រាជធានីភ្នំពេញ ៖ លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ នៅក្នុងហាងផឹកស៊ី០១កន្លែង ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យខាងការិយាល័យបុគ្គលិក កោះហៅមកបំភ្លឺ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអោយដឹងថា ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ករណីមានលោកអធិការរង នគរបាលខណ្ឌច្បារអំពៅ ០១នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ ឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទ ប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រ ពីបទហិ.ង្សា និងគំរាមឱ្យចូលខ្លួនមកបំភ្លឺ នៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយ ទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ ។
ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួន ធ្វើកិច្ចសន្យា ជាការព្រមានជាលើកទី១ ហើយបានអប់រំ ឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបង្កះពាល់កិត្តិយសនគរបាលជាតិ ៕

ចែករំលែកព័តមាននេះ