រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បា.ត់កូនស្រីជាទីស្រលាញ់អស់រយៈពេលជាច្រើនថ្ងៃទៅហើយគ្មានដំណឹងសោះ ដោយគាត់បានអះអាងថា កូនស្រីរបស់គាត់ចេញពីផ្ទះ ព្រោះតែការអូសទាញពីសំណាក់មិត្តភក្ដិ ដែលមានសមាសភាពមិនល្អ។ ព្រោះតែមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខទុក្ខរបស់កូនស្រី ទើបគាត់បានដើររកគ្រប់ទីកន្លែង ប៉ុន្តែពុំឃើញទាល់តែសោះ ទើបនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គាត់បានកាន់រូបថតកូនស្រី១សន្លឹកធ្វើដំណើរទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យជួយស្វែងរកកូនរបស់គាត់ផង។
ស្ត្រីខាងលើរូបនោះ មានឈ្មោះ ជិន សម្ផស្ស អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្ដីឈ្មោះ មុត វណ្ណៈ អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ចំណែកកូនស្រីដែលបាត់ខ្លួននោះមានឈ្មោះ មុត ធីណា អាយុ១២ឆ្នាំ សព្វថ្ងៃនេះ គ្រួសារខាងលើ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ឱ្យដឹងថា «កាលពីមុន កូនស្រីគាត់រូបនេះ ក៏បានរៀនសូត្រដូចកូនអ្នកដទៃទៀតដែរ ប៉ុន្តែដោយសារតែការសេពគប់ជាមួយមិត្តភក្ដិមិនល្អនៅសាលា ដើរលេងច្រើន ហើយគាត់ណែនាំមិនស្ដាប់ រហូតធ្លាប់បា.ត់ខ្លួនពីផ្ទះម្ដងរួចមកហើយ។ ពេលនោះ គាត់បានតាមរកជាច្រើនថ្ងៃ ទំរាំតែរកឃើញ រួចនាំយកនាងត្រឡប់មកផ្ទះវិញ ដោយសារតែការព្រួយបារម្ភខ្លាច កូនស្រីត្រូវមិត្តភក្ដិអូសទាញដើរលេងបា.ត់ទៀត ទើបគាត់និងប្ដីសម្រេចចិត្តឲ្យកូនឈប់រៀន និងឲ្យនៅតែផ្ទះប៉ុណ្ណោះ ប៉ុន្តែពុំនឹកស្មានថា ទីបំផុត ពេលនេះនៅតែជួបរឿងបា.ត់ខ្លួនដដែលបែបនេះទៀតសោះ»។
ស្ត្រីជាម្ដាយរូបនេះ បាននិយាយបន្តទៀតថា «លើកចុងក្រោយនេះ កូនស្រីរបស់គាត់ជឿតាមការអូសទាញរបស់មិត្តភក្ដិ ក៏បានចាកចេញពីផ្ទះទៅបា.ត់តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣មកម្ល៉េះ។ ហើយពេលដែលកូនស្រីចេញទៅនោះ គឺគាត់មិនបានដឹងនោះទេ ព្រោះជាប់ធ្វើការនៅរោងចក្រ ហើយក៏ពុំស្គាល់មិត្តភក្ដិដែលជាអ្នកអូសទាញនោះច្បាស់ដែរ។ គាត់ស្គាល់តែអ្នកអូសទាញមុន ប៉ុន្តែពេលទៅសួរមិនបានជួបនោះទេ ដោយសារតែអ្នកមុននោះ បានបា.ត់ខ្លួនមុនកូនស្រីគាត់១សប្ដាហ៍ទៅហើយ គឺខឹងជាមួយនឹងម្ដាយស្ដីបន្ទោសក៏ចាកចេញពីផ្ទះបា.ត់តែម្ដង»។
អ្នកស្រី ជិន សម្ផស្ស បានរៀបរាប់បន្តទៀតថា «កូនស្រីគាត់ប្រើទូរស័ព្ទដែរ ប៉ុន្តែទាក់ទងពុំបានសោះ ហើយពេលកូនមិនទាន់បា.ត់ខ្លួននោះ គាត់បានព្យាយាមឆែកមើលទូរស័ព្ទកូនដែរ ដើម្បីចង់ដឹងថា តើកូនមានជាប់ទាក់ទងជាមួយនរណាខ្លះ? ប៉ុន្តែមិនអាចឆែកបានទេ ព្រោះទូរស័ព្ទកូនស្រីរូបនេះ ដាក់សុទ្ធតែលេខកូដសម្ងាត់»។
អ្នកស្រី ជិន សម្ផស្ស បានរៀបរាប់ទៀតថា «ហើយចំពោះការបា.ត់ខ្លួនកូនស្រីនាពេលនេះច្បាស់ណាស់ គឺមានមិត្តភក្ដិអូសទាញនាំយកទៅ ហើយគាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាងខ្លាំងណាស់ និងសូមអំពាវនាវដល់មហាជន បើបានប្រទះឃើញកូនស្រីគាត់ សូមជួយផ្ដល់ដំណឹងតាមរយៈទូរស័ព្ទលេខ ៖ 096 475 6951 និង096 315 9359 ដោយអនុគ្រោះផងចុះ»៕
ចែករំលែកព័តមាននេះ