ខេត្តកោះកុង ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាជំរុញឱ្យការចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបញ្ចប់ជាស្ថាពរត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកគេសង្កេតឃើញអាជ្ញាធរខេត្តកោះកុង បានចេញសេចក្តីសម្រេចលេខ ០១៧ ស.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ចេញសេចក្តីជូនដំណឹងលេខ១៣៨..PPMO-KK ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជំរាបជូនដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅឃុំជ្រោយប្រស់ ចូលរួមចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធក្រុមទី២ ចុះអនុវត្តការងារវាស់វែងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២តទៅ។
ហើយនឹងប្រកាសបិទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងធ្វើការបិទផ្សាយចំនួនក្បាលដីឱ្យសាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តែប៉ុណ្ណោះជាកំហិត ។
ប៉ុន្តែអ្វីដែលមានភាពមិនប្រក្រតី និងអយុត្តិធម៌សម្រាប់ពលរដ្ឋម្ចាស់ដីពិតប្រាកដ មិនអាចទទួលយកបាននោះទេ គឺក្រុមចុះបញ្ជីវាស់វែងរបស់មន្ទីរសុរិយោដីខេត្ត មិនបានអនុវត្តនីតិវិធីទទួលស្គាល់ឯកសារកាន់កាប់ដីដូចការជូនដំណឹងរបស់អាជ្ញាធរឃុំឡើយ។
ជាក់ស្តែងសកម្មភាពចុះបញ្ជីក្បាលដីក្នុងរយៈពេល៦ខែកន្លងមកនេះ គឺក្រុមមន្ត្រីជំនាញរបស់មន្ទីរសុរិយោដីខេត្ត ទទួលចុះវាស់វែងឱ្យតែមន្ត្រីមានអំណាចមួយចំនួនតែប៉ុណ្ណោ ដូចជា ៖ ក្រុមមន្ត្រីយោធាកងវិស្វកម្មលេខ១៧៨ ដែលមានលោកឧត្តមសេនីយ៍ សឿន រឿយ នៅបញ្ជាពីក្រោយ មានរាប់រយក្បាលដី លួ.ចដើរចុចខ្លួនឯងនៅពេលយប់ រួចយកទៅឱ្យឈ្មោះ លឹម ជាំង ជាប្រធានក្រុមវាស់វែង បញ្ចូលចំនួនក្បាលដីក្នុងម៉ាស៊ីនធំ ដោយមិនបាច់មានឯកសារកាន់កា.ប់អ្វីទាំងអស់។ ហើយមន្ត្រីក្នុងរដ្ឋបាលខេត្ត ក៏មានរាប់រយប្លង់ រហូតដល់មន្ត្រីខ្លះមិនទាំងស្គាល់ដីរបស់ខ្លួនឯងផង។
ចំណែកមន្ត្រីរដ្ឋបាលស្រុក គឺមានលោក ជា សូវី អភិបាលស្រុកកោះកុង បានបញ្ជាឱ្យក្រុមចុះបញ្ជីវាស់វែងក្បាលដីរបស់ខ្លួនច្រើនជាងគេ គ្រាន់តែនៅក្នុងភូមិជ្រោយប្រស់ មានចំនួន២២ប្លង់(២២ក្បាលដី) ស្មើនឹងផ្ទៃដី 1.186.962 ម៉ែត្រការ៉េ (ជាង១១៨ហិកតា) នេះនៅមិនទាន់រាប់ក្បាលដីនៅក្នុងភូមិថ្មី និងក្បាលដីឱ្យសាច់ញាតិឈរឈ្មោះជំនួសផង។
ចំណែកមេឃុំ មាន៣ប្លង់ ស្មើនឹង95.227ម៉ែត្រការ៉េ (ជាង៩ហិកតា) មេភូមិជ្រោយប្រស់ មានចំនួន160.298ម៉ែត្រការ៉េ (ជាង១៦ហិកតា) ។ ហើយផ្ទៃក្បាលដីរបស់ក្រុមមន្ត្រីខាងលើនេះ ភាគច្រើនមិនបាច់មានឯកសារកាន់កា.ប់ទេ ក៏មន្ត្រីជំនាញឈ្មោះ លឹម ជាង ជាប្រធានក្រុម ចុះបញ្ជីក្បាលដីក្នុងឃុំជ្រោយប្រស់ អាចរៀបចំជូនបានដែរ…។
ចំពោះពលរដ្ឋក្រីក្រវិញ ទោះបីមានឯកសារកាន់កា.ប់ដី ដែលចុះហត្ថលេខាទទួលស្គាល់ដោយអាជ្ញាធរឃុំ បើលោកអភិបាលស្រុកបញ្ជាមិនឱ្យវាស់ គឺមិនអាចវាស់បានឡើយ ។
បើតាមប្រភពប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលើកឡើងថា «ពលរដ្ឋក្នុងឃុំជ្រោយប្រស់ កំពុងទទួលរងនូវភាពអយុត្តិធម៌ខ្លាំងណាស់ ហើយពេលនេះកំពុងត្រៀមរៀបចំដាក់ពាក្យបណ្តឹងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងទៅប្រមុខរាជរដ្ឋាភិបាល តាមរយៈសារព័ត៌មានកោះសន្តិភាព។
ខាងក្រោមនេះ ជាវីដេអូសកម្មភាពលួ.ចវាស់ដីពេលយប់របស់នាយទាហានវិស្វកម្មលេខ១៧៨ ដែលមានឧត្តមសេនីយ៍ សឿន រឿត នៅកាងពីក្រោយ និងសកម្មភាពប្រមូលផលប្រយោជន៍របស់លោកអភិបាលស្រុក ដើម្បីសង់មហាភូមិគ្រឹះ ទាំងបំពានច្បាប់ទៀតផង។
ចែករំលែកព័តមាននេះ