ផ្នែកអគ្គិភ័យសាល់វ៉ាឌ័ររាយការណ៍ថា អ្នកបើកយន្តហោះជនជាតិសាល់វ៉ាឌ័រម្នាក់ និងជនជាតិចិន២នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី១៥ ឧសភា កន្លងមកនេះ ពេលយន្តហោះធុនតូចមួយគ្រឿងដែលពួកគេជិះបានធ្លាក់ក្នុងតំបន់ CHANGALLE នៅជិតរដ្ឋធានីសាន់សាល់វ៉ាឌ័រ ។
អ្នកបើកបរយន្តហោះ លោក YARON DEGANI ជនជាតិសាល់វ៉ាឌ័រ ដើមកំណើតអ៊ីស្រាអែល ជាម្ចាស់របស់ក្រុមហ៊ុនក្នុងស្រុក PULSAR GROUP ។ ជនជាតិចិនទាំង២នាក់ ម្នាក់ឈ្មោះលីយេន និងម្នាក់ទៀតឈ្មោះយូវេនកាវ ។ លោក DEGANI បានមករស់នៅរយៈពេលជាង២០ឆ្នាំមកហើយ នៅទីក្រុងសាន់សាល់វ៉ាឌ័រ ដែលនៅទីនោះលោកបានបង្កើតក្រុមហ៊ុន PULSAR GROUP ជាក្រុមហ៊ុនមួយមានឯកទេសក្នុងការផលិតយន្តហោះ ។
ភ្លាមៗក្រោយគ្រោះថ្នាក់ ផ្នែកអគ្គិភ័យសាល់វ៉ាឌ័រ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតមួយលើគ្រោះថ្នាក់នេះ ។ យន្តហោះបានធ្វើការហោះហើរសាកល្បងមុនពេលហោះឡើងពីមូលដ្ឋានអាកាសចរណ៍ ILOPANGO ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រខាងកើតរដ្ឋធានីសាន់សាល់វ៉ាឌ័រ៕
ចែករំលែកព័តមាននេះ