ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ នឹងធ្វើអន្តរាគមន៍លើទីផ្សារ​ប្តូរប្រាក់ នៅកម្ពុជា​

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់​ដុល្លារអាមេរិក ចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀប​នឹង​ដុល្លារអាមេរិក…

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់​ដុល្លារអាមេរិក ចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀប​នឹង​ដុល្លារអាមេរិក បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ​។ ទន្ទឹមនេះ ដោយពិនិត្យ​ឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍ​នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹង​បន្តគ្រប់​គ្រង​​សម្ពាធ​លើអត្រាប្តូរប្រាក់បន្ថែមទៀត។

សេចក្តីប្រកាសបន្តថា ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើអន្តរាគមន៍តាមការ​ចាំ​បាច់ រហូតដល់​អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់​ប្រាក់រៀល និងរួមចំណែកគាំទ្រ​ការបន្តងើបឡើងនៃសេដ្ឋកិច្ច​កម្ពុជា ក្រោយវិបត្តិ​ជំងឺកូវីដ១៩​។

សេចក្តីប្រកាស បន្ថែមថា ការធ្វើអន្តរាគមន៍​ គ្រោង​នឹងធ្វើឡើង ចំនួន ២ដង ក្នុង ១សប្តាហ៍ ( ថ្ងៃពុធ និងថ្ងៃសុក្រ ) សម្រាប់រយៈពេល ៤សប្តាហ៍តទៅមុខទៀត។​

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអញ្ជើញដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ មកដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន ៥០លាន​ដុល្លារអាមេរិក​។ ការបញ្ចេញប្រាក់ដុល្លារនេះ គឺជាការធ្វើអន្តរាគមន៍របស់ធនាគារជាតិ ដើម្បីរក្សាស្ថេរភាព​ប្រាក់រៀល​។

​សេចក្តីជូនដំណឹងរបស់​ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីកាលបរិច្ឆេទកំណត់ ចំនួន ៤ដង ដោយការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក លើកទី១ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០​លានដុល្លារអាមេរិក។ លើកទី២ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥លាន ដុល្លារ​អាមេរិក។ លើកទី៣ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០លានដុល្លារ។ លើកទី៤ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥លានដុល្លារអាមេរិក។

ធនាគារជាតិ​នៃ​កម្ពុជា មិនបាន​បញ្ជាក់​​ពី​មូលហេតុ​ នៃការដាក់ឱ្យ​ដេញថ្លៃប្រាក់​ដុល្លារ​អាមេរិក ចំនួន ៥០លានដុល្លារអាមេរិក ​នាពេល​នេះ​ទេ។ ប៉ុន្តែ​ការប្រកាសនេះ ​បាន​ធ្វើឡើង ​បន្ទាប់ពី​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ប្រាក់រៀល​ បាន​ធ្លាក់​ថ្លៃ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

​​​ការដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិកនាពេលនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ លើកឡោះងថា ទំនងជា​ធ្វើឡើង ​ក្នុង​គោលបំណង ដើម្បី​ស្រូបយក​ប្រាក់រៀល និង​ដើម្បី​រក្សា​​អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ