រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម ដែលមានជម្លោះជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ម្នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅឲ្យចូលខ្លួនបំភ្លឺ ហើយក្រុមយុវជនបានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញ ឲ្យស្រាវជ្រាវជុំវិញការបង្ហោះរូបភាពវីដេអូជាសាធារណៈ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងជម្លោះរវាងយុវជន០១ក្រុម ជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ។
បើយោងតាមលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា យុវជនមួយក្រុមមានគ្នា០៤នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅចូលខ្លួនមកបំភ្លឺ ជុំវិញការបង្ហោះរូបភាពវីដេអូ និងចោទប្រកាន់ទៅលើលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ម្នាក់ថា បានប្រើអំពើហិ.ង្សា និងយកកាំ.ភ្លើង គំរាមពួកគេ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះពៅ ច័ន្ទតារាពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកទាញលាត់អាវយឺតលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យបក្ខពួកខ្លួនម្នាក់ឈ្មោះ ពិន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ថតសកម្មភាពវីដេអូ ឱ្យឃើញកាំភ្លើងសៀតនឹងចង្កេះ និងបានបង្ហោះវីដេអូនោះជាសាធារណៈ ដោយពួកគេបានសារភាព និងទទួលកំហុស ដែលបានប្រព្រឹត្តខុសទៅលើលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយឯកជន និងយករូបភាពបង្ហោះក្នុងបណ្តាញសង្គមប៉ះពាល់រូបភាពឯកជន នឹងបានសរសេរខ្លឹមសារចោទប្រកាន់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ខុសពីការពិត ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ ។
ពួកគេ ក៏សុំដកពាក្យបណ្តឹងលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ ហើយក៏សុំសន្យាថា ឈប់ប្រព្រឹត្តកំហុសឆ្គងបែបនេះទៀត ហើយបើសិនថ្ងៃក្រោយពួកគេ នៅតែប្រព្រឹត្តទង្វើ ដែលផ្ទុយពីច្បាប់ ពួកគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។
ជាមួយគ្នានោះ លោកអធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានសុំគោលការណ៍ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ។
សូមបញ្ជាក់ថា ៖ លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ក៏ត្រូវបាន ឯកឧត្តមស្នងការ បញ្ជាឱ្យការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស ឱ្យធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងព្រមានលើកទី១ ដើម្បីបញ្ឈប់រាល់សកម្មភាពខុសឆ្គងណាមួយនាំឱ្យប៉ះពាល់កិត្តិយសរបស់នគរបាលជាតិ ។
សូមជម្រាបឡើថវិញថា «លោកស្នងការ ជួន ណារិន្ទ ព្រមានលើកទី១ លើអធិការរង ខណ្ឌច្បារអំពៅម្នាក់ ដែលមានជម្លោះជាមួយពលរដ្ឋក្នុងហាងផឹកស៊ី» ៕






ចែករំលែកព័តមាននេះ