ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូ​ទាំង​ប្រទេស

1 ឆ្នាំ មុន

រាជធានី​ពេញ ៖ រាជរដ្ឋាភិបាល បាន​សម្រេច​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​ទូ​ទាំង​ប្រទេស…

រាជធានី​ពេញ ៖ រាជរដ្ឋាភិបាល បាន​សម្រេច​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​តាមដាន​ការងារ ប៉ុន្តែ​ក្រសួង​អប់រំ នៅ​តែ​ធ្វើ​គោលនយោបាយ​ជាតិ ដើម្បី​តាមដាន​ដដែល ។

ការ​ផ្ទេរ​នេះ ដោយ​ផ្អែក​តាម​លទ្ធផល នៃ​ការ​សិក្សា​វាយតម្លៃ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា តាម​បែប​វិមជ្ឈការ គឺ​ការ​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្តបាត់ដំបង បាន​ទទួលលទ្ធផល ជា​វិជ្ជមាន និង​មាន​លក្ខណៈ ល្អ​ប្រសើរ​ជាង​ការ​ផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា តាម​បែប​វិ​សហ​មជ្ឈការ គឺ​ត្រឹមតែ​ធ្វើ​ប្រតិភូកម្ម​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ផ្សេង​ទៀត ។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្ដី​ពី ការ​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​.​ស្រុក​.​ខណ្ឌ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​សង្កត់ធ្ងន់​ថា ផ្អែក​លើ​មូលដ្ឋាន​ខាងលើ​នេះ ទើប​រាជរដ្ឋាភិបាល ក្រោម​មាគ៌ា​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ពង្រីក​ការ​ប្រគល់​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា តាម​ទិដ្ឋភាព ដូចដែល​បាន​អនុវត្ត​នៅ​តាម​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្តបាត់ដំបង ឲ្យ​ទៅ​អនុវត្ត​នៅ​តាម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ស្តី​ពី “​ការ​ផ្ទេរ​មុខងារ ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​” ។

ឯកឧត្តម បាន​លើក​ឡើង​ថា តាម​បញ្ញត្តិ អនុ​ត្រឹ​ត្យ​នេះ ការ​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា គឺ​ផ្ដោត​លើ​ការ​ប្រគល់​មុខងារ ចំនួន​បី រួម​មាន មុខងារ​គ្រប់គ្រង​ការ​អប់រំ​កុមារ​តូច មុខងារ​គ្រប់គ្រង​ការ​អប់រំ​បឋម​សិក្សា និង​មុខងារ​គ្រប់គ្រង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ។

បន្ថែម​ពី​នេះ គឺ​ការ​បន្ត​ធ្វើ​ប្រតិភូកម្ម​មុខងារ​គាំទ្រ​រដ្ឋបាល​ចំនួន បី រួម​មាន មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់ ការងារ​អភិវឌ្ឍ​យុវជន និង​មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​ការងារ​អប់រំ​កាយ និង​កីឡា ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ថា ការ​ផ្ទេរ​មុខងារ ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាម​រយៈ​អនុក្រឹត្យ​នេះ គឺជា​ការ​បែងចែក​ឡើង​វិញ ឲ្យ​បាន​ច្បាស់លាស់ នូវ​តួនាទី និង​ការ​ទទួលខុសត្រូវ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​អប់រំ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ស្រប​ជាមួយនឹង​គោលបំណង នៃ​កំណែទម្រង់ ក្នុង​វិស័យ​អប់រំ ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​ដែរ ។

យ៉ាងណា​ក្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា តែ​ទោះបី​យ៉ាងណា ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការ​សិក្សា​ស្រាវជ្រាវ កម្មវិធី​សិក្សា​ជាតិ និយាម​និង​ស្តង់ដា​អប្បបរមា ការ​ជ្រើសរើស និង​ការ​បណ្តុះបណ្តាល​គ្រូ ការ​គាំទ្រ​បច្ចេកទេស ការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ ដដែល ។

ឯកឧត្ដម អភិ​សន្តិ​បណ្ឌិត ថ្លែង​ទៀត​ថា ការ​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចូលរួម​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​ផ្តល់​សេវា​អប់រំ ជូន​ដល់​ប្រជា ជន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​លើកកម្ពស់​គណនេយ្យ​ភាព ចំពោះ​ប្រជាពលរដ្ឋ​។ ដូច្នេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល នៃ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​គណនេយ្យ​ភាព ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​ធានា​ថា ការ​អនុវត្ត​មុខងារ​ទាំងនេះ ត្រូវ​តែ​ស្រប​តាម​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្មវិធី​សិក្សា​ជាតិ និយាម និង​ស្តង់ដា ដែល​បាន​កំណត់ ។

នៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ឯកឧត្តម ស សុខា បាន​លើក​ឡើង​ទៀត​ថា ដើម្បី​សម្រេច​បាន​ភារកិច្ច​នេះ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គប្បី​រៀបចំ​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​ប្រចាំឆ្នាំ ការ​គ្រប់គ្រង​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន ការ​ធានា​រក្សា​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អ​នៅ​តាម​សាលារៀន ការ​គ្រប់គ្រង ការ​ថែទាំ និង​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​ឧបករណ៍ សម្ភារ​នានា ពាក់ព័ន្ធ​នឹង​សាលារៀន​។ ទន្ទឹម​នេះ ត្រូវ​បង្កើត​កិច្ចសហការ និង​ការ​កៀរគរ ការ​ចូលរួម​គាំទ្រ​ពី​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ី​វិល និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​ឲ្យ​សម្រេច​បាន​យ៉ាង​ហោច​តាម​និយាម និង​ស្តង់ដា​កម្រិត​អប្បបរមា នៃ​ការ​គ្រប់គ្រង​មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ឲ្យ ។

យោង​អនុក្រឹត្យ​ខាងលើ​នេះ តម្រូវ​ឱ្យ គ​.​ជ​.​អ​.​ប​. ត្រូវ​ដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​មុខងារសាធារណៈ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំ​បញ្ចប់​នីតិវិធី​នានា ឲ្យ​បាន រួចរាល់​នៅ​មុន​ដំណាច់ឆ្នាំ​២០២៣ ដើម្បី​ធានា​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយ​ៗ អាច​ចាប់ផ្តើម​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ឲ្យ​ទាំងនេះ​ចាប់ពី​ខែមករា ឆ្នាំ​២០២៤ តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ