ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវ​តុលាការ​ផ្តន្ទាទោស​ហើយ រឿង​ចាយ​សែក​ស្អុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត លោកស្រី ឈុ​ន ដា​វី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​​អតីត​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន ដាក់​ពន្ធនាគារ​កំណត់​

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោកស្រី ឈុ​ន ដា​វី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​អតីត​អនុប្រធាន​គណ​បក្ស​ភ្លើងទៀន ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​៣​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​»​។

សាលក្រម បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ និង​ចំពោះ​មុខ​ជនជាប់ចោទ ព្រមទាំង​មេធាវី​ការពារ​ក្តី​ផង​ដែរ ហើយ​សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀត មក (​កាត់ក្តី​) បើក​សវនាការ​ជំនុំជម្រះ​ទោស ពាក់​ពន្ធ​ការ ចោទប្រកាន់​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដែល​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់​។ ប៉ុន្តែ​សវនា​ការ​នោះ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ទៀត យោង​ទៅ​លើ​ការ​ទ​ទួ​ច​ស្នើ​សុំ​របស់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ។

លោក​មេធាវី ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថា​ច់ សេដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ខាងក្រៅ​របង​តុលាការ​ថា «​កូនក្ដី​របស់​លោក​បាន​បដិសេធ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ កូនក្តី​របស់​លោក​បាន​ស្នើ​សុំ​យ៉ាង​ទ​ទួ​ច​ឲ្យ​ភាគី​ដើមបណ្ដឹង បង្ហាញ​ភស្តុ​តាង​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​នោះ​ឲ្យ​បាន​គ្រប់គ្រាន់ មុន​នឹង​សម្រេច ឬ​ដាក់ទោស​រូប​លោក ដើម្បី​ឲ្យ​ទទួល​បាន​យុត្តិធម៌​ទាំង​សងខាង​»​។

លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ បាន​បញ្ជាក់​បន្ថែម​ថា «​ដោយសារ​ការ​ស្នើ​សុំ​ឲ្យ​ភាគី​ដើមបណ្តឹង​ដាក់​ភស្តុ​តាង​នោះ​ហើយ ទើប​ចៅក្រម​ជំនុំជម្រះ បាន​សម្រេច​លើក​ពេល​សវនាការ​បន្ត​ទៅ​ថ្ងៃក្រោយ ដើម្បី​ទុក​ពេលវេលា​ឱ្យ​គូរ​ភាគី​ផ្ដល់​ភស្តុ​តាង និង​ឯកសារ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ​»​។

គេ​កត់សម្គាល់​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​បើក​សវនាការ​នោះ​ដែរ គេ​បាន​ពិនិត្យ​ឃើញ​ប្រជាពលរដ្ឋ​ដែល​មាន​ស្វាមីភក្តិ​ជាមួយ​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន គឺ​លោក ថា​ច់ សេដ្ឋា ប្រមាណ​បួនដប់​នាក់ បាន​ទៅ​ឈរ​នៅ​មុខ​បរិវេណ​អគារ​សាលាដំបូង​ថ្មី​ទំនើប ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា ជា​ការ​លើកទឹកចិត្ត​ដល់​ជន​ត្រូវ​ចោទ​ផង​ដែរ​។

សូម​រំលឹក​ទៀត​ថា លោកស្រី ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ថា​ច់ សេដ្ឋា អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ករណី «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​» ពោល​គឺ​ចាយ​សែក​ស្អុយ​ចំនួន​៥​សន្លឹក ដោយ​គ្មាន​សាច់ប្រាក់​។

តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក ថា​ច់ សេដ្ឋា ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​មន្ត្រី​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ គ្រូបង្រៀន ចាងហ្វាង​កាសែត​ស្មារតី​ខ្មែរ និង​តួនាទី​ក្នុង​បក្ស​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​អញ្ចាញ ស្ថិត​ក្នុង​ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) និង​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១០៦ ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លោក ថា​ច់ សេដ្ឋា ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដែល​បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

គួរ​រំលឹក​ទៀត​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគ​បាល​រាជ​ធានី​ភ្នំពេញ ចាប់ខ្លួន​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពេល​ឃាត់ខ្លួន​លោក ថា​ច់ សេដ្ឋា ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ដោយ​បាន​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី និង​ក្រោយ​ពី​សាកសួរ ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន លោក ថា​ច់ សេដ្ឋា អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នា​ព្រលប់​ថ្ងៃ​ដដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នកនាំពាក្យ​​នៃ​អយ្យការ​អម​សាលាដ​បូ​ង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាតខ្លួន​ឈ្មោះ ថា​ច់ សេដ្ឋា ភេទ​ប្រុស ដោយ​អនុវត្ត​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លេខ​៣៨ “​ឈ​១”​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តំណាង​អយ្យការ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន «​រិ​ន ឆាយ ផនស​ប​» បាន​ប្តឹង​ពី​ឈ្មោះ ថា​ច់ សេដ្ឋា ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ការ​ចេញ​សែក​ដោយ​គ្មាន​សាច់ប្រាក់​ចំនួន​៥​សន្លឹក​)​។

បន្ទាប់​ពី​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្តាប់​ចម្លើយ​របស់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ពិនិត្យ​លើ​ភស្តុ​តាង​នានា តាម​នីតិវិធី​រួច​មក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ថា​ច់ សេដ្ឋា ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​កំឡុង​ឆ្នាំ​២០១៩ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​សង​ប្រាក់ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ២០២៣ អយ​ញ ចុះ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ។

ក្នុង​ដំណាក់កាល​ស៊ើបសួរ ជន​ត្រូវ​ចោទ​ឈ្មោះ ថា​ច់ សេដ្ឋា ខក​ខានមិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​០២​លើក របស់​ចៅក្រម​ស៊ើបសួរ​ដែល​មាន​លេខ ៦៤ “​ម​” ព្រ​.​ទ ចុះ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លេខ ១៩ ឈ​១ៗ​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ពុំ​មាន​មូលហេតុ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លើ​ជន​ត្រូវ​ចោទ ថា​ច់ សេដ្ឋា ដើម្បី​ស្តាប់​ចម្លើយ​តាម​នីតិវិធី ។

ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​លើ​ភស្តុ​តាង​នានា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ថា​ច់ សេដ្ឋា តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៤១២ “​ឈ​១” ដ​.​ឃ​,​ដ ចុះ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ