រាជធានីភ្នំពេញ ៖ មហាជនបានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំង ចំពោះលោកចោរពីរនាក់ ដែលបានចូលធ្វើសកម្មភាពលួចធុងបាស់ JBL១គ្រឿង នៅក្នុងក្រុមហ៊ុនលក់គ្រឿងសង្ហារឹម មួយកន្លែង ទាំងថ្ងៃ ទាំងដែលម្ចាស់កំពុងស្ថិតនៅទីនោះថែមទៀតផង បើតាមការមើលទៅសកម្មភាពនោះ លោកចោរហាក់ពុំមានការខ្លាចញញើតអ្វីបន្តិចសោះឡើយ ដែលមហាជនលើកឡើងថា ជាចោរហារយ គួរឲ្យខ្លាច និងគួរប្រុងប្រយ័ត្ន សម្រាប់មជ្ឍដ្ឋានទូទៅផងដែរ ព្រោះអ្វីក៏លួចបែបនេះ ។
យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជិត៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុនលក់គ្រឿងសង្ហារឹម មានយីហោ «ខេ អូ វ៉ាយ» ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កាមេរ៉ាសុវត្ថិភាពនោះ បានបំពាក់នៅនឹងទីតាំងក្រុមហ៊ុននោះតែម្ដង រូបភាពនៅក្នុងកាមេរ៉ា បានបង្ហាញឲ្យឃើញពីសកម្មភាព ជនសង្ស័យ០២នាក់ បានជិះម៉ូតូ១គ្រឿង ទៅឈប់នៅមុខទីតាំងនោះ ឈររេរាងាកមើលឆ្វេង ងាកមើលស្ដាំបន្តិច បន្ទាប់មក ជនសង្ស័យម្នាក់បានចុះដើរទៅលើកយកកូនធុនបាស់ ម៉ាកJBL ១គ្រឿង ដែលជាម៉ាកល្បី និងមានតម្លៃថ្លៃគួរសម ពីកន្លែងលក់ក្នុងក្រុមហ៊ុន «KOY» ទាំងដែលម្ចាស់កំពុងស្ថិតនៅជិតនោះ ។
បន្ទាប់ពីលួចបានហើយ ជនសង្ស័យយួរដើរជាធម្មតាទេ ប៉ុន្តែភ្លាមៗនោះ ម្ចាស់ឃើញទាន់ ក៏បានកាន់របស់ម្យ៉ាង រត់ដេញតាមចាប់យ៉ាងប្រកៀកប្រកិត និងស្រែកថា ចោរៗផងដែរ ទើបចោររត់ឡើងជិះម៉ូតូ ដែលបក្ខពួកម្នាក់ទៀត នៅបញ្ឆេះចាំរួចជាស្រេចនោះ បានជិះបត់ក្បាលម៉ូតូត្រឡប់ក្រោយ ហើយបើកយ៉ាលឿន គេចខ្លួនបាត់ស្រមោល តែម្ដង ៕
សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាព ដូចខាងក្រោម៖







ចែករំលែកព័តមាននេះ