រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីតាំង ចំនួន ៣កន្លែង នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨និង០០នាទីយប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង១៨និង០០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម ៖
១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
២៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
៣៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕


ចែករំលែកព័តមាននេះ