ខេត្តសៀមរាប ៖ ផ្តើមចេញពីការលក់ផលិតផលធម្មជាតិ នៅក្នុងផ្សារទំនើបរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ ដែលមានឈ្មោះថា ផ្សារកសិករ និងដោយមានការបញ្ជទិញពីទីផ្សារដែលមានតម្លៃខ្ពស់ទាំងនៅក្នុងខេត្តសៀមរាប ទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងទៀតនោះ ទើបអ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី បានបង្កើតសហគ្រាសថ្មីមួយទៀតនៅឆ្នាំ ២០១៨ ដែលមានឈ្មោះថា Home Taste Food ដើម្បីផ្គត់ផ្គង់តផលិតផលជលផលកែច្នៃ មានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់អង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិមកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស Home Taste Food បានទទួលជំនួយបច្ចេកទេសដោយបានការបណ្តុះបណ្តាលលើការសរសេរគម្រោងសំណើរ និងគ្រប់គ្រងអាជីវកម្ម ប្រឹក្សាយោបល់ និងផ្សារភ្ជាប់ទីផ្សារ, ជួយរៀបចំបង្កើតស្លាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោផលិតផល, សម្របសម្រួល និងគាំទ្រលើការចូលរួមតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗនៅទីក្រុងភ្នំពេញ និងប្រទេសកូរ៉េ, ផ្តល់សម្ភារ ឧបករណ៍ធ្វើតេស្តមើលគុណភាពទឹក និងផលិតផលស្របតាមតម្រូវការ និងការអនុវត្តនិមិត្តសញ្ញាគុណភាពផលិតផលកម្ពុជា (CQS), បណ្តុះបណ្តាល និងបង្វឹកលើការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងតម្រូវការរបស់ប្រព័ន្ធវិញ្ញាបនប័ត្រ COS, ផ្តល់យោបល់លើការរៀបចំកែលម្អទីតាំងកែច្នៃ កន្លែងវេចខ្ចប់ និងបំពាក់សម្ភារបរិក្ខារ ។ សហគ្រាសនេះបានទទួលវិញ្ញាបនបត្រ័ CQS ពេញលេញ និងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារជាមួយផ្សារទំនើប និងទីផ្សារនាំចេញមានសក្តានុពលផ្សេងទៀត ។
អ្នកស្រី ស៊ឹម សេរីរ័ត្ន ដែលជាម្ចាស់សហគ្រាស Home Taste Food បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសបានផលិតត្រីងៀត ស្ទើរតែគ្រប់ប្រភេទត្រី ដែលយកត្រីតែពីកសិករខ្មែរមកកែឆ្នៃ មិនយកត្រីនាំចូលទេ ។ ត្រីងៀតរបស់ Home Taste Food មាន ៣ រសជាតិ គឺ ប្រៃ ប្រៃផ្អែម និងរសជាតិហិរ ។ សព្វថ្ងៃនេះត្រីងៀតរបស់សហគ្រាសក្រៅពីលក់លើទីផ្សារក្នុងស្រុក ថែមទាំងបាននាំចេញទៅលក់នៅក្រៅប្រទេស ដូចជា ៖ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងប្រទេសកាណាដា ជាដើម ជាលក្ខណៈមិនផ្លូវការតាមរយៈការដាក់តាមវ៉ាលិស ហើយក៏កំពុងចរចារដើម្បីនាំទៅប្រទេសកូរ៉េខាងត្បូង ផងដែរ ។
ទៅថ្ងៃអនាគតអ្នកស្រីចង់ឃើញប្រជាជនកម្ពុជាទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុក ប៉ុន្តែដើម្បីឱ្យគាត់គាំទ្រផលិតផលទៅបានទាល់តែផលិតផលនោះមានអត្តសញ្ញាណបញ្ជាក់ថា ជាផលិតផលក្នុងស្រុក ហើយមានសុវត្ថិភាព ។ ហេតុដូច្នេះហើយបានជាសហគ្រាសដាក់ពាក្យយក CQS ដើម្បីបញ្ជាក់ផលិតផលក្នុងស្រុក និងមានសុវត្ថិភាពដល់អ្នកទទួលទាន ។
សូមបញ្ជាក់ផងដែរថា ផលិតផលសំខាន់ៗរបស់សហគ្រាស Home Taste Food មាន ៣ គឺងៀតត្រីឌៀប ត្រីប្រាហើម និងងៀតត្រីរ៉ស់ ហើយដើម្បីផ្គត់ផ្គង់ទាំងទីផ្សារចាស់ និងថ្មី ។ សហគ្រាសប្តេជ្ញាបង្កើនផលិតកម្មរបស់ខ្លួនពី ៣២៣២ គីឡូក្រាមក្នុងមួយខែ ដល់ ៩០០០ គីឡូក្រាមក្នុងមួយខែ ។ ផលិតផលមានតម្លៃជាមធ្យមពី ៩ ដល់ ១៣,៧៥ ដុល្លារក្នុងមួយគីឡូក្រាម ។
ក្រោយទទួលបានវិញ្ញាបនប័ត្រ CQS សហគ្រាសរំពឹងថា ផលិតផលរបស់ខ្លួននឹងទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុន ២០% ។ កិច្ចគាំទ្ររបស់គម្រោង CAPFish ដល់សហគ្រាសតាមរយៈកម្មវិធីសហវិនិយោគ គម្រោងបានផ្តល់ជាសម្ភារ បរិក្ខា ជំនួយបច្ចេកទេស និងវិញ្ញាបនប័ត្រ CQS រួមទាំងការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម សហគ្រាសអាចបង្កើនផលិតកម្មរបស់ខ្លួនបាន ៣ ដងលើសមុនក្នុងឆ្នាំ ២០២៣ នេះ ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារក្នុងស្រុក និងត្រៀមលក្ខណៈនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ។ ដើម្បីសម្រេចគោលដៅ និងស្របតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ សហគ្រាសអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយដៃគូអាជីវកម្មផ្គត់ផ្គង់ត្រីស្រស់ ដែលត្រូវអនុវត្តស្របតាមតម្រូវការអនាម័យ ឬស្តង់ដារ GAP កែលម្អទីតាំងលាងសម្អាតត្រី បន្ទប់ទុកដាក់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងគ្រប់គ្រងកាកសំណល់ឱ្យបានល្អ បណ្តុះបណ្តាលបុគ្គលិកលើតម្រូវការអប្បបរមារបស់ CQS ។
ជាចុងក្រោយអ្នកស្រី ស៊ឹម សេរីរ័ត្ន បញ្ជាក់ថា ជំហានបន្ទាប់ចង់ពង្រីកទីតាំងផលិតឱ្យធំជាងមុន និងចង់បង្កើនផលិតផលថែមទៀត ដូចជា ៖ ប្រហុក ត្រីឆ្អើរ និងប្រភេទអាហារផ្អាប់ផ្សេងទៀត ។ ហើយប្រសិនបើសហគ្រាសមានទីផ្សារក្រៅប្រទេសច្បាស់លាស់ អាចជួយកសិករឱ្យផលិតស្រីបានពេញមួយរដូវ ដែលអាចធ្វើឱ្យតម្លៃថ្លៃដើមធ្លាក់ចុះផងដែរ ព្រោះថា ផលលំបាកសម្រាប់សហគ្រាសបច្ចុប្បន្ន គឺវត្ថុធាតុដើមមានតម្លៃប្រែប្រួល ៕
ចែករំលែកព័តមាននេះ