ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សហគ្រាស​មួយ​រូប​ចង់ឱ្យ​សហគ្រាស​ដទៃ​ដាក់​ពាក្យសុំ​ស្តង់ដារ CQS ដើម្បី​លើកកម្ពស់ទំនុកចិត្ត និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី​មួយ​កន្លែង​ចង់ឱ្យ​សហគ្រាស​ដទៃ​ទៀត ក្នុងប្រទេស​កម្ពុជា​ដាក់​ពាក្យសុំ​និមិត្តសញ្ញា​គុណភាព​ផល​ផលិតផល​ជលផល​កម្ពុជា (CQS) ដើម្បីជា​ស្ពាន​ចម្លង​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា​ឱ្យ​កាន់តែ​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ព្រមទាំង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី​មួយ​កន្លែង​ចង់ឱ្យ​សហគ្រាស​ដទៃ​ទៀត ក្នុងប្រទេស​កម្ពុជា​ដាក់​ពាក្យសុំ​និមិត្តសញ្ញា​គុណភាព​ផល​ផលិតផល​ជលផល​កម្ពុជា (CQS) ដើម្បីជា​ស្ពាន​ចម្លង​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា​ឱ្យ​កាន់តែ​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ព្រមទាំង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ។

លោក លាង ឡេ​ង ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី លាង ឡេ​ង បាន​និយាយ​ថា ក្រោយពី​ទទួល​គម្រោង CAPFish សហគ្រាស​បាន​អភិវឌ្ឍន៍​ផលិតកម្ម និង​បានការ​កាត់​បន្ថយ​ថ្លៃដើមផលិត ព្រមទាំង​បាន​បង្កើន​នូវ​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​របស់​ខ្លួន ។ ហើយ​ក្រោ​ពី​សហការ​ជាមួយ​គម្រោង CAPFish សហគ្រាស​បាន​ព្យាយាម​អនុវត្ត​ឱ្យ​បាន​នូវ​ស្តង់ដារ​ថ្មី គឺ​និមិត្តសញ្ញាគុណភាព​ផល​ផលិតផល​ជលផល​កម្ពុជា (CQS) ។ លោក​បញ្ជាក់​ថា យើង​មិន​ចង់ឱ្យ​គេដៀល​ថា ផលិតផល​ខ្មែរ​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​ដោយ​មិន​ខ្វល់​ពី​សុខភាព​អ្នក​ប្រើប្រាស់​នោះ​ទេ ។ ដូច្នេះ​គោលនយោបាយ​របស់​សហគ្រាស​ចង់​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព និងសុវត្ថិភាព ។

លោក​បន្ត​ថា ការ​ទទួល​បាន​ស្តង់ដារ CQS នេះ ឬ​ស្តង់ដារ​ផ្សេង​ៗ​ទៀត ថ្មី​ត្បិត​តែ​មានការ​លំបាក​ខ្លះ​មែន តែ​ចំណូល​បាន​មក​វិញ គឺ​ទ្វ​រ​ដង ព្រោះ​ការ​ផលិត​ត្រូវ​បាន​កាត់​បន្ថយថ្លៃដើម ហើយថែម​ទាំង​បាន​លើកកម្ពស់​ផលិតផល​ជាតិខ្មែរ និង​ការ​ផ្តល់​ទំនុកចិត្ត​ពី​អតិថិ​ជន​ទៀត​ផង ។ លោក​បញ្ជាក់​ថា កន្លង​មក​ផលិតផល​ទឹកត្រី​របស់​សហគ្រាស​បាន​នាំ​ចេញ ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​កំពុង​សិក្សា​ជាមួយ​ដៃគូ​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍អឺរ៉ុប ចំនួន ២ ក្រុមហ៊ុន​ដែល​គ្រោង​នឹង​នាំ​ចេញ​ទឹកត្រី និង​ទឹកម្ទេស នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFish) របស់​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​គាំទ្រ​ដល់​សហគ្រាស​ជលផល ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រតិបត្តិការ​អាជីវកម្ម ការ​បង្កើត​ការងារ ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព និង​បង្កើន​ប្រាក់​ចំណេញ​បាន​កាន់តែ​ប្រសើរ ។

លោកស្រី ឃឹម ចរិយា អ្នកសម្របសម្រួល​គម្រោង CAPFish-Capture នៃ​អង្គការ UNIDO បានឱ្យ​ដឹង​ថា សហគ្រាស​នេះ​គ្រោង​នឹង​រៀបចំ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់ ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​អឺរ៉ុប ។ ដូច្នេះ​ដើម្បី​រៀបចំ​ឱ្យ​សហគ្រាស​នេះ​មាន​លទ្ធភាពចូល​ទីផ្សា​ទាំងនេះ​បាន គឺ​ត្រូវ​មាន​ស្តង់ដារ ប្រព័ន្ធ​ដែល​កំណត់​អត្តសញ្ញាណ​វាយតម្លៃ និងត្រួតពិនិត្យ​ភ្នាក់ងារ​បង្ក​គ្រោះថ្នាក់​ដែល​ជា​ចំណុច​សំខាន់​សម្រាប់​សុវត្ថិភាព​ម្ហូបអាហារ (HACCP) ពេញលេញ ទាំង​ការ​វេច​ខ្ចប់ និង​កន្លែង​បន្ទំ ។ ចូ​ច្នេះ​ហើយ​អ្វី​ដែល​គម្រោង​ធ្វើការជាមួយ​សហគ្រាស​នេះ គឺ​រៀបចំ​ប្រពន្ធ MISTI និង HACCP ដោយ​ត្រូវ​ធ្វើការ​ជាមួយ​តួអង្គពាក់ព័ន្ធ​ច្រើន​ទៀត​ដូច​ជា ៖ អ្នក​ផ្គត់ផ្គង់​អំបិល ទឹកកក និង​អ្នក​ផ្គត់ផ្គង់​ត្រី​ដែល​មាន​ដាយ​ត្រី​ចុះបញ្ជីរ​ត្រឹមត្រូវ ។

សហគ្រាស​ផលិត​ទឹកត្រី លាង ឡេ​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​លើ​ការ​ផ្គត់ផ្គង់​ទឹកត្រី ទឹក​ស៊ី​អី​វ ទទួល​បាន ISO900 នៅ​ក្នុង​ឆ្នាំ ២០១៥ និង ISO22000 ក្នុង​ឆ្នាំ ២០១៨ និង​វិ​ញ្ញាប​ន​ប័ត្រ HACCP ។ សហគ្រាស​បាន​លក់​ទឹកត្រី​ជា​មធ្យម គឺ ២០០០០ ប្រអប់​ក្នុង​មួយ​ខែ ឬ ប្រហែល ៦០០ តោន ។ ផលិតផល​សំខាន់​ៗ​របស់​សហគ្រាស​នេះ រួម​មាន ៖ ទឹកត្រី ទឹក​ស៊ី​អី​វ ទឹកម្ទេស ប្រេងខ្យង ទឹកសៀង និង​ទឹកខ្មេះ ដោយ​ម្ចាស់​សហគ្រាស​នេះ​អះអាង​ថា បាន​ប្រើប្រាស់​ផលិតផល​ក្នុង ស្រុក​ជាង ៩០ % ។

គម្រោង CAPFish បាន​គាំទ្រ​ដល់​សហគ្រាស​នេះ​កាលពី​ឆ្នាំ ២០២០ ដោយ​បាន​ចុះកិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ផលិតផល​ទឹកត្រី​មានគុណ​ភាព សុវត្ថិភាព​ជាមួយនឹង​រដ្ឋាភិបាល ។ ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​អតិថិជន សហគ្រាស​គ្រោង​នឹង​វិនិយោគ​លើ​ខ្សែ​សង្វា​ក់ផលិតកម្ម​ថ្មី កែ​លម្អ​រោងចក្រ​ស្ល​ទឹកត្រី​មាន​ស្រាប់ បង្កើន​ចំណេះដឹង​បុគ្គលិក​ស្តី​ពី​តម្រូវការ សុវត្ថិភាព​ម្ហូបអាហារ ស្នើ​សុំ​វិ​ញ្ញាប​ន​ប័ត HACCP ថ្មី និង CQS ។ តាម​រយៈ​កិច្ច​ឧបត្ថម្ភ​គាំទ្រ​ពី គម្រោង CAPFish សហគ្រាសនឹង​អាច​ពង្រីក​ទៅ​កាន់ ១៦ ខេត្ត​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស និង​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទីផ្សារក្រៅ​ស្រុក ។ មក​ដល់​ពេល​នេះ​សហគ្រាស​នេះ​បាន​ទទួល​វិញ្ញាបនបត្រ CQS ពេញលេញ និងកំពុង​រៀបចំ​ត្រៀម​សម្រាប់​សវន​កម្ម HACCP សម្រាប់​នាំ​ចេញ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិនានា​ថែម​ទៀត​ផង ។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល​ក្រោយ​ប្រមូលផល​ ដែល​ទទួលផល​ពី​គម្រោង CAPFish កាលពី​ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លង​មកនេះ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​យើង​ចង់​ជំរុញ​ឱ្យ​សហគ្រាស​អនុវត្ត​តាម​ស្តង់ដារ CQS ព្រោះ​វា​ផ្តល់​នូវ​ផលប្រយោជន៍​ច្រើន គឺ​ទី​មួយ​សហគ្រាស​កាត់​បន្ថយ​ថ្លៃដើម ទី​ពីរ​ពេល​ផលិត ផលិតផល​ចេញ​ទៅ​អាច​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន ព្រោះ​នៅ​លើ​ទីផ្សារ​លក់​បានតម្លៃ​ខ្ពស់​ជាង​ផលិតផល​ធម្មតា ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា យើង​ដឹង​ហើយ​ថា CQS ជា​ស្តង់ដារ​មួយ​ដែល​មាន​សុវត្ថិភាពចំណីអាហារ និង​មាន​អនាម័យ​ល្អ ។ អ៊ីចឹង​ហើយ​ពេល​ប្រជាជន​ទូទៅ​ទិញ​យក​ទៅ​បរិភោគ ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​សុខភាព​ផ្សេង​ៗ និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​បញ្ហាខុស​ភាព​ដោយសារ​តែ​បរិភោគ​ចំណីអាហារ​ដែល​គ្មាន​សុវត្ថិភាព ។ បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្លាំង ហើយនេះ​គឺជា​ឧទាហរណ៍​មួយក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន​ទៀត​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ធ្វើ ហើយ​ក្រៅ​តែ​ពី​ក្នុង​វិស័យ​ជលផល ក៏​កំពុង​តែ​រៀបចំ​ស្តង់ ដារ​ដូច​គ្នា​នេះ​សម្រាប់​វិស័យ​បន្លែ ផ្លែ​ឈើ ក៏​ដូច​ជា​ផលិតផល​ផ្សេង​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ