ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​នឹង​​ជម្លៀស​​ប្រជា​ពល​រដ្ឋ​​ចេញ​ពី​​ស្ទឹង​​​ប្រវតិ្ត​សាស្ត្រ​​ពាក់​​កណ្តាល​ឆ្នាំ​នេះ​

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​អា​ជា្ញ​ធរ​ខេត្ដ​បាន​អះអាង​ថា ​សំណង់​មិន​រៀបរយ​របស់​ប្រជា​ពល​រដ្ឋ​រាប់រយ​ខ្នង​នៅ​អម​សងខាង​ស្ទឹង​ប្រ​វត្ដិ​សាស្ដ្រ​សៀមរាប នឹង​តម្រូវ​​ឱ្យ​រុះរើ​ទៅ​រស់នៅ​ឯ​ជាយ​ក្រុង​សៀមរាប​ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១១​ នេះ ដើម្បី​យក​ដី​នោះ​រៀបចំ​ធ្វើ​ផ្លូវ​និង​សួនច្បារ​សម្រាប់​លើកកម្ពស់​វិស័យ​ទេសចរណ៍​

ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​អា​ជា្ញ​ធរ​ខេត្ដ​បាន​អះអាង​ថា ​សំណង់​មិន​រៀបរយ​របស់​ប្រជា​ពល​រដ្ឋ​រាប់រយ​ខ្នង​នៅ​អម​សងខាង​ស្ទឹង​ប្រ​វត្ដិ​សាស្ដ្រ​សៀមរាប នឹង​តម្រូវ​​ឱ្យ​រុះរើ​ទៅ​រស់នៅ​ឯ​ជាយ​ក្រុង​សៀមរាប​ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១១​ នេះ ដើម្បី​យក​ដី​នោះ​រៀបចំ​ធ្វើ​ផ្លូវ​និង​សួនច្បារ​សម្រាប់​លើកកម្ពស់​វិស័យ​ទេសចរណ៍​។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការ​ដ្ឋាន​សាងសង់​អគារ​លក់​សំបុត្រ​ពេល​ថ្ងៃ​នៃ​​មជ្ឈ​មណ្ឌ​ល​ស្វាគមន៍​ភ្ញៀវ​ទេសចរខេត្ដសៀម​រាប​-​អង្គរ​ កាលពី​ថ្ងៃ​ទី​១២ ឧសភា​ កន្លង​ទៅ​នេះ លោក​ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប​ បាន​មាន​​ប្រសាសន៍​ថា ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទាំង​អស់​​ដែលសង់​នៅ​លើ​ដី​ចំណីស្ទឹង និង​ចំណី​ផ្លូវ​​ហើយ​បាន​​បំពុលបរិស្ថាន​ទឹកស្ទឹង​ប្រ​វត្ដិ​សាស្ដ្រ​សៀម​រាប​ ជា​យូ​រ​មក​ហើយ​នោះ នឹង​ត្រូវ​តម្រូ​វ​ឱ្យ​រុះរើ​ចេញ​នៅ​អំឡុង​ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​យក​ដី​ទាំង​នោះ​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​និង​សួន​ច្បារ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ធ្វើ​​ការ​អនុ​វត្ដន៍​ «​កម្មវិធី​ទីក្រុង​ស្អាត រ​មណី​យ​ដ្ឋា​ន​ស្អាត» សម្រាប់​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេស​ចរដែល​កំពុង​តែ​មាន​សក្ដានុពល​នា​ពេល​នេះ​។

លោក​អភិបាល​​ខេត្ត​បាន​ថ្លែង​បន្ដ​ដោយ​ប្ដេជ្ញា​​យ៉ាង​មោះ​​មុត​ថា ផែនការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញពី​ស្ទឹង​ហ្នឹង​យើង​នឹង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​បាន​​ប្រាកដ​​ប្រ​ជា​បំផុត ដោយពេល​នេះ​អា​ជា្ញ​ធរ​ខេត្ដ​​បាន​រៀបចំ​ដី​មួ​យកន្លែ​ង​នៅ​ភូមិ​កន្ដ្រក សង្កាត់​ស្វាយ​ដង្គំ ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ក្រុង​សៀម​រាប សម្រាប់​ដោះស្រាយ​គោល​នយោ​បាយ​​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​មួយ​គ្រួ​សារ​ទទួល​បាន​ដី​មួយ​ប្លង់​ទំហំ​៧​ម៉ែត្រ​គុណ​១៥​ម៉ែត្រ សម្រាប់​សាង​​សង់​លំនៅ​ឋាន​ថ្មី ។

លោក​បាន​បញ្ជា​ក់​បន្ថែម​ថា ស្ទឹង​ប្រវត្ដិ​សាស្ដ្រ​​សៀមរាប ​គឺជា​ស្ទឹង​ដែល​ប្រៀប​ដូច​ជា​ឋាន​សួគ៌​ ដោយសារ​តែ​ស្ទឹង​នេះ​មាន​ប្រភព​ចេញ​ពី​​ភ្នំ​គូលែន ហើយ​ហូរ​កាត់​លិង្គ​មួយ​ពាន់​ដែល​ព្រះរាជា​សម័យ​មុន​បានកសាង​ទ្បើ​ង​ក្នុង​ការ​ច្រោះ​​ទឹក​ធម្មតា​ទៅ​ជា​អម្រឹត​តាម​ជំនឿ​សាសនា សម្រាប់​បម្រើ​ការ​ប្រើប្រាស់​របស់​ប្រជា​ពល​រដ្ឋ ដូច្នេះ​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​សង់ផ្ទះ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នៅ​លើ​ស្ទឹង ហើយ​បន្ទោបង់ ចោល​សំរាម ឬ​បង្ហូរទឹក​សំអុយ​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ដូច​មុន​ទៀត​ទេ ត្រូវ​តែ​រៀបចំ​ឡើង​វិញ​។

កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១៥ ឧសភា កន្លង​ទៅ​នេះ អភិ​បាលក្រុង​សៀមរាប លោក​ទេព ប៊ុន​​ឆាយ មិន​បាន​ធ្វើការ​ពន្យល់​ឱ្យ​បាន​ល្អិតល្អន់​ទាក់ទិន​ទៅ​​នឹង​គម្រោងការជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញពី​​ស្ទឹង​សៀមរាប​នោះ​ទេ ដោយ​លោក​បញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា ​បញ្ហា​ហ្នឹង​វា​នៅ​មាន​ភាព​ស្មុ​គ​ស្មាញ​ណាស់ ម្យ៉ាងទៀត​គម្រោង​ការ​នោះ​ខាង​អន្ដរ​មន្ទីរ​​ហិរញ្ញ​វត្ថុ​ជា​អ្នក​ចាត់ចែង ឯ​អា​ជា្ញ​ក្រុង​គ្រាន់​តែ​ជា​សមាជិក​​ប៉ុណ្ណោះ ។

អភិបាលរង​ក្រុង​សៀមរាប​ លោក​អឿ​ន ពៅ ធ្លាប់​បាន​បញ្ជា​ក់ថា សំណង់​មិន​រៀបរយ​នៅ​លើ​ដី​ចំណី​ស្ទឹង និង​ផ្លូវ​ដែល​ចាំបាច់​ត្រូវ​រុះរើ​ទាំងនោះ​មាន​ចំនួន​២៧៦​ខ្នង​ សង់​នៅ​ប្រប​សងខាង​មាត់​ស្ទឹង​ចាប់​ពី​ស្ពាន​នាគ​ដល់​អាង​ចិញ្ចឹម​ក្រពើ ដែល​សំណង់​ទាំងនោះ​កន្លង​មក​តែងតែបាន​បង្ក​ការ​គំរាម​​កំ​ហែង​យ៉ាង​ខ្លាំង​ទៅ​លើ​បរិស្ថាន និង​សោភ័ណ​ភាព​ស្ទឹង​ប្រវត្ដិសាស្ដ្រ​មួយ​នេះ​។

ទាក់ទិន​ទៅ​នឹង​គម្រោងការ​កែ​លំអរ​ស្ទឹង​ប្រវត្ដិ​សាស្ដ្រ​សៀមរាប​ដូច​គ្នា​នោះ​ដែរ អភិបាល​រង​ខេត្ដ​សៀមរាប លោក​ប៊ុ​ន ថា​ឬ​ទ្ធិ ធ្លាប់​បាន​បញ្ជា​ក់ថា ​គម្រោងការ​កែ​លំអរ​ស្ទឹង​សៀមរាប គ្រោង​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​៤០​លាន​ដុល្លារ ដែល​ជា​ឥណ​ទាន​​របស់​ប្រទេស​កូរ៉េ​ ក្នុង​នោះ​ថវិកា​មួយ​ចំណែក​សម្រាប់​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ និង​មួយ​ផ្នែក​ទៀត​សម្រាប់​ស្ថាបនា​ផ្លូវ​អម​សងខាង​ស្ទឹង​​ចម្ងាយ​៥,៨​គីឡូម៉ែត្រ លំអរ​ដោយ​សួនច្បារ​ និង​សង់​រហាត់ទឹក​​ពន្លេច​ដោយ​​ភ្លើង​ចម្រុះ​ព​ណ៌​យ៉ាង​ល្អឆើត​ឆាយ ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​លេង​ផង​ដែរ​។ ឥណ​ទាន​របស់​សាធារណរដ្ឋ​កូរ៉េ​នោះ​ ក៏​បាន​បូក​បញ្ចូល​គំរោងការ​ស្ថាបនា​ប្រ​ព័​ន្ធ​លូ​រំដោះ​ទឹក​ក​ខ្វក់​-​សំណល់​នៅ​ប៉ែក​ខាងកើត​ស្ទឹង​ផង​ដែរ​។

ស្ដ្រី​ម្នាក់​សូម​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែល​មាន​ផ្ទះ​នៅ​លើ​ដី​ចំណី​ស្ទឹង​សៀមរាប​នោះ​បាន​និយាយ​ថា ​គាត់​មក​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​ មក​ម៉្លេះ ហើយ​ពេល​នេះ​គាត់​បាន​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​នឹង​បណ្ដេញចេញ​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង ព្រោះ​មិនដឹង​ទៅ​រស់នៅ​ទីណា​។ ស្ដ្រី​ដដែល​បាន​បន្ដ​ថា គាត់​មិន​បានដឹង​ថា​អាជ្ញាធរ​ដោះស្រាយ​គោ​លនយោបាយ​ជា​ដី​ឱ្យ​ពួក​​គាត់​ទេ គ្រាន់តែ​ដឹង​ថា មាន​សំណង​បន្ដិច​បន្ដួច​សម្រាប់​ការ​រុះរើ និង​ថ្លៃ​ដំណាំ​ហូប​ផ្លែ​តែ​ប៉ុណ្ណោះ។ ក្រុម​មន្ដ្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​តាមដាន​ទៅ​លើ​ប្រជាពលរដ្ឋ​រស់​​នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​នោះ​ បាន​សម្ដែង​នូវ​​ការ​គាំទ្រ​ចំពោះ​អា​ជា្ញ​ធរខេត្ដ​ក្នុង​ការ​អភិ​វឌ្ឍ​ន៍​ក្រុង​ទេសចរណ៍​មួយ​នេះ​ឱ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ប្រសើរ​ដើម្បី​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​។

 លោក​សួ​ស ណា​រិ​ន មន្ដ្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស «​អា​ដ​ហុ​ក» ​ប្រចាំ​ខេត្ដសៀមរាប​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​នោះ​​ថា ​ខាង​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ ការ​រស់នៅ​លើ​ដីចំណី​ស្ទឹង​ហ្នឹង​ពិតជា​បាន​បំពុល​បរិស្ថាន​មែន​ ប៉ុន្ដែ​កាតព្វកិច្ច​រដ្ឋ​ក្នុង​ការ​ឱ្យ​ប្រជា​ពល​រដ្ឋ​ចាកចេញ​ពី​តំបន់​នោះ ​គួរ​មាន​គោលដៅ​ដោះស្រាយ​គោលនយោបាយ​ឱ្យ​បាន​ជាក់លាក់​ មាន​រៀបចំ​​ហេដ្ឋា​រចនា​សម្ព័​ន្ធ​សង្គម ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព​ឱ្យ​បាន​រួចរាល់​មុន​នឹង​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​តំបន់​ថ្មី​នោះ ទើប​ប្រសើរ​។ លោក​បាន​បន្ថែម​ថា ក្នុង​នាម​សង្គម​ស៊ី​វិល​ សូម​ជំរុញ​ដល់​អា​ជា្ញ​ធរ​រៀបចំ​គម្រោងការ​ជម្លៀស​​នោះ​ឱ្យ​បាន​ឆាប់រហ័ស​មុន​រដូវភ្លៀង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​លោក​មាន​សិទ្ធិ​តាំងទី​លំនៅ​ថ្មី​ហ្នឹង​ឱ្យ​បាន​សមរម្យ ​ជៀស​វាង​​បណ្ដេញ​ចំ​ពេល​ខែ​ភ្លៀង​ធ្លាក់​ដែល​នាំ​ឱ្យ​មាន​ការ​លំបាក​។

ស្ទឹង​ប្រវត្ដិសាស្ដ្រ​សៀមរាប​មាន​ប្រភព​ចេញ​ពី​ភ្នំ​គូលែន ហូរកាត់​ស្រុក​ចំនួន​ពីរ​​គឺ​ស្រុក​បន្ទាយ​ស្រី និង​ស្រុក​អង្គរធំ និង​ពុះ​ទីក្រុង​ទេស​ចរណ៍​សៀមរាប​ជា​ពីរ ​គឺ​ខាងកើត​និង​ខាងលិច មុន​នឹង​ហូរ​ចាក់​ទៅ​ក្នុង​ទន្លេសាប​។ កាល​​ពី​ដើម​​ស្ទឹង​នេះ​មាន​ទឹកថ្លា​ឆ្វង់​មើលឃើញ​បាតដី ប៉ុន្ដែ​បច្ចុប្បន្ន​ត្រូវ​បាន​បំពុល​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សំណង់​រាប់​សិប​ខ្នង​ខាងលើ​ បូក​រួម​ទាំង​ការ​បង្ហូរ​ទឹក​ស្អុយ​ពី​សណ្ឋាគារ ភោ​ជ​នីយដ្ឋា​ន ផ្សារ​លក់ដូរ​មួយ​​ចំនួន ជា​ពិសេស​សកម្មភាព​បូម​ខ្សាច់​នៅ​ផ្នែក​ខាងលើ​ៗ​ផង​ដែរ បាន​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ប្រែ​ក្លាយ​ពី​ថ្លា​មក​ល្អក់​ដូច​ទឹកបាយ​ និង​​មាន​សំរាម​អណ្ដែត​ត្រៀបត្រា​ពេញ​ផ្ទៃ​ទឹក​ មើលទៅ​គួរ​ឱ្យ​រអើម​មិន​ចង់​ទៅ​ក្បែរ​ ។​ ដូច្នេះ​អា​ជា្ញ​ធរ​គួរតែ​ចាត់វិធានការ​​ការ​ពារ​ចំពោះ​ផល​ប៉ះពាល់​ទាំង​នោះឡង​​​វិញ ​ទើប​ផែន​ការ​​កែ​លំអរ​ស្ទឹង​ប្រវត្ដិ​សាស្ដ្រ​នេះ​បាន​ជោគ​ជ័យ៕