ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ​ពិនិត្យតាមបាបារាំង ដើម្បីបង្ការ និងទប់ស្កាត់ការជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រឿងញៀ.ន

7 ខែ មុន
  • ភ្នំពេញ

រាជធានីពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង…

រាជធានីពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង អោយបានខ្លាំងក្លាបំផុត និងត្រូវពិនិត្យ​នៅតាមដាន​​មើល​បា​បារាំង ដែលជាកន្លែង​ផឹកស៊ីសម្រាប់ជនបរទេស ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

ការណែនាំបែបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំ ការពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនេះ ចូលរួមដោយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ​។ ដូច្នេះ សម្រាប់​រដ្ឋបាល​រាជធានី ខណ្ឌ ត្រូវយកចិត្តទុកដាក់អោយបានខ្លាំងខ្លាបំផុត ក្នុងការបំរើសេវាជូន​ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ឃួង ស្រេង បន្តថា​ សម្រាប់ច្រកចេញចូលតែមួយ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋ អោយបានលឿន ប្រកបដោយគុណភាព តម្លាភាព និង​ទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើលច្រកចេញចូលតែមួយ នៅថ្នាក់សង្កាត់ ធ្វើយ៉ាងណា តម្រង់ទិស អោយមន្ត្រីរបស់យើង អនុវត្តអោយបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកអភិបាលរាជធានី បន្ថែមថា បើថ្នាក់សង្កាត់អនុវត្ត មិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ។ ដូច្នេះត្រូវមើលការងារនេះ អោយបានគ្រប់ជ្រុងជ្រោយ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីយើង ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មមួយចំនួននោះ ក៏ត្រូវតែស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុង​នាមយើង ជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់​ជូនពួកគាត់ ។

ពាក់ព័ន្ធនឹងការងារសន្តិសុខនេះ​ លោក ឃួង ស្រេង បានជំរុញអោយអាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ អោយបានខ្លាំងក្លាបំផុត និងត្រូវត្រួតពិនិត្យនៅតាមដានបាបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរ​មនុស្សគ្រប់ទម្រង់។

គួរបញ្ជាក់ថា ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ដែលកំណត់ដោយប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ អាជីវកម្មសិល្បៈសូន្យរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ។ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី) – កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ) – អ៊ុតសក់ កាត់សក់ លម្អក្រចក ( ចាប់ពី ២កៅអី ទៅ ៤កៅអី) – អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ – សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាមេរិក) – សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក)។ ​ អាជីវកម្មលក់​សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ។ ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក – តូបលក់អាហារ – ហាងលក់គុយទាវ កាហ្វ- ម៉ូតូឌុបទេសចរណ៍ – ម៉ូតូជួលទេសចរណ៍ – រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ – ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ – ធ្វើទៀន ធូប – ដំឡើងម៉ាស៊ីន​អគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់ – ជួសជុលគ្រឿង​អគ្គិសនីអេឡិចត្រូនិក- លាងរថយន្ត ម៉ូតូ លាងម៉ូតូ។ វិស័យពាណិជ្ជកម្ម – លិខិតអនុញ្ញាត​ធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម។ វិស័យកសិកម្ម – លិខិតអនុញ្ញាត​ធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ