ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​-​ចិន នឹង​សាងសង់​កន្លែង​ដឹក​ជញ្ជូន​ប្រេង​ក្នុង​តម្លៃ​ជិត​៧០០​លាន​ដុល្លារ

1 ឆ្នាំ មុន

រុ​ស្ស៊ី​-​ចិន ៖ មូលនិធិ Roscongress កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ក្រុមហ៊ុន​ប្រេង

រុ​ស្ស៊ី​-​ចិន ៖ មូលនិធិ Roscongress កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ក្រុមហ៊ុន​ប្រេង United Oil and Gas-Chemical (ONGK) របស់​រុ​ស្ស៊ី និង​ក្រុមហ៊ុន​ប្រេង Xuan Yuan Industrial Development របស់​ចិន បាន​ព្រមព្រៀង​គ្នា​លើ​ការ​វិនិយោគ​ទឹកប្រាក់​ចំនួន ៦៨៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​កន្លែង​ដឹក​ជញ្ជូន​ប្រេង នៅ​ភាគ​ខាងកើត​របស់​ប្រទេស​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNA ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា កន្លង​ទៅ​។

ការ​វិនិយោគ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ប្រេង​រុ​ស្ស៊ី​ទៅ​កាន់​ចិន នៅ​ពេល​ដែល​ទីក្រុង​ម៉ូ​ស្គូ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លួន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ទៅ​ទិស​ខាងកើត និង​ឆ្ងាយ​ពី​អឺរ៉ុប​។

កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ទីក្រុង​វ្លា​ឌី​វ៉ូ​ស្តុក (Vladivostok) ភាគ​ខាងកើត​ប្រទេស​រុ​ស្ស៊ី នៅ​វេទិកា​សេដ្ឋកិច្ច ដែល​រៀបចំ​ដោយ​មូលនិធិ Roscongress ដោយ​មូលនិធិ​នេះ នឹង​ដើរតួ​ជា​អ្នក​រៃ​អង្គាសប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​រុ​ស្ស៊ី និង​ចិន​។

ការ​សាងសង់​ឆ្លង​ព្រំដែន នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​តំបន់​ស្វយ័ត​ជ្វី​ហ្វ​របស់​រុ​ស្ស៊ី នៅ​ក្បែរ​ស្ពាន​រថភ្លើង​ឆ្លងកាត់​ទន្លេ Amur ដែល​ត​ភ្ជាប់​ពី​តំបន់ Nizhneleninskoye របស់​រុ​ស្ស៊ី​ទៅ​កាន់​ទីក្រុង Tongjiang របស់​ចិន​។ មូលនិធិ Roscongress បាន​បញ្ជាក់​ថា នឹង​មាន​អង្គភាព​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ចំនួន​៥ រួម​ទាំង​ស្ថានីយ ដែល​មាន​សមត្ថភាព​ផ្ទុក និង​លាយ​ប្រេង​ឆៅ​រហូត​ដល់ ៥.៨​លាន​តោន​ក្នុង​១​ឆ្នាំ នៃ​ល្បាយ​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ ក៏​ដូច​ជា​ឧស្ម័ន​។

ផែនការ​នេះ ក៏​បាន​ព្យាករណ៍​ផង​ដែរ អំពី​ការ​សាងសង់​ដេប៉ូ​មួយ (Depot) ដែល​មាន​ធុង​បញ្ឈរ និង​ផ្ដេក សម្រាប់​ទទួល រក្សា​ទុក និង​ចែកចាយ​ផលិតផល​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ​បាន​រហូត​ដល់​១​លាន​តោន​ក្នុង​១​ឆ្នាំ​។ វា​ក៏​នឹង​មាន​កន្លែង​បំពេញ​ឧស្ម័ន សម្រាប់​ការ​បញ្ជូន​ឧស្ម័ន​រាវ ដែល​អាច​ផ្ទុក​បាន​ដល់​ទៅ ៦៥​ម៉ឺន​តោន នៃ​ផលិតផល​ប្រចាំឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ