ខេត្តក្រចេះ ៖ រថយន្តទំនើបម៉ាកតាកូម៉ា មួយគ្រឿង ខណៈពេលបោះពួយហួសល្បឿន ហើយបែកកង់ខាងមុខបណ្តាលឱ្យរេចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ផ្ងារពោះ ប៉ុន្តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់ជិះក្នុងរថយន្តដែលសុទ្ធសឹងជាជនជាតិចិនរងរបួសធ្ងន់ធ្ងរទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ភូមិសាស្រ្តចំណុចភ្នំព្រិច ក្នុងភូមិស្រែរនាម ឃុំស្វាយជ្រះ ស្រុកស្នួល ហើយរថយន្តដែលជួបឧប្បត្តិហេតុក្រឡាប់ខ្លួនឯងនេះ ជារថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-4774 បើកបរក្នុងទិសដៅពីកើតមកលិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុគេបានឃើញរថយន្តមួយគ្រឿងនេះ បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ស្រាប់តែបែកកង់មុខបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលស្នាមភ្លោះក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកជិះក្នុងរថយន្តមានស្រីប្រុសវារលូនចេញពីក្នុងរថយន្តទាំងសភាពភ័យស្លន់ស្លោ។
អ្នកជិះក្នុងរថយន្តទាំងអស់មានគ្នាបួននាក់ ដែលសុទ្ធសឹងជាជនជាតិចិន ក្នុងនោះមានស្រ្តីពីរនាក់ តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ មិនមានប្រភពព័ត៌មានណាមួយបញ្ជាក់ឲ្យដឹងថា ជនជាតិចិនទាំងបួននាក់នេះ ធ្វើដំណើរទៅណានោះទេ តែបើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ជនជាតិចិនទាំងបួននាក់នេះ ជាអ្នកបម្រើការងារឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយ ៕
ចែករំលែកព័តមាននេះ