​របស់​យើង​»​។ «​អ៊ីចឹង​វិធានការ​បន្ទាប់​មក​ទៀត គឺ​យើង​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​ខ្សែភាពយន្ត​ហ្នឹង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​យើង​ទេ យើង​មិន​ឱ្យ​អាជ្ញា​បណ្ណ​ចាក់​ផ្សាយ​ទេ​។ ហើយ​ក្នុង​ករណី​ដែល​មានការ​បង្ហោះ​ទៅ​លើ​បណ្តាញ​សង្គម ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​នោះ យើង​នឹង​ស្នើ​សុំ​ទៅ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​ផ្សាយ នេះ​គឺ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​។ «​អ៊ីចឹង ខ្ញុំ​សង្ខេប​ឡើង​វិញ យើង​មិន​អនុញ្ញាត​ឱ្យ​ចរា​ចរណ៍​នៅ​ក្នុងស្រុក យើង​នឹង​ស្នើ​សុំ​អន្តរាគមន៍​ផ្សេង​ៗ ដើម្បី​ទប់ស្កាត់​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​»​។

នៅ​ពេល​សាកសួរ​ថា ចំពោះ​តួអង្គ​ក្នុង​សាច់​រឿង ដែល​ពាក់​អាវយឺត​មាន​អក្សរ​ខ្មែរ តើ​កម្ពុជា​យល់​យ៉ាងណា ឬ​មាន​វិធានការ​ស្នើ​សុំ​លុប ឬ​យ៉ាងណា​នោះ?

ឯកឧត្តម ស៊ុំ ម៉ា​ប់ ថ្លែង​បញ្ជាក់​ថា «​បាទ​ប្អូន ត្រង់នេះ វា​ប៉ះពាល់​ណាស់ វា​មិន​ត្រឹមតែ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ប្រទេស ក៏​ប៉ុន្តែ​ស​ម្ផា​រៈ​ប្រើប្រាស់ (​ក្នុង​ភាពយន្ត​ចិន​) ក៏​ប៉ះពាល់​ដែរ​អាហ្នឹង​។ ប៉ុន្តែ​ត្រង់នេះ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន គេ​ផលិត​លើ​ទឹកដី​គេ បាន​ន័យ​ថា បាយ​ហ្នឹង​ដាំ​ឆ្អិន​ហើយ បាន​យើង​ដឹង​ណា​ប្អូន ព្រោះ​នៅ​លើ​ទឹកដី​គេ យើង​អត់​មាន​សមត្ថភាព​ទៅ​គ្រប់គ្រង​គេ​មុន​ទេ​។ ហើយ​ក្នុង​ការ​ស្នើ​សុំ​ទៅ​ទូត​ចិន គឺ​យើង​ស្នើ​សុំ​ជា​រួម​ឱ្យ​ផ្អាក​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​នេះ​តែ​ម្តង ប្អូន គឺជា​រួម​តែ​ម្តង​។ ស្នើ​សុំ​ជា​រួម វា​ល្អ​ជាង​ស្នើ​សុំ​របៀប​លម្អិត វា​ពិបាក​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​អាវ តែ​គឺ​វា Content អត្ថន័យ​នៃ​ភាពយន្ត​ទៀត​។ អ៊ីចឹង យើង​ស្នើ​សុំ​ជា​រួម​ឱ្យ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​»​។

នៅ​ពេល​សាកសួរ​ថា មក​ដល់​ពេល​នេះ តើ​កម្ពុជា​មាន​ទទួល​បានការ​ឆ្លើយ​តប ឬ​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថានទូត​ចិន ប្រចាំ​ប្រ​ទស​កម្ពុជា​យ៉ាងណា​ដែរ ចំពោះ​ការ​ស្នើ​សុំ​របស់​កម្ពុជា​នោះ?

ឯកឧត្តម ស៊ុំ ម៉ា​ប់ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា «​យើង​មាន​ជំនឿ​ថា ស្ថានទូត​ចិន​កំពុងធ្វើការ​លើ​រឿង​ហ្នឹង​។ ហើយ​យើង​បន្ត​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ទៀត​»​។

សូម​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ផ្ទុះ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំងក្លា ជុំវិញ​ភាពយន្ត​ចិន​មួយ ដែល​មាន​ចំណងជើង​ថា «No more bets» ហើយ​ភាពយន្ត​នេះ​បាន​និង​កំពុង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ដាំ​ក្បាល​ចុះ​មួយ​ទំហឹង ដោយសារ​តែ​អ្នកទេសចរ​ចិន និង​បរទេស​ដែល​បាន​ទស្សនា​រឿង​នេះ មានការ​ភ័យ​ខ្លាច​ក្នុង​ការ​មក​កម្សាន្ត​នៅ​កម្ពុជា​។

ជាង​នេះ​ទៅ​ទៀត ភាពយន្ត​ចិន​មួយ​នេះ ក៏​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹកចិត្ត​មហាជន​ខ្មែរ ព្រោះតែ​ភាព​យន្ត​ចិន​មួយ​នេះ អ្នកនិពន្ធ​បាន​អះអាង​ថា ផលិត​ឡើង​មក​ផ្អែក​ទៅ​លើ​ការ​ពិត ដែល​បាន​ធ្វើការ​ស្រាវជ្រាវ និង​លើក​ឡើង​ថា មាន​បទ​ឧ​ក្រិ​.​ដ្ឋ​ជា​ច្រើន​កើត​មាននៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ មាន​ទាំង កម្ពុជា ថៃ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ជាដើម​។

រឿង «No More bets» របស់​ចិន ដែល​រក​ចំណូល​បាន​ខ្ទង់ពាន​លាន​ដុល្លា​អា​មេ​រិ​ក ដោយ​មាន​អ្នក​ទស្សនា​រាប់រយ​លាន​អ្នក​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឲ្យ​កិត្តិនាម​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​រឿង​នេះ បាន​និយាយ​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ មាន​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ជាដើម គឺជា​ប្រភព​នៃ​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​, ការ​ចាប់​ជ​ម្រិ​.​ត​, ការ​ជួយ​ដូរ​មនុស្ស​តាម​អន​ឡាញ​, ការ​ធ្វើ​ទា​រុ​.​ណ​ក​.​ម្មយ៉ាង​ឃោ​.​រ​ឃៅ និង​ការ​បង្ខាំ​.​ង​មនុស្ស​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​ផង​ដែរ ។

ហើយ​រឿងរ៉ាវ​ខាងលើ​នេះ ធ្វើ​ឱ្យ​មហាជន​កម្ពុជា បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំងក្លា ជុំវិញ​ភាពយន្ត​មួយ​នេះ និង​បាន​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​អន្តរាគមន៍​ចំពោះ​អ្វី​ដែល​មហាមិត្ត​ចិន បាន​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​នាម​របស់​ប្រទេស​កម្ពុជា​។

គួររំលឹកថាអ្នកទេសចរចិន ខ្លាចរអារក្នុងការធ្វើដំណើរកម្សាន្តមកប្រទេសថៃ ខណៈដែលភាពយន្តឧក្រិដ្ឋកម្មចាប់ជំរិតត្រូវបានផ្សព្វផ្សាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ